ជាតិ
សេដ្ឋកិច្ច
ទំហំនាំចេញស្រូវ-អង្ករកម្ពុជា មានជាង ១ ៧០០លានដុល្លារក្នុងឆ្នាំ២០២៣
06, Jan 2024 , 6:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទាំងចំណូល និង បរិមាណនៃការនាំចេញស្រូវ អង្ករឆ្នាំ២០២៣ មានកំណើនខ្ពស់ជាងឆ្នាំ២០២២។



យោងតាមទិន្ន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជាសម្រេច បាននាំចេញអង្ករប្រមាណ ៦៥៦ពាន់តោន កើនឡើង ៣ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៦១គោលដៅ។ បរិមាណនាំចេញ គិតជាទឹកប្រាក់មានចំនួន៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ ធៀបនឹងឆ្នាំ២០២២។

ទិន្ន័យដដែលបញ្ជាក់ថា អឺរ៉ុប និងចិន គឺជាទីផ្សារនាំចេញអង្ករដ៏សំខាន់សម្រាប់កម្ពុជា។ បរិមាណអង្ករចំនួន ២១២ ៧៥៦តោន ត្រូវបាននាំចេញទៅចិន និងតំបន់រដ្ឋបាលស្វយ័ត ដែលគិតជាទឹកប្រាក់ ១៣៨ លានដុល្លារ និងអង្ករប្រមាណ២៦៤ ៦៨៣តោន ស្មើនឹង ១៩១លានដុល្លារ ត្រូវបាននាំចេញទៅ ២៦ប្រទេស នៅតំបន់អឺរ៉ុប។ ក្រៅពីនេះក៏មានការនាំ ចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន៧ផងដែរ ក្នុងទំហំ៩៣ ៣៧៦តោន ស្មើនឹង ៦២ លានដុល្លារ ព្រមទាំងតំបន់អាហ្រ្វិក មជ្ឈឹមបូព៌ា និងប្រទេសផ្សេងៗទៀត មានចំនួន៨៥ ៥០៨តោន ស្មើនឹង៧៦លានដុល្លារ។

អង្ករដែលពេញនិយម និងនាំចេញច្រើនជាងគេ គឺគឺអង្ករក្រអូបគ្រប់ប្រភេទ ដែលមានរហូតដល់៦២ភាគរយ។ ក្រៅពីនេះ មានអង្ករសគ្រាប់វែង១២ភាគរយ, អង្ករចំហ៊ុយជាង ២ ភាគរយ, អង្ករសរីរាង្គ ២ភាគរយ រួមទាំងអង្ករដំណើប និងអង្ករសគ្រាប់ខ្លីមួយចំនួនផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៤ ៣៨៧ ៣៦៣ តោនដែរ កើនឡើង ២៧ភាគរយធៀបនឹងឆ្នាំ២០២២។ បរិមាណស្រូវដែលនាំចេញ គិតជាទឹកប្រាក់ មានចំនួន ១.៣២ ពាន់លានដុល្លារ កើនឡើង៥៦ភាគរយ ធៀបនឹងរយៈ ពេល ដូចគ្នាឆ្នាំ២០២២៕

Tag:
 សហព័ន្ធស្រូវអង្ករកម្ពុជា
  កសិកម្ម
  ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com