សេដ្ឋកិច្ច
អន្តរជាតិ
ចិន​អាច​​បាត់​តំណែង​ជា​ប្រទេស​នាំ​ចេញ​ធំជាងគេ​ទៅកាន់ទីផ្សារអាម៉េរិក
13, Jan 2024 , 8:39 pm        
រូបភាព
កប៉ាល់ដឹកទំនិញចាកចេញពីកំពង់ផែមួយក្នុងទីក្រុង Haikou ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ។ រូបភ
កប៉ាល់ដឹកទំនិញចាកចេញពីកំពង់ផែមួយក្នុងទីក្រុង Haikou ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ។ រូបភ
ការនាំចេញទំនិញរបស់ចិនមានត្រឹមតែ ១៣,៩ភាគរយប៉ុណ្ណោះទៅកាន់ទីផ្សារអាម៉េរិក ដែលនេះជាសមាមាត្រទាបបំផុតចាប់តាំងពីឆ្នាំ ២០០៤។ ម៉ិកស៊ិកអាចក្លាយជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកដោយមានអត្រា ១៥ភាគរយក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។

 
ចិនអាចនឹងបាត់បង់តំណែងរបស់ខ្លួនជាអ្នកនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកនៅឆ្នាំ២០២៣ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៦ ដោយសារការខ្វែងគំនិតគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ។
 
យោង​តាម​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម​​អាម៉េរិក​ក្នុង​សប្តាហ៍​នេះ ការ​នាំ​ចូល​ទំនិញ​របស់​ចិន​ពី​អាម៉េរិក​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ ២០២៣ បាន​ធ្លាក់​ចុះ​ជាង ២០ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
 
ចំណែកការនាំចេញទំនិញចិនទៅកាន់អាម៉េរិកមានចំនួន ១៣,៩ភាគរយដែលជាសមាមាត្រទាបបំផុតចាប់តាំងពីឆ្នាំ២០០៤ ក្រោយពីបានឈានដល់កម្រិតខ្ពស់បំផុតជាង ២១ភាគរយក្នុងឆ្នាំ២០១៧។ 
 
ម៉ិកស៊ិកអាចឈរនៅលំដាប់កំពូលក្នុងការនាំចេញទៅកាន់ទីផ្សារអាម៉េរិកជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០។ ការនាំចូលរបស់អាម៉េរិកពីប្រទេសនេះកំពុងស្ថិតនៅលើកំណត់ត្រាដ៏ខ្ពស់មិនធ្លាប់មានដោយអត្រា ១៥ភាគរយនៅរយៈពេល ១១ខែឆ្នាំ២០២៣។ 
 
ទន្ទឹមនេះ ការ​នាំ​ចូល​របស់​អាម៉េរិក​ពី​សហភាព​អឺរ៉ុប​ក៏​ឡើង​ដល់​កម្រិត​ខ្ពស់​ដែរ។ ការនាំចូលពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ទោះបីជាធ្លាក់ចុះក៏ដោយ នៅតែជាចំនួនខ្ពស់បំផុតទី២ដែលមិនធ្លាប់មាន ដោយចំណែកនៃការនាំចូលសរុបរបស់អាម៉េរិកបានកើនឡើងទ្វេដងបើធៀបនឹងទសវត្សរ៍មុន។
 
លើសពីនេះ ជប៉ុនបាននាំចេញទៅកាន់អាម៉េរិកស្ថិតនៅអត្រាទាបជាង ៥ភាគរយ បើទោះបីជាការឡើងថ្លៃនៃប្រាក់ដុល្លារ បានដាក់សម្ពាធដល់ប្រាក់យ៉េនកាលពីឆ្នាំមុនក៏ដោយ។ ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះជាងពាក់កណ្តាលចាប់តាំងពីឆ្នាំ ២០០០ ដោយសារក្រុមហ៊ុនផលិតរបស់ខ្លួនបានបង្កើនផលិតកម្មនៅអាម៉េរិក។
 
អាម៉េរិកកំពុងជំរុញការធ្វើពិពិធកម្មផលិតផលដូចជា គ្រឿងអេឡិចត្រូនិកដែលប្រទេសនេះនាំចូលយ៉ាងច្រើនពីចិន។ ការនាំចូលស្មាតហ្វូនរបស់អាម៉េរិកពីចិនបានធ្លាក់ចុះប្រហែល ១០ភាគរយ ខណៈការនាំចូលពីឥណ្ឌាវិញបានកើនឡើង៥ដង។ ការ​នាំ​ចូល​កុំព្យូទ័រ​យួរដៃ​ពី​ចិន​បាន​ធ្លាក់​ចុះ​ជិត​៣០ភាគរយ ប៉ុន្តែ​ការនាំចូលពី​វៀតណាម​បាន​កើនឡើង​៤​ដង​។
 
អាម៉េរិកបាន​រក្សា​ការដាក់ពន្ធ​លើ​ទំនិញ​ចិនដែលមាន​តម្លៃ ៣៧០ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ដាក់​ក្រោម​ការ​ដឹកនាំ​របស់​អតីតប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋបាលលោក ត្រាំ មានការព្រួយបារម្ភថា ទំនិញចិនថោកនឹងប៉ះពាល់ដល់សកម្មភាពផលិតកម្មរបស់អាម៉េរិក។
 
ចំណែករដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន បច្ចុប្បន្នកំពុងពិចារណាដំឡើងពន្ធនាំចូលពីចិនបន្ថែមលើយានយន្តអគ្គិសនី ឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងបន្ទះឈីបចាស់ៗ ជាមួយនឹងការសម្រេចចិត្តដែលទំនងនឹងធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ៕
 

Tag:
 ចិន​
  អាម៉េរិក
  នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com