ជាតិ
សេដ្ឋកិច្ច
រដ្ឋត្រៀមចំណាយ៧៧លានដុល្លារ លើការអភិវឌ្ឍវិស័យកសិកម្ម ក្នុងឆ្នាំ២០២៤
05, Jan 2024 , 11:29 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម ជួយភ្ជូរដីស្រែកសិករ​នាពេលកន្លងមក។ រូបថត៖ Dith Tina
លោក ឌិត ទីណា រដ្ឋមន្ត្រីកសិកម្ម ជួយភ្ជូរដីស្រែកសិករ​នាពេលកន្លងមក។ រូបថត៖ Dith Tina
សម្រាប់ឆ្នាំ២០២៤ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​​លើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន ៣១៦ ៣៥៣លានរៀល(ប្រមាណ៧៧លានដុល្លារអាម៉េរិក)។ នេះជាចំណាយចរន្ត ដោយក្នុងនោះ មាន៥៥,៥លានដុល្លារ ជាចំណាយផ្តោតលើការគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។

 
របាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្មវិធីគ្រប់គ្រងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងកសិកម្មដែលមានទំហំចំណាយដល់ជាង៥៥លានដុល្លារនោះ គឺសម្រាប់កសាងផែនការ គោលនយោបាយ និងប្រព័ន្ធស្ថិតិកសិកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព, ពង្រឹងការគ្រប់គ្រងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសវនកម្មផ្ទៃក្នុង។​ 
 
ទំហំថវិកានេះ​ ក៏ប្រើសម្រាប់បង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារសហប្រតិបតិ្តការអន្តរជាតិ, ពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យកសិកម្ម, ពង្រឹងគាំទ្រសេវារដ្ឋបាល,  ការបង្កើនប្រសិទ្ធភាពការងារអធិការកិច្ច, ការរៀបចំបង្កើត គ្រប់គ្រង និងជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល។

ប្រើសម្រាប់កែទម្រង់គុណភាពអប់រំ និងស្រាវជ្រាវកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម, លើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, ពង្រឹងគុណភាពប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មរបស់វិទ្យាស្ថានជាតិកសិកម្ម​កំពង់ចាម, ការលើកកម្ពស់ការងារផ្សព្វផ្សាយ កសិកម្ម និងការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សនៅរាជធានី-ខេត្ត។​
 
ចំពោះថវិកាជាង១១លានទៀតនៃកញ្ចប់ថវិកាសរុប៧៧លានដុល្លារ ដែលរដ្ឋាភិបាលចំណាយលើក្រសួង កសិកម្ម គឺផ្តោតលើការបង្កើនផលិតភាព ពិពិធកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច។ ក្នុងនោះ មានការបង្កើនផលិតភាពដំណាំមានសក្តានុពល និងការនាំចេញ, ការសិក្សា និងវាយតម្លៃប្រភេទពូជដំណាំ និងបច្ចេកទេសផលិតកម្មដំណាំ, ការពង្រឹងសមត្ថភាពស្ថាប័ន និងការផ្តល់សេវាគាំទ្រ, ការលើកកម្ពស់ និងពង្រីកខ្សែច្រវាក់តម្លៃកៅស៊ូ, លើកកម្ពស់គុណភាពពិសោធន៍ និងស្រាវជ្រាវកៅស៊ូ, ការអភិវឌ្ឍកសិ-ឧស្សាហកម្ម, ការស្រាវជ្រាវដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចនៃដំណាំស្បៀង និងការជំរុញផលិតកម្មដំណាំកសិកម្ម និងកសិ-ធុរកិច្ច នៅគ្រប់រាជធានី-ខេត្ត។​
 
ជាមួយគ្នានេះ រដ្ឋាភិបាលបានចំណាយលើកម្មវិធីលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វចំនួន៣,៥លានដុល្លារ, កម្មវិធីគ្រប់គ្រងធនធានជលផល​ និងការអភិវឌ្ឍវារីវប្បកម្មជិត៤លានដុល្លារ រួមទាំងកម្មវិធីគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ប្រមាណ៣,៣លានដុល្លារ។ 
 
សម្រាប់ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានចំណាយបន្ថែម​លើវិស័យកសិកម្មចំនួន៤លានដុល្លារទៀត​ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅតាមឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស។ រដ្ឋាភិបាលធ្វើបែបនេះ គឺដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយផលិតកម្មរបស់ខ្លួន និងការរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទ៕ 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com