ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បញ្ចេញប្រាក់ដុល្លារអាម៉េរិកអស់១៤០លាន ដើម្បីរក្សាតម្លៃប្រាក់រៀល ក្នុងឆ្នាំ២០២៣
31, Dec 2023 , 10:59 am        
រូបភាព
លោកស្រី ជា សិរិ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ជាមួយនឹងរូបប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀលនៅក្នុងរង្វង់
លោកស្រី ជា សិរិ ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) ជាមួយនឹងរូបប្រាក់ដុល្លារអាម៉េរិក និងប្រាក់រៀលនៅក្នុងរង្វង់
សម្រាប់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា(NBC) បានធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្តូរប្រាក់​ ដោយបញ្ចេញប្រាក់ដុល្លារអាម៉េរិកអស់១៤០លានដុល្លារ  ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលក្នុងទីផ្សារ។​ ​ប្រាក់ដុល្លារទាំងនេះ ត្រូវបានធនាគារជាតិបញ្ចេញជាដំណាក់កាលតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់ទាំងអស់នៅកម្ពុជា។​

 
ប្រាក់ដុល្លារអាម៉េរិក ដែលធនាគារជាតិនៃកម្ពុជាដាក់ឱ្យដេញថ្លៃ​ប្រចាំឆ្នាំ២០២៣ គឺមានចំនួន១២លើក។ ក្នុងនោះមាន៖
 
១. នៅថ្ងៃទី៦កញ្ញា​ ធនាគារជាតិបានបញ្ចេញប្រាក់១០លានដុល្លារ ដោយមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៦ ចូលរួមដេញថ្លៃ។ អត្រាទាបដែលដេញថ្លៃឈ្នះ ៤ ១៥០រៀលក្នុងមួយដុល្លារ។
 
២. ថ្ងៃទី៨កញ្ញា ធនាគារជាតិបញ្ចេញប្រាក់៤,១លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៥​ ចូលរួមដែញថ្លៃ ក្នុងអត្រាអប្បបរិមាដេញថ្លៃឈ្នះ ៤ ១៣៥រៀលក្នុងមួយដុល្លារ។
 
៣.​ ថ្ងៃទី១៣ កញ្ញា ធនាគារជាតិ បានបញ្ចេញប្រាក់១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៨ ចូលរួមដេញថ្លៃ ក្នុងអត្រាអប្បបរិមាដេញថ្លៃឈ្នះ ៤ ១០០រៀលក្នុងមួយដុល្លារ។
 
៤. ថ្ងៃទី១៥កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ២៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៣ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៣រៀលក្នុងមួយដុល្លារ។ 
 
៥. ថ្ងៃទី២០កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៤ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៣រៀលក្នុងមួយដុល្លារ។
 
៦. ថ្ងៃទី២២កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៥ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៦រៀលក្នុងមួយដុល្លារ។
 
៧. ថ្ងៃទី២៧កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៤ ចូលរួមដេញថ្លៃ។ អត្រាដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១១៨រៀលក្នុងមួយដុល្លារ។
 
៨. ថ្ងៃទី២៩កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១២ ចូលរួមដេញថ្លៃ។ អត្រាដែលដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១២៣រៀលក្នុងមួយដុល្លារ។
 
៩. ថ្ងៃទី៤តុលា​ ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១១ ចូលរួមដេញថ្លៃ។ អត្រាដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១២៧រៀលក្នុងមួយដុល្លារ។
 
១០. ថ្ងៃទី៦តុលា​ ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ។ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១២ ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣០រៀលក្នុងមួយដុល្លារ។
 
១១. ថ្ងៃទី១០តុលា​ ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ។ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៣ ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣១រៀលក្នុងមួយដុល្លារ។
 
១២. ថ្ងៃទី១២តុលា​ ធនាគារជាតិ​ បញ្ចេញប្រាក់ ១០លានដុល្លារ។ មាន ៩គ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣១រៀលក្នុងមួយដុល្លារ។
 
ការបញ្ចេញសាច់ប្រាក់ទាំងនេះ ជាវិធានការមួយក្នុងចំណោមវិធានការឯទៀត របស់ធនាគារជាតិ ក្នុងការអនុវត្តនូវគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាតុល្យភាពអត្រាប្តូរប្រាក់នៅកម្ពុជា។​ គ្រានោះ ធនាគារជាតិសម្រេចអនុវត្តវិធាននេះ ក៏ព្រោះតែប្រាក់រៀលបានធ្លាក់ថ្លៃ ជាបន្តបន្ទាប់ ដោយសារកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។  ដូច្នេះហើយ​ បានជាធនាគារជាតិ សម្រេចធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្រាក់ ដោយធ្វើយ៉ាងណារក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។​
 
ធនាគារជាតិ តែងតែអនុវត្តជាប្រចាំនូវវិធានខាងលើ នៅពេលដែលពិនិត្យឃើញស្ថានភាពទីផ្សារអត្រាប្តូរប្រាក់បញ្ហា​(ប្រាក់រៀលធ្លាក់ថ្លៃ ធៀបនឹងរូបិយប័ណ្ណបរទេស​ ជាពិសេសគឺប្រាក់ដុល្លារអាម៉េរិក)។ តួយ៉ាង  កាលឆ្នាំ២០២១ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន ៥៥៤,២លានដុល្លារ ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀលនៅលើទីផ្សារ។ ដោយឡែក ក្នុងឆ្នាំ២០២២​ ធនាគារជាតិ មិនបានបញ្ចេញប្រាក់ដុល្លារ ឬធ្វើអន្តាគមន៍ក្នុងទីផ្សារប្តូរប្រាក់ឡើយ។ 
 
រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣ ទើបធនាគារជាតិ ធ្វើអន្តាគមន៍ក្នុងទីផ្សារនេះ ព្រោះតែប្រាក់ដុល្លារអាម៉េរិក បន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ៕ 
 

Tag:
 ប្រាក់រៀល
  ហិរញ្ញវត្ថុ
  ធនាគារជាតិនៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com