ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានទុនវិនិយោគជិត៥០០០លានដុល្លារ ក្នុងឆ្នាំ២០២៣​
03, Jan 2024 , 9:59 pm        
រូបភាព
រូបតំណាង៖ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិតត្រូវបានបើកការដ្ឋាននាថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៣ ក្រោមទុនវិនិយោគ១៤០០លានដុល្លារ ពីប្រទេសចិន។រូបថត៖ ក្រសួងសាធារណការ
រូបតំណាង៖ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិតត្រូវបានបើកការដ្ឋាននាថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៣ ក្រោមទុនវិនិយោគ១៤០០លានដុល្លារ ពីប្រទេសចិន។រូបថត៖ ក្រសួងសាធារណការ
ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន២៦៨គម្រោង ដែលទំហំទុនប្រមាណ៤,៩ លានដុល្លារអាម៉េរិក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី៣ មករា ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន៧១គម្រោង នៅតំបន់សេដ្ឋកិច្ចពិសេស។ ​

 
CDC បានបញ្ជាក់ថា គម្រោងវិនិយោគទាំង២៦៨គម្រោង ដែលមានទុនជិត៥០០០លានដុល្លារនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានរហូតដល់ ៣០៧ ០០០កន្លែង។​ បើតាមCDC គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មរួមចំណែកដល់ទៅ៩២ភាគរយ ​នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦ភាគរយបានមកពីវិស័យនេះ។ រីឯ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមាន ២,៦ភាគរយនៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកប្រមាណ ៤៤ភាគរយ នៃទុនវិនិយោគសរុប។
 
« ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់២២ភាគរយ  ធៀបនឹងឆ្នាំ២០២២»។ នេះបើតាមCDC ដោយបានបង្ហាញថា វិស័យកសិកម្ម និងកសិឧស្សាហកម្ម ទទួលបានទុនវិនិយោគ១០៩លានដុល្លារ, វិស័យឧស្សាហកម្ម ទទួលបានទុនវិនិយោគ ១៦៦,៨លានដុល្លារ។
 
រីឯ វិស័យទេសចរណ៍ គឺកម្ពុជាទទួលបានគម្រោងវិនិយោគលើការអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍លើកោះទទឹង ស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទំហំទុន ៣៧លានដុល្លារ។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ កម្ពុជាទទួលបានទុនវិនិយោគចំនួន ២ ៣៨២លានដុល្លារ។​
 
រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ភាគច្រើន មានប្រភពមកពីប្រទេសចិន និង ក្នុងស្រុក ដោយបានរួមចំណែកជិត ៩០ភាគរយនៃទុនវិនិយោគសរុប។ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ កណ្តាល តាកែវ និងនៅតាមបណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕ 

Tag:
 ទុនវិនិយោគ
  CDC
© រក្សាសិទ្ធិដោយ thmeythmey.com