ជាតិ
សេដ្ឋកិច្ច
លោក សន សៀប៖ វិស័យអចលនទ្រព្យកម្ពុជា នឹងរើបឡើងវិញ ក្នុងឆ្នាំ២០២៤​
01, Jan 2024 , 2:05 pm        
រូបភាព
លោក សន សៀប អ្នកជំនាញអចលនទ្រព្យ និង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)
លោក សន សៀប អ្នកជំនាញអចលនទ្រព្យ និង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)
គិតត្រឹមដំណាច់ឆ្នាំ២០២៣ គឺមានរយៈពេល៣ឆ្នាំហើយ ដែលវិស័យអចលនទ្រព្យនៅកម្ពុជា បានជាប់គាំងដោយសារឥទ្ធិពលនៃជំងឺកូវីដ-១៩ រួមទាំងវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមពិភពលោក។ ត្បិតយ៉ាងនេះក្តី សម្រាប់លោក សន សៀប អ្នកជំនាញអចលនទ្រព្យ និង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  យល់ឃើញថា ឆ្នាំ២០២៤ ជាឆ្នាំដែលវិស័យអចលនទ្រព្យរបស់កម្ពុជា ចាប់ផ្តើមរើបឡើងវិញដោយមានស្ថិរភាព។

 
បើតាមលោក សន សៀប ការរើបឡើងវិញនៃវិស័យអចលនទ្រព្យរបស់កម្ពុជានេះ​ នឹងបន្តដល់ឆ្នាំ២០២៥​ និង២០២៦ ទៅតាមផ្នែកសំខាន់ៗមួយចំនួន ដូចជា ផ្នែកទិញលក់ផ្ទះ ខុនដូ  ការជួលឃ្លាំង និងជួលរោងចក្រជាដើម។ អ្វីដែលអ្នកជំនាញអចលនទ្រព្យលើកឡើងនេះ គឺផ្អែកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងភាពរីកចម្រើនជាងឆ្នាំ២០២៣ ​​តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។ 

ដើម្បីជ្រាបកាន់លម្អិតសូមស្តាប់សំឡេងលោក លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា  ដែលផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មីៗ៖ 

**audio1**
 
 
លោក សន សៀប និយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ «​នៅពេលដែលសេដ្ឋកិច្ចរីកចម្រើននោះ ប្រជាជននឹងមានចំណូលកើនឡើងដែរ។ ការណ៍នេះ ធ្វើឱ្យដំណើរការនៃការទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យ នឹងមានជាហូរហែមកវិញដែរ។ ក៏ប៉ុន្តែឱ្យមានចរន្តខ្លាំងដូចមុនវិបត្តិ[កូវីដ-១៩] គឺមិនទាន់នៅឡើយទេ»។ 
 
ទន្ទឹមនឹងការរើបឡើងវិញនៃវិស័យអចលនទ្រព្យ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រូបនេះ ក៏សម្លឹងឃើញឱកាសសម្រាប់អ្នកវិនិយោគក្នុងការទិញអចលនទ្រព្យនានា ស្ថិតនៅទីតាំងល្អ ក្នុងតម្លៃទាបដែរ។ សម្រាប់​ លោក សន សៀប វិស័យអចលនទ្រព្យរបស់កម្ពុជា ​នៅមានសក្កានុពលធំ​ទៀត​​ ក្រោយឆ្លងផុតពីវិបត្តិសាកល។ 
 
«បើយើងមើលពីការអភិវឌ្ឍទីក្រុងរបស់យើង គឺនៅសល់ឱកាសធំ!។ ព្រោះយើងជាទីក្រុងមួយដែលតូចមានប្រជាជនត្រឹមជាង២លាននាក់ ធៀបនឹងទីក្រុងប្រទេសជិតខាងយើង គឺគេមានប្រជាជនឡើងដល់៦-៧លាននាក់អស់ហើយ។ ដូច្នេះ! ខ្ញុំគិតថា ពី២លានឡើងទៅដល់៤លាននាក់ វានៅសល់ការអភិវឌ្ឍច្រើនឆ្នាំទៀត»។ លោក សន សៀម​ បានបញ្ជាក់ថា  កម្ពុជានៅសល់ឱកាសយ៉ាងតិចក៏២០ ទៅ៣០ឆ្នាំទៀត ក្នុងការវិនិយោគលើការអភិវឌ្ឍវិស័យអចលនទ្រព្យ៕ 
 

Tag:
 អចលនទ្រព្យ
  លោក សន​ សៀប
© រក្សាសិទ្ធិដោយ thmeythmey.com