សេដ្ឋកិច្ច
អន្តរជាតិ
ថៃអាចបង្កើនចំណូល ៤៤ភាគរយ ក្រោយ អនុញ្ញាតឱ្យភ្ញៀវកម្សាន្តដល់ម៉ោង ៤ទៀបភ្លឺ
13, Jan 2024 , 9:39 pm        
រូបភាព
ភ្ញៀវទេសចរកម្សាន្តលើវិថី Khaosan នៅទីក្រុងបាងកក។ រូបភាព ៖ SCMP
ភ្ញៀវទេសចរកម្សាន្តលើវិថី Khaosan នៅទីក្រុងបាងកក។ រូបភាព ៖ SCMP
ប្រាក់ចំណូលពីវិស័យទេសចរណ៍ថៃនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បានកើនឡើង ៤៤ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារ។ កំណើនចំណូលនេះ គឺដោយសារថៃបានអនុញ្ញាតឱ្យភ្ញៀវទេសចរអាចកម្សាន្តដល់ម៉ោង ៤ទៀបភ្លឺ នៅក្នុងក្លឹបកម្សាន្ត បារ ដែលនាំឱ្យភ្ញៀវចំណាយកាន់តែច្រើនជាងមុន។

 
ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យបារ ក្លឹបរាត្រី និងកន្លែងកម្សាន្តនានាបើករហូតដល់ម៉ោង ៤ទៀបភ្លឺដែលជំនួសឱ្យម៉ោង ២ទៀបភ្លឺកាលពីមុន។ ទីតាំងល្បីៗនៅខេត្ត ក្រុងចំនួន៥ រួមមាន បាងកក ភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ បានអនុវត្តគោលការណ៍នេះ។ យុទ្ធសាស្ត្រថ្មីនេះបានធ្វើឱ្យអ្នកទេសចររាប់ពាន់នាក់ស្នាក់នៅបានយូរ និងចំណាយកាន់តែច្រើន។​ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Watcharong ។ 
 
កាសែតជប៉ុន Nikkei Asia ដែលបានដកស្រង់ទិន្នន័យពីក្រសួងទេសចរណ៍ និងកីឡាថៃ បានចុផ្សាយថា ប្រទេសនេះទទួលបានចំណូល ៥៤,៤ពាន់លានបាត (១,៦ពាន់លានដុល្លារ) ពីវិស័យទេសចរណ៍កាលពីខែធ្នូ ដែលកើនចំនួន ៤៤ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ 
 
លោក Sanga Ruangwattanakul ប្រធានសមាគមធុរកិច្ចនៅតំបន់ផ្លូវ Khaosan ដែលជាកន្លែងកម្សាន្តពេលរាត្រីដ៏ល្បីល្បាញក្នុងទីក្រុងបាងកកបាននិយាយថា រដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មបើករហូតដល់ម៉ោង ៤ព្រឹក បានជួយដល់វិស័យទេសចរណ៍យ៉ាងខ្លាំងនៅចុងឆ្នាំនេះ។
 
ទន្ទឹមនេះ អភិបាលខេត្តភូកេត លោក Sophon Suwannarat បានលើកឡើងថា ទីប្រជុំជនមាត់សមុទ្រកាន់តែមានភាពរស់រវើក ហើយការកម្សាន្តពេលរាត្រីមានសភាពអ៊ូអរ ដោយសារការត្រលប់មកវិញរបស់ភ្ញៀវទេសចរ។ ភ្ញៀវប្រហែល ៥ម៉ឺននាក់បានមកដល់កោះនេះតាមជើងហោះហើរចំនួន ៣០០ជើងក្នុងមួយថ្ងៃ ជាពិសេសនាឱកាសបុណ្យចូលសកល។ 
 
ចំណែកនៅទីក្រុងប៉ាតាយ៉ាវិញ សណ្ឋាគារមានអត្រាស្នាក់នៅដល់ ៩០ភាគរយ ខណៈដែលភ្ញៀវទេសចរជាង ៣២ម៉ឺននាក់បានមកកម្សាន្តនៅថ្ងៃចូលឆ្នាំសកល និងពិធីជប់លៀងឆ្នាំថ្មី។ ពួកគេបានចំណាយប្រហែល ២,៦ពាន់លានបាត (៧៤២លានដុល្លារ) នៅក្នុងឱកាសនោះ។ អភិបាលក្រុង Poramet Ngampichet បានបញ្ជាក់ថា ការបើករហូតដល់ម៉ោង៤ ទៀបភ្លឺបានជួយបង្កើនប្រាក់ចំណូលនៅហាងស្រា និងកន្លែងកម្សាន្តដែលធ្វើឲ្យចំណូលកើនឡើង ៥០ភាគរយនៅចុងឆ្នាំ។
 
បើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ថៃ ការអនុញ្ញាតពន្យាពេលកម្សាន្តនៅពេលយប់បានជួយរក្សាសន្ទុះកំណើនវិស័យទេសចរណ៍ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន​ ដែលជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​យូរ​របស់​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូច​ជា ចិន និង​វៀតណាម។ ថៃរំពឹង​ថា ​គោលនយោបាយ​ថ្មី​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ចិន​កាន់តែច្រើន​។
 
មន្ត្រីនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ថៃគ្រោងនឹងទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនពីហុងកុង តៃវ៉ាន់ សិង្ហបុរី និងម៉ាឡេស៊ី ដើម្បីជំនួសសម្រាប់កង្វះខាតភ្ញៀវទេសចរប្រពៃណីមកពីចិនដីគោក។
 
គួរបញ្ជាក់ថា ថៃ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ដោយវាចូល​រួម​ចំណែក​ដល់​ ១៨ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ក្រោយ​ការ​រាលដាល​​ជំងឺកូវីដ-១៩ រដ្ឋាភិបាល​បាន​ដាក់​វិធានការ​ជា​ច្រើន​ដើម្បីឲ្យវិស័យនេះរស់​ឡើង​វិញ ដើម្បីគាំទ្រដល់អាជីវកម្ម​ទេសចរណ៍។ វិធានការចុងក្រោយ គឺការលើកលែងទិដ្ឋាការទ្វេភាគីរយៈពេលវែងជាមួយចិន។
 
នៅឆ្នាំ២០២៣ ថៃបានទទួលភ្ញៀវអន្តរជាតិចំនួន ២៨លាននាក់ ដល់គោលដៅដែលបានកំណត់។ ទីផ្សារទេសចរណ៍ធំៗចំនួនប្រាំទៅកាន់ថៃមាន ម៉ាឡេស៊ី (៤,៤លាននាក់) ចិន (៣,៤លាននាក់) កូរ៉េខាងត្បូង (១,៦លាននាក់) ឥណ្ឌា (១,៥លាននាក់) និងរុស្ស៊ី (១,៤លាននាក់) ។ យ៉ាងណា ចំនួន ២៨លាននាក់នេះ នៅតែទាបជាងចំនួនភ្ញៀវអន្តរជាតិ ៣៩,៨លាននាក់កាលពីឆ្នាំ ២០១៩៕ 
 

Tag:
 ទេសចរណ៍
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com