ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋខ្មែរម្នាក់ មានចំណូលមធ្យម ២ ០៧១ដុល្លារ ក្នុងឆ្នាំ២០២៤ រូបតំណាង៖ សកម្មភាពទិញ-លក់របស់ប្រជាពលរដ្ឋនៅផ្សារបឹងត្របែក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១មករា ឆ្នាំ២០២៤។
× តាមការព្យាករសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ នឹងងើបឡើងវិញក្នុងកំណើន៦,៦ភាគរយ។ ការណ៍នេះ ធ្វើឱ្យប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋខ្មែរម្នាក់ៗរំពឹងឡើងដល់ ២ ០៧១ដុល្លារ កើនជាង៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ មាន១ ៩១៧ដុល្លារ។ នេះបើតាមរបាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។
ឯកសារថវិកាសង្ខេបប្រចាំឆ្នាំ២០២៤ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៦ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស) បច្ចុប្បន្ន ស្ថិតនៅក្នុងរង្វង់ ១៤២ ៩៥៧ពាន់លានរៀល (ប្រមាណ ៣៥ ១៦៨លានដុល្លារអាម៉េរិក)។ ជាមួយគ្នានេះ ផ.ស.ស សម្រាប់មនុស្សម្នាក់ៗរំពឹងកើនដល់ ២ ០៧១ ដុល្លារ។
បើតាមលោកបណ្ឌិត ឆេង គីមឡុង អ្នកជំនាញសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ការព្យាករកំណើនប្រាក់ចំណូលរបស់ប្រជាជនខ្មែរនេះ គឺមានការអង្កេត និងសិក្សាច្បាស់លាស់ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលប្រជាជន។ លោកបានបញ្ជាក់ថា ការព្យាកររបស់រដ្ឋាភិបាលលើប្រាក់ចំណូលពលរដ្ឋជាមធ្យម២ ០៧១ដុល្លារសម្រាប់ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំងពីភាពក្លាវក្លាឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈប្រភពចំណូលក្នុងស្រុក ដែលបានពីការប្រមូលពន្ធដារ និងពន្ធគយ។
ក្រៅពីនេះ លោកបណ្ឌិតឆេង គីមឡុង សង្កេតឃើញសកម្មភាពវិនិយោគមួយចំនួនក្នុងស្រុក ក៏មានការកើនឡើង លើផ្នែកផលិតកម្មក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ផងដែរ។ « ជាពិសេស គឺយើងឃើញថា វិស័យឧស្សាហកម្មទេសចរណ៍បានងើបឡើងវិញ។ ចំនួនទេសចរដែលមកកម្ពុជា ក៏កើនឡើង។ ដូច្នេះហើយ! យើងឃើញថាស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចយើងនេះ ហាក់មានសន្ទុះកើនឡើងវិញដែលធ្វើឱ្យចំណូលពលរដ្ឋម្នាក់ៗជាមធ្យមក្នុងឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២០០០ដុល្លារ ដែលជាការព្យាកររបស់រដ្ឋាភិបាល»។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានរៀបរាប់បែបនេះមកកាន់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី៩មករា។
ជាមួយគ្នានេះ លោកបណ្ឌិតឆេង គីមឡុង មានសុទិដ្ឋិនិយមខ្ពស់ចំពោះការបោះជំហានទៅមុខនៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋកម្ពុជាកើនឡើងជាបន្តបន្ទាប់ ស្របទៅតាមចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
© រក្សាសិទ្ធិដោយ thmeythmey.com