ជាតិ
ទេសចរហោះឆ្លងទ្វីប ដើម្បីមកបានឃើញការធ្វើប្រហុកអ្នកបាត់ដំបង
05, Jan 2024 , 9:09 am        
រូបភាព
ទេសចរបរទេសកំពុងមើលការធ្វើប្រហុក នៅផ្សារប្រហុក នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ទេសចរបរទេសកំពុងមើលការធ្វើប្រហុក នៅផ្សារប្រហុក នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បាត់ដំបង៖ «ផ្សារប្រហុក» ជាជង្រុកផលិត និងចែកចាយប្រហុក ផ្អក ត្រីងៀត ដ៏ធំជាងគេក្នុងខេត្តបាត់ដំបង ស្ថិតក្នុងស្រុកឯកភ្នំ។ មិនត្រឹមតែជាកន្លែងផលិតឡើយ បច្ចុប្បន្នទីតាំងមួយនេះ ក្លាយជាគោលដៅទេសចរណ៍មួយ សម្រាប់ជនបរទេស ដែលចង់ឃើញពីការរស់នៅ និងរបៀបនៃការកែច្នៃផលនេសាទ។

 
ស្ថិតនៅត្រើយខាងលិច នៃដងស្ទឹងសង្កែ ស្រុកឯកភ្នំ «ផ្សារប្រហុក» ត្រូវបានគេស្គាល់ថា ជាកន្លែងកែច្នៃ និងចែកចាយ ប្រហុក ផ្អក ម៉ាំ  ត្រីងៀត ធំជាងគេក្នុងខេត្តបាត់ដំបង។ ផលិតផលកែច្នៃទាំងនេះ បានបោះដុំទៅកាន់ឈ្មួញក្នុងខេត្ត និងតាមបណ្ដាខេត្តនានាជុំវិញបាត់ដំបង។ 
 
រៀងរាល់ពេលអ្នកធ្វើដំណើរឆ្លងកាត់ទីនេះ ក្លិនស្អុយនៃប្រហុក ជាអត្តសញ្ញាណមួយ ដែលអាចឱ្យគេដឹងថាពួកគេបានមកដល់ «ផ្សារប្រហុក»ហើយ។ ត្រីរ៉ស់ ត្រីរៀល ត្រីកំភ្លាញ ត្រីក្រាញ់ ជាច្រើនម៉ឺនក្បាល ត្រូវបានគេប្រឡាក់អំបិល ផ្សំគ្រឿង កែច្នៃ ជាប្រហុក ផ្អក់ ផ្ទុកក្នុងធុងជ័រធំតូច ក្រោមដំបូលតូបប្រក់ស័ង្កសីជាច្រើន ធ្វើជាប់តៗគ្នាពីមួយទៅមួយ ប្រមាណ៥០តូប។ 
  
មានចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងបាត់ដំបង ស្ថិតជាប់ដងស្ទឹងសង្កែ ត្រើយខាងលិច ក្នុងមូលដ្ឋានភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជាកន្លែងកែច្នៃ មានក្លិនស្អុយប្រហុក តែបច្ចុប្បន្នកន្លែងមួយនេះ បានក្លាយជាគោលដៅទេសចរណ៍មួយ ក្នុងស្រុកឯកភ្នំ។ ក្លិនប្រហុកនេះ បានល្បីដល់ទេសចរបរទេស ឱ្យហោះហើរឆ្លងទ្វីប មកស្រង់ក្លិន មកបានឃើញ ពីទិដ្ឋភាពនៃការរស់នៅរបស់ប្រជាជននៅទីនេះ ជាពិសេសរបៀបនៃការផលិតប្រហុក ផ្អក ដែលជាអាហារពេញនិយមនៅកម្ពុជា។ 
 
អ្នកស្រី Maggy និងស្វាមីរបស់អ្នកស្រី លោក Sebastihn ជាទេសចរ២រូប ក្នុងចំណោមទេសចរដទៃទៀត ដែលបានមកទស្សនាកន្លែងកែច្នៃត្រីមួយនេះ។ គូស្នេហាមួយនេះ ធ្វើដំណើរពីកោះ New Calenia ដែលជាដែនដីនាយសមុទ្ររបស់ប្រទេសបារាំង ស្ថិតនៅទ្វីបអូសេអានី។ 
 
គូស្វាមីមួយគូនេះ និយាយដូចគ្នាថា មូលហេតុដែលពួកគេមក «ផ្សារប្រហុក»នេះ ព្រោះពួកគេទាំងទ្វេចង់ឃើញពីការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅស្រុកឯកភ្នំផង និងជាពិសេសគឺរបៀបនៃការកែច្នៃផលត្រី ទៅជាប្រហុក ផ្អក ជាដើម ដែលពួកគេមិនដែលបានឃើញសោះឡើយ នៅឯប្រទេសខ្លួន។ 
  
 ត្រីប្រហុក ដែលត្រូវបានប្រឡាក់អំបិល ក្នុងផ្សារប្រហុក។ 

អ្នកស្រី maggy  រួមនឹងលោក Sebastihn ក៏មានការភ្ញាក់ផ្អើលផងដែរ ពីរបៀបដែលប្រជាជនខ្មែរ រក្សាផលិតផលត្រី ដោយមិនប្រើប្រាស់សារធាតុជួយរក្សាសាច់ ក្រៅពីអំបិល ឬទូរទឹកកក ទៅជាប្រភេទអាហារកែច្នៃផ្សេងៗជាច្រើនមុខ។ ដោយមានវប្បធម៌ ការរស់នៅ និងការហូបចុកខុសពីកម្ពុជា ពួកគេទាំង២ថា នឹងមិនសាកល្បងភ្លក់រសជាតិប្រហុក ឬផ្អកនេះនោះឡើយ ដោយសារតែក្លិនស្អុយ នៃប្រហុកទាំងនេះ។ 
 
រួមដំណើរជាមួយអ្នកទាំង២នេះ គឺមានលោក បូរ សុភា ដែលជាមគ្គុទេសក៍ទេសចរណ៍ភាសាបារាំង និងអង់គ្លេស។ លោក បូរ សុភា ថា «ផ្សារប្រហុក» ជាកន្លែងមួយដែលជនបរទេសមកកាន់ខេត្តបាត់ដំបង តែងចង់ឃើញ ហើយពួកគេក៏លាន់មាត់ភ្ញាក់ផ្អើល ពីរបៀបដែលប្រជាជនទីនេះផលិតប្រហុក ផ្អក និងផលិតផលច្នៃផ្សេងៗពីសាច់ត្រី។ 
  
 លោក បូរ សុភា មគ្គទេសក៍(ឆ្វេង)  លោក Sebastihn និងអ្នកស្រី Maggy។ 

សម្រាប់លោក សុភា នៅស្រុកឯកភ្នំ មិនត្រឹមតែផ្សារប្រហុកតែមួយទេ ដែលទេសចរមកទស្សនា គឺមានកន្លែងផ្សេងៗទៀត ដូចជាការធ្វើក្រឡាន សំបកណែម វត្តឯកភ្នំ ប្រាសាទឯកភ្នំ​ ជាដើម។ ក្រៅពីស្រុកឯកភ្នំ ទេសចរបរទេស ក៏នឹងទៅទស្សនាទីតាំងដទៃ ជាពិសេសគឺភ្នំសំពៅ។ 
 
ក្រៅពីមានមគ្គុទេសក៍នាំផ្លូវដើរកម្សាន្ត ទេសចរបរទេសខ្លះ ក៏មកទស្សនាផ្សារប្រហុកនេះ ដោយខ្លួនឯងផងដែរ ដោយធ្វើដំណើរដោយជិះកង់ជាក្រុមៗ ឯខ្លះក៏ជិះកង់បីជាដើម។ 
លោក ប៉េង អាង អ្នករត់កង់បីដឹកភ្ញៀវទេសចរប្រមាណ១៧ឆ្នាំមកហើយ រស់នៅក្រុងបាត់ដំបង។ លោក ប៉េងអាង តែងជូនភ្ញៀវបរទេសជាហូរហែដែរ មកកាន់ «ផ្សារប្រហុក»នេះ។ លោកលើកឡើងថា ភ្ញៀវភាគច្រើន ដែលជួលគាត់ដឹកមក គឺជាបរទេស។ 
  
លោក ប៉េង អាង អ្នករត់កង់បីដឹកភ្ញៀវទេសចរ ក្នុងក្រុងបាត់ដំបង។ 

លោកនិយាយថា៖ «ខ្ញុំដឹកមកផ្សារប្រហុកនេះញឹក ភាគច្រើនជាភ្ញៀវទេសចរបរទេស គាត់ចង់ដឹងពីខេត្តបាត់ដំបង គេធ្វើប្រហុករបៀបម៉េច ធ្វើត្រីឆ្អើររបៀបម៉េច និយាយទៅគាត់ចង់ដឹងថា ត្រីគេយកធ្វើអ្វីខ្លះបាន»។ លោកបន្តទៀតថា សកម្មភាពការកែច្នៃត្រីនេះ ពិតជាទាក់ភ្នែកអ្នកទេសចរ បើទោះបីជានៅទីនេះ មានក្លិនស្អុយប្រហុកក៏ដោយ។ 
 
សម្រាប់លោក ប៉េង អាង មិនមែនគ្រប់ទេសចរបរទេសទាំងអស់ អាចមកទស្សនានៅទីតាំងនេះ នោះឡើយ ពោលគឺផ្អែកលើសុខភាពរបស់ ថាតើពួកគេអាឡែកស៊ី លើក្លិនប្រហុកឬទេ? ដូច្នេះក្នុងនាមលោកជាអ្នកផ្ដល់សេវាទេសចរណ៍ លោកតែងតែសួរនាំភ្ញៀវ ពីបញ្ហាសុខភាពមុននាំពួកគេមកកាន់ទីនេះ។  
 
ងាកមកចាប់អារម្មណ៍សកម្មភាពមាមាញឹករបស់អ្នកផលិតវិញ នៅក្រោមដំបូលតូបប្រក់សង្ក័សី ដែលអាចឱ្យយើងដឹងថា ពួកគាត់កំពុងលាយគ្រឿងផ្សំ ឬអំបិល ដើម្បីកែច្នៃសាច់ត្រីច្រើនប្រភេទ ត្រៀមសម្រាប់ឈ្នួញមកទទួលផលិតផលត្រីទាំងនេះនាពេលឆាប់ៗខាងមុខ។ 
 
លោក យឹម ឈីលាង អាជីវករនៅផ្សារប្រហុក ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ 

លោក យឹម ឈីលាង ជាអ្នកមើលខុសត្រូវនៅតូបមួយ នៃផ្សារប្រហុកនេះ ជំនួសឱពុកម្ដាយម្ដងម្កាល។ តូបរបស់លោក បានបើកមកប្រហែល២០ ឬ៣០ឆ្នាំមកហើយ។ លោកបញ្ជាក់ថា «ផ្សារប្រហុក» មិនមែនជាកន្លែងលក់ផលិតផលកែច្នៃសម្រេចឡើយ ពោលគឺកន្លែងវះ សម្អាតត្រី និងប្រឡាក់អំបិល រក្សាសាច់ត្រីប៉ុណ្ណោះ។ 
 
លោកពន្យល់ថា៖ «ភាគច្រើនម៉ូយកម្ម៉ុងទៅតាមខេត្ត តាមស្រុក។ នៅនេះយើងប្រឡាក់អំបិលទុកឱ្យបានយូរទេ ផ្អាប់ទុកក្នុងទឹកអំបិល បើគាត់យកទៅយកទៅលាងទឹក ដាក់គ្រឿង ដាក់ស្ករ អ៊ីចឹងទៅ»។ ជាមធ្យមក្នុងមួយថ្ងៃ លោកអាចនាំចេញសាច់ត្រីកែច្នៃដូចជាប្រហុក ផ្អក ជាដើមនោះជុំវិញ ១តោន តាមបរិមាណជាក់ស្ដែងដែលឈ្មួញបញ្ជាទិញ។ 
  
 សាច់ត្រីកែច្នៃ ទុកក្នុងធុងជ័រ។ 

សម្រាប់លោក ឈីលាង លោកតែងឃើញទេសចរមកកាន់ផ្សារប្រហុកនេះជារឿយៗ។ ថ្ងៃខ្លះលោកអាចឃើញទេសចរមកប្រហែល១០០នាក់ តែលោកមិនដឹងមិនគោលបំណងជាក់លាក់របស់ពួកគេឡើយ។ លោករៀបរាប់ថា៖ «គាត់មកដែរ តែមិនដឹងគាត់មកគោលបំណងអី អត់ដឹងដែរ។ គាត់មកមើល មកថត គាត់និយាយជាមួយ guide (មគ្គទេសក៍) របស់គាត់។ guide គាត់ពន្យល់ថាប្រហុកនេះ ម៉េចៗចឹងទៅ»។ 
 
សម្រាប់លោក ឈីលាង ឬម្ចាស់តូបឯទៀត មិនបានទទួលផលប្រយោជន៍អ្វីពីទេសចរដែលមកផ្សារនេះនោះឡើយ ពោលគឺបានកម្រៃតែពីការលក់ផលិតផលត្រីកែច្នៃរបស់ខ្លួនប៉ុណ្ណោះ។ 
 
គួរជម្រាបផងដែរថា «ផ្សារប្រហុក» នេះ មានចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងបាត់ដំបង ស្ថិតជាប់ដងស្ទឹងសង្កែ ត្រើយខាងលិច ក្នុងមូលដ្ឋានភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។ នៅទីនេះ មិនមានការបង់ប្រាក់អ្វីឡើយ ពេលទេសចរទៅទស្សនា៕ 

Tag:
 ThmeyThmey
  ផ្សារប្រហុក
  បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com