ជាតិ
សេដ្ឋកិច្ច
ការប្រមូលពន្ធលើចំណេញមូលធន ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវពន្យារដល់ដំណាច់ឆ្នាំ២០២៤
12, Jan 2024 , 3:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។ រូបថត៖ MEF
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។ រូបថត៖ MEF
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី៤មករា។

 
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ​ បានបញ្ជាក់ថា ការពន្យារពេលអនុវត្តលើពន្ធចំណេញមូលធនគឺមានទាំង៦ប្រភេទ។ ក្នុងនោះមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស។
 
ដោយឡែក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលត្រូវព្យួរការអនុវត្តដល់ដំណាច់ឆ្នាំ២០២៤ដែរនោះ ក្រសួងសេដ្ឋកិច្ច នឹងចេញលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដោយបន្ធូរបន្ថយនូវលក្ខខណ្ឌ លើកលែងពន្ធនេះ សម្រាប់ការអនុវត្តពីឆ្នាំ២០២៥ តទៅ។ លក្ខខណ្ឌដីដែលត្រូវជាប់លើដីធ្លីមិនបានប្រើប្រាស់ គឺនៅក្រៅតំបន់ជាប់ពន្ធលើអចលនទ្រព្យ និងដីត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតាក្នុងដីមួយកន្លែង។ 
 
ចំពោះដីដែលមានទំហំលើស៥ហិកតា អាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់បាន លុះត្រាតែជាដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់, ជាដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ, ជាដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល។ ជាដីដែលជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល, ជាដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ជាដីធ្លីរបស់សហគមន៍, ជាដីកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយ សម្រាប់ប្រើប្រាស់ជាសកម្មភាព សេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ 
 
ជាដីស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម  និងជាដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើការងារក្នុងវិស័យដូចបានរៀបរាប់ខាងដើម។ 
 
លោក អូន ព័ន្ធមុនីរ័ត្ន បន្តរៀបរាប់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ៖« ក្នុងករណីដែលដីនេះត្រូវបានលក់ ឬមិន ត្រូវបានប្រើប្រាស់តាមគោលដៅខាងលើ ត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន។ រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ»។
 
ក្រៅពីពន្យារពេលក្នុងការប្រមូលពន្ធទាំង២ប្រភេទខាងលើហើយនោះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏សម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋាន(បុរី)គ្រប់ប្រភេទ តម្លៃក្រោមឬស្មើ៧ម៉ឺនដុល្លារអាម៉េរិក រហូតដល់ដំណាច់ឆ្នាំ២០២៤ ផងដែរ។ ​
 
ដោយឡែក ចំពោះម្ចាស់អចលនទ្រព្យមានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យកន្លងមក រដ្ឋមន្ត្រីសេដ្ឋកិច្ចអនុញ្ញាតឱ្យចុះបញ្ជី និងបង់ប្រាក់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ។ លើសនេះ ម្ចាស់អចលនទ្រព្យនឹងទទួលបានការពន្យារលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ បើសេចក្តីជូនដំណឹងដដែលរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ច៕ 

Tag:
 ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com