ជាតិ
សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន៤៦,៨ពាន់លានដុល្លារ ធ្លាក់ជិត២% ក្នុងឆ្នាំ២០២៣
12, Jan 2024 , 7:39 pm        
រូបភាព
ទិដ្ឋភាព ឡានកុងតឺន័រដឹកជញ្ជូនចេញចូលកម្ពុជា-វៀតណាម តាមច្រកព្រំដែនបាវិតខេត្តស្វាយរៀង នាពេលកន្លងមក​
ទិដ្ឋភាព ឡានកុងតឺន័រដឹកជញ្ជូនចេញចូលកម្ពុជា-វៀតណាម តាមច្រកព្រំដែនបាវិតខេត្តស្វាយរៀង នាពេលកន្លងមក​
ក្នុងឆ្នាំ២០២៣ កម្ពុជា​សម្រេច​ទំហំពាណិជ្ជកម្ម​អន្តរជាតិ បានចំនួន​៤៦,៨ ​ពាន់លានដុល្លារ។ ទំហំនេះ គឺ​ធ្លាក់ ១,៩​ភាគរយ ​ធៀបនឹង​ឆ្នាំ២០២២ ​ដែលមានតម្លៃ​៤៧,៧ ​ពាន់លាន​ដុល្លារ​។ នេះបើយោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករកម្ពុជា​ ដែលបានបង្ហាញថា ក្នុងនោះ​ ការនាំចេញ​របស់​កម្ពុជាមានតម្លៃជិត២២ ៦៤៥លានដុល្លារ ​កើន​១,៨ភាគរយ។ រីឯការនាំចូលវិញ​ធ្លាក់៥​ភាគរយ។

 
របាយការណ៍ដដែលបានបញ្ជាក់ថា ផលិតផល​ឧស្សាហកម្ម​កាត់ដេរ​នៅតែ​ជា​ទំនិញ​នាំមុខ​គេ ក្នុងការ​នាំចេញដែលមានតម្លៃរហូតដល់ជិត៨០០០លានដុល្លារ ​ខណៈ​​អាម៉េរិក ចិន ​វៀតណាម ​ថៃ ​និង​ជប៉ុន ​ជាដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​របស់​កម្ពុជា​។ ក្រៅពីនេះ កម្ពុជាមានប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន១៥ឯទៀត ផងដែរ។ ក្នុងនោះ មានកាណាដា ឥណ្ឌូណេស៊ី អង់គ្លេស តៃវ៉ាន់ សិង្ហបុរី បារាំង និងកូរ៉េខាងត្បូង ជាដើម។ 
 
សម្រាប់ទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង ពោលប្រទេស​ថៃ គឺបានធ្លាក់ចុះ​ខ្លាំងទៅដល់​១៧ភាគរយ ។ ​ប៉ុន្តែ ទំហំពាណិជ្ជកម្មរបស់កម្ពុជានេះ បែរទៅកើន​ជាមួយ​វៀតណាម​ជាង​៧ភាគរយ បើធៀបនឹងកាល​ឆ្នាំ២០២២​។
 
ជាមួយគ្នានេះ ​មុខទំនិញ​សំខាន់ៗដែលកម្ពុជាបាន​ចេញទៅកាន់ទីផ្សាររបស់ប្រទេសខាងលើនោះមានវិស័យ​វាយនភណ្ឌ​ ជាវិស័យ​នាំមុខគេ​ក្នុងការ​នាំចេញ​ដែលមាន​ចំណូលខ្ពស់​នៅឆ្នាំ ​២០២៣​។ ​ក្រៅពីនេះ ​មានគ្រាប់ធញ្ញជាតិ​ ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី​ វត្ថុធ្វើអំពីស្បែក ​បរិកា្ខរធ្វើពី​រោមសត្វ ​ស្បែកជើង កៅស៊ូ ​និង​ផលិតផល​ធ្វើពីកៅស៊ូ​ បន្លែ និងផ្លែឈើស្រស់....។​
 
​ជុំវិញនៃទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា​ លោកបណ្ឌិត ហុង វណ្ណៈ មើលឃើញថា ការធ្លាក់ចុះនៃការចូលនាំរបស់កម្ពុជា​ គឺបណ្តាលមកពី​វិស័យលក់រាយ​ក្នុង​ស្រុកមាន​ភាពជាប់គាំង​។ ជាមួយគ្នានេះ កំណើន​ផលិតកម្ម​ក្នុងស្រុក ក៏​កំពុង​រុញឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផ្គត់​ផ្គត់​ទំនិញ​ឱ្យ​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន ផងដែរ។ លោក​បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ ៖ « ​ជញ្ជីង​ពា​​ណិ​ជ្ជ​កម្ម​អន្តរជាតិ​របស់កម្ពុជាដែល​ពីមុន​មាន​ឱន​​ភាពខ្លាំង​នោះ នឹង​អាច​ឈានទៅ​មាន​ឧត្តមភាព​វិញ​នាពេល​អនាគត​ឆាប់ៗ​»។ 
 
លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងបែបនេះ ក៏ព្រោះតែមើលឃើញពីគោលនយោបាយ​បើកចំហ លក្ខខណ្ឌ​អំណោយផល​ក្នុងស្រុក និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​ដៃគូ​ក្រោម​លក្ខ​​ខណ្ឌ​ពន្ធ ដែលកំពុង​រុញឱ្យ​សេដ្ឋកិច្ចកម្ពុជា​បោះជំហាន​ទៅមុខ​គួរឱ្យកត់សម្គាល់។ ពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ជួបនឹង​បញ្ហា​ជាច្រើន​ដូច​ពេលនេះ​។ 
 
បច្ចុប្បន្ន កម្ពុជា​កំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ប្រទេសកូរ៉េខាង និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយ​តំបន់(អាសិប) ដែលកំពុងជំរុញ​ឲ្យមានកំណើន​នាំចេញកាន់ទីផ្សារអន្តរជាតិ៕ 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com