ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង បានរៀបចំជំនួបជាមួយអ្នកសារព័ត៌មានបារាំងល្បីៗ និងប្រតិបត្តិករទេសចរណ៍បារាំង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា។ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានប្រាប់សារព័ត៌មានសារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា គោលបំណងនៃជំនួបនេះ គឺដើម្បីផ្តល់ជូនព័ត៌មានទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ និងព័ត៌មានពិតផ្សេងៗអំពីកម្ពុជា ទៅកាន់សាធារណជនបារាំង និងនៅប៉ែកអឺរ៉ុប។ តាមរយៈជំនួបនេះ និងកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់កម្ពុជា លោក លុយ ដាវីត មានសុទិដ្ឋិនិយមថា នឹងជួយជំរុញកំណើនអ្នកទេសចរបារាំង និងពីតំបន់អឺរ៉ុប មកកាន់កម្ពុជាកាន់តែច្រើន ក្នុងឆ្នាំ២០២៤នេះ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាង តាមដានកិច្ចសម្ភាស រវាង កញ្ញា ខន ចំប៉ា អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងដូចតទៅ៖
ខន ចំប៉ា៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង បានរៀបចំជំនួបជាមួយអ្នកសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍បារាំង នៅថ្ងៃទី២៤ ខែមករានេះ។ ជំនួបកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត បញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង។ លោក លុយ ដាវីត តើអ្វីទៅជាគោលបំណងសំខាន់ៗ នៃជំនួបនេះ?
លោក លុយ ដាវីត៖ ថ្ងៃទី២៤ ខែមករា ស្ថានទូតខ្មែរយើងបានរៀបចំកម្មវិធីជួបជុំជាមួយអ្នកសារព័ត៌មានបារាំង ហើយក៏មានការចូលរួមពីក្រុមហ៊ុនទេសចរណ៍បារាំងផងដែរ។ គោលបំណងនៃជំនួបជាមួយអ្នកសារព័ត៌មានបារាំងនាពេលនេះ គឺស្ថិតក្រោមក្របខណ្ឌយុទ្ធនាការជំរុញទេសចរណ៍ ក្រោមប្រធានបទ«គោលដៅទេសចរណ៍កម្ពុជា ឆ្នាំ២០២៤»(Destination Cambodge 2024)។ កម្ពុជា មានអ្វីៗលើសពីប្រាសាទអង្គរវត្ត។ យើងមានម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ មានសិល្បៈបុរាណ និងសម័យសម្បូរបែប ប្រជាជនយើងរួសរាយរាក់ទាក់ ដែលបរទេសភាគច្រើនដាក់រហស្សនាមកម្ពុជាថា ជាទឹកដីនៃស្នាមញញឹម។
និយាយរួម គឺផ្សព្វផ្សាយទាក់ទាញទេសចរមកកាន់កម្ពុជាសម្រាប់ឆ្នាំ២០២៤នេះ។ តាមការពិតទៅ គំនិតដែលចង់ឱ្យមានការៀបចំជួបជុំជាមួយនឹងអ្នកកាសែតនេះ យើងមានយូរមកហើយ។ នៅពេលដែលខ្ញុំត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំងនេះ ពេលនោះ លោក Jacques Guichandu ជនជាតិបារាំង គាត់ធ្វើការក្នុងវិស័យទេសចរណ៍យូរឆ្នាំមកហើយ។ គាត់មានក្រុមហ៊ុនទេសចរណ៍នៅស្រុកខ្មែរយើង។ ហើយគាត់ក៏ជាទីប្រឹក្សាក្រសួងទេសចរណ៍ប្រចាំនៅស្រុកបារាំងនេះ គាត់ជួយការងារប្រូម៉ូតទេសចរណ៍កម្ពុជា នៅស្រុកបារាំងនោះ។ ពេលនោះគាត់ជួបខ្ញុំ លើកឡើងនូវគំនិតចង់ឱ្យរៀបចំការផ្សព្វផ្សាយទេសចរណ៍នៅបារាំង ក៏ដូចជានៅអឺរ៉ុប។ គាត់ស្នើសុំឱ្យមានកិច្ចសហការពីស្ថានទូតយើង។ ខ្ញុំក៏គាំទ្រគំនិតផ្តួចផ្តើមនេះដែរ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើកិច្ចការនេះ ធ្វើយ៉ាងម៉េចឱ្យគាត់អាចអញ្ជើញអ្នកកាសែតមក ដើម្បីស្តាប់ព័ត៌មានទាក់ទងនឹងសក្តានុពលផ្នែកទេសចរណ៍ ក៏ដូចជាព័ត៌មានផ្សេងៗទាក់ទងនឹងប្រទេសកម្ពុជាយើង ដើម្បីឱ្យគេដឹងការពិត ថាប្រទេសកម្ពុជាយើងយ៉ាងម៉េច។ ព្រោះកន្លងទៅ យើងដឹងហើយថា នៅក្នុងសារព័ត៌មានរបស់ប្រទេសអឺរ៉ុប គឺគេមិនសូវសរសេរល្អប៉ុន្មានទេ ទាក់ទងនឹងប្រទេសកម្ពុជា។ គេសរសេរអវិជ្ជមានច្រើន ដោយអ្នកកាសែតគាត់អត់បានស្គាល់ប្រទេសយើង គាត់អត់ដែលទៅ។ អ៊ីចឹងគាត់សរសេរមិនសូវបានឆ្លុះបញ្ចាំងការពិត។
យើងទទួលស្គាល់ដែរ ថាធ្វើការងារច្រើនណាស់។ នៅស្រុកខ្មែរយើងធ្វើការច្រើន ប៉ុន្តែយើងខ្វះការផ្សព្វផ្សាយ។ នៅពេលដែលខ្ញុំមកភ្លាមខ្ញុំគ្រោងធ្វើដែរ ប៉ុន្តែដោយសារយើងជាប់កម្មវិធីមមាញឹកច្រើន។ យើងរវល់រៀបចំព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រ យាងមកស្រុកបារាំង ហើយក្រោយមកក៏មានការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច នាយករដ្ឋមន្ត្រីមកស្រុកបារាំង ក៏យើងអត់បានរៀបចំទេ។ ទើបតែទស្សនកិច្ចបញ្ចប់ទៅជោគជ័យហើយ ទើបយើងមានពេលរៀបចំជួបជាមួយអ្នកកាសែតនេះ។
ខន ចំប៉ា៖ តើមានគោលដៅទេសចរណ៍សក្តានុពលរបស់កម្ពុជាណាខ្លះ ដែលយើងនឹងលើកឡើងទៅកាន់អ្នកសារព័ត៌មានបារាំង?
លោក លុយ ដាវីត៖ កម្មវិធីនេះ ខ្ញុំនឹងធ្វើសុន្ទរកថាខ្លីមួយ ស្វាគមន៍អ្នកកាសែត ក៏ដូចជាក្រុមហ៊ុនទេសចរណ៍។ ខ្ញុំនឹងជម្រាបជូនអំពីប្រទេសកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងបារាំង ក៏ដូចជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកកាន់ប្រទេសបារាំងដែលទើបបញ្ចប់ថ្មីៗនេះ។ បន្ទាប់មកនឹងមានការធ្វើបទបង្ហាញសក្តានុពលរដ្ឋទេសចរណ៍ ហើយនឹងការបើកឱ្យមានការសួរសំណួរ ទាក់ទងនឹងវិស័យទេសចរណ៍ ទាក់ទងនឹងការវិនិយោគនៅស្រុកខ្មែរ។ ទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ យើងដឹងហើយថាក្រៅពីប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទនានាដែលយើងមាន យើងក៏មានឆ្នេរសមុទ្រដ៏ស្អាតដែរមានអេកូទេសចរណ៍ មានទេសភាពនៅមណ្ឌលគិរី មានទេសភាពនៅរតនគិរី។ ជារួមទេសចរណ៍មានបែបផែនផ្សេងៗគ្នានៅគ្រប់ខេត្តទាំងអស់។ យើងមានកន្លែងទាក់ទាញទេសចរ យើងនឹងធ្វើបទបង្ហាញដល់ភ្ញៀវដែលអញ្ជើញចូលរួម។
ខន ចំប៉ា៖ តើវេទិកានេះ នឹងរួមចំណែកសំខាន់ប៉ុនណា ក្នុងការបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា?
លោក លុយ ដាវីត៖ វេទិកានេះ ពិតជាមានសារៈសំខាន់សម្រាប់ការបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា ដោយហេតុថា អ្នកចូលរួមនៅថ្ងៃនេះ ភាគច្រើនគឺជាអ្នកកាសែតល្បីៗរបស់បារាំង ដែលពួកគេអាចនាំសារប្រកបដោយប្រសិទ្ធភាព ថាកម្ពុជាយើងជាប្រទេសដែលស្រស់ស្អាត ទាំងតំបន់ទេសចរណ៍វប្បធម៌ដ៏ល្អប្រណីត និងតំបន់អេកូទេសចរណ៍នៃតំបន់ឆ្នេរ។ ប្រទេសកម្ពុជាក៏បានត្រៀមលក្ខណៈផងដែរ ក្នុងការស្រូបយកនូវលំហូរនៃទេសចរបរទេស។ យើងឃើញថា ព្រលានយន្តហោះនៅសៀមរាប ក៏យើងសាងសង់ថ្មី។ ផ្លូវនៅសៀមរាប ក៏បានរៀបចំបានល្អហើយ។ ព្រលានយន្តហោះនៅភ្នំពេញ ក៏កំពុងសាងសង់ថ្មីដែរ។ យើងក៏មានផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ សម្រាប់អ្នកទេសចរក្នុងស្រុក ក៏ដូចជាទេសចរអន្តរជាតិ។
ខន ចំប៉ា៖ យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៣ កម្ពុជាបានស្វាគមន៍ទេសចរបារាំងប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ។ តើលោក លុយ ដាវីដ មានសុទិដ្ឋិនិយមដូចម្តេចខ្លះ ចំពោះកំណើនទេសចរបារាំង មកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំ២០២៤ ?
លោក លុយ ដាវីត៖ ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើគ្រប់វិស័យទាំងអស់ ពិសេសវិស័យទេសចរណ៍។ បន្ទាប់ពីងើបវិបត្តិកូវីដ-១៩ ប្រទេសនីមួយៗបានខិតខំរៀងៗខ្លួន ដើម្បីស្រូបទាញអ្នកទេសចរ ហើយកម្ពុជា ក៏យើងខិតខំទាក់ទាញយកទេសចរដែរ ជាពិសេសក្នុងឆ្នាំ២០២៤នេះ។ ពិតណាស់ការផ្សព្វផ្សាយ និងជំរុញកំណើនទេសចរ គឺជាភារកិច្ចរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ ទាំងក្រសួងទេសចរណ៍ បណ្តាស្ថានទូត ប្រតិបត្តិករទេសចរណ៍ទាំងនៅប្រទេសកម្ពុជា និងនៅបារាំង ជាពិសេសបងប្អូនពលរដ្ឋខ្មែរដែលផ្តល់សេវាកម្មនេះដោយផ្ទាល់ រួមមានសណ្ឋាគារ ភោជនីយដ្ឋាន មគ្គុទ្ទេសចរ អ្នកលក់វត្ថុអនុស្សាវរីយ៍ជាដើម។
ទន្ទឹមនឹងនេះ យើងមើលឃើញថា បងប្អូនពលរដ្ឋខ្មែរនៅបារាំង និងនៅប្រទេសផ្សេង២ ក៏អាចចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជា ទៅកាន់មិត្តភក្តិបារាំង និងមិត្តភក្កិបរទេស ឱ្យទៅកម្សាន្តនៅកម្ពុជាដែរ តាមរយៈការជួយបង្ហោះរូបភាពនៅតំបន់ទេសចរណ៍ស្អាតៗ ការណែនាំមុខម្ហូបខ្មែរ និងវប្បធម៌ខ្មែរជាដើម។
ដោយឡែក ក្នុងនាមខ្ញុំជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ខ្ញុំនឹងរៀបចំក៏ដូចជាចូលរួមក្នុងកម្មវិធីនានា ដើម្បីផ្សព្វផ្សាយទេសចរណ៍ វប្បធម៌-សិល្បៈ និងមុខម្ហូបខ្មែរ ឱ្យបាន កាន់តែសកម្ម។ ហើយខ្ញុំមានសុទិដ្ឋិនិយម ថាយើងអាចទាក់ទាញទេសចរបារាំង និងពីប៉ែកអឺរ៉ុបបានច្រើន។ ខ្ញុំមានជំនឿបែបនេះ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ មានគោលដៅរួមមួយ គឺធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជាម្តងហើយ ម្តងទៀត ឬយ៉ាងហោចណាស់ទេសចរទាំងនោះ ចែករំលែកបទពិសោធន៍ល្អៗ ក្នុងអំឡុងពេលពួកគេស្នាក់នៅ និងដើរលេងនៅកម្ពុជា។
ខន ចំប៉ា៖ តើកន្លងមក ស្ថានទូតកម្ពុជានៅប្រទេសបារាំង មានរៀបចំសកម្មភាពផ្សព្វផ្សាយអំពីកម្ពុជា តាមរយៈរូបភាពបែបណាខ្លះ?
លោក លុយ ដាវីត៖ កន្លងទៅស្ថានទូតកម្ពុជានៅទីក្រុងប៉ារីសនេះ ក៏បានផ្សព្វផ្សាយច្រើនដែរ ជាពិសេសផ្សព្វផ្សាយមុខម្ហូបខ្មែរយើងដែលមានភាពសម្បូរបែប និងប្រណិតភាព។ នៅឆ្នាំ២០២១ សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ «The Taste of Angkor» បានទទួលពានរង្វាន់ជាសៀវភៅមុខម្ហូបអាស៊ីដ៏ល្អបំផុត នៅប្រទេសបារាំង និងនៅឆ្នាំ២០២២ នៅប្រទេសស៊ុយអ៊ែត ក្នុងព្រឹត្តិការណ៍ប្រកួតសៀវភៅ មុខម្ហូបពិភពលោក Gourmand World Cookbook Awards។
លើសពីនេះ ស្ថានទូតក៏បានចូលរួមជារៀងរាល់ឆ្នាំ រួមជាមួយបណ្តាស្ថានទូតជាង៤០ នៅទីក្រុងប៉ារីស ក្នុងកម្មវិធីភូមិមុខម្ហូបអន្តរជាតិ Village international de la Gastronomy ជារៀងរាល់ខែកញ្ញា នៅក្បែរប៉ម Tour Eiffel ដើម្បីដាក់បង្ហាញ និងលក់ជូនបងប្អូនខ្មែរ-បារាំង និងបរទេស នូវមុខម្ហូបខ្មែរ មានដូចជាហហ្មុក នំ បញ្ចុក នំអន្សម-នំកង អង្ករ និងផលិតផលកសិកម្មខ្មែរជាដើម។
ក្រៅពីនេះ ស្ថានទូតក៏បានចូលរួមធ្វើបទបង្ហាញអំពីរមណីយដ្ឋានទេសចរណ៍នៅកម្ពុជា ជូនប្រតិបត្តិករទេសចរណ៍នៅបារាំង មួយចំនួនផងដែរ។ យើងក៏បានផ្សព្វផ្សាយពីវប្បធម៌ ពីផលិតផលខ្មែរយើង ដែលនាំចូលមកស្រុកបារាំងនេះ មានអង្គរ មានម្រេចកំពត មានគ្រាប់ស្វាយចន្ទីជាដើម។ យើងផ្សព្វផ្សាយជាប់ជានិច្ច ហើយកិច្ចការផ្សព្វផ្សាយនេះ គឺជាភារកិច្ចរបស់មន្ត្រីការទូតរបស់យើងហើយ ដើម្បីពង្រីកទីផ្សារថ្មី សម្រាប់ផលិតផលខ្មែរយើងនេះ ស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ច ដែលក្រសួងការបរទេស បានដាក់ចេញថ្មីនេះ។
ខន ចំប៉ា៖ នាអំឡុងទស្សនកិច្ចនៅប្រទេសបារាំង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយវិស័យឯកជនមួយចំនួន ពិសេសប្រតិបត្តិករទេសចរណ៍។ តើស្ថានទូតកម្ពុជានៅបារាំង នឹងបន្តកិច្ចសហការដូចម្តេចបន្តជាមួយក្រុមហ៊ុនទាំងនោះ?
លុយ ដាវីត៖ ការពិតទៅ ខ្ញុំទើបមកកាន់តំណែងជាឯកអគ្គរាជទូតនៅទីនេះ បានទើបតែ ៣ ខែប៉ុណ្ណោះ គឺចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ រហូតមកទល់ពេលនេះ ស្ថានទូតបានចូលរួមរៀបចំព្រះរាជទស្សនកិច្ចផ្លូវការរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅប្រទេសបារាំង និងការយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តតំបន់អង្គរកាលពីថ្ងៃទី១២-១៨ វិច្ឆិកា ២០២៣។ ហើយថ្មីៗនេះ យើងបានចូលរួមរៀបចំទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ពីថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៤។
ដោយឡែកក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេច ហ៊ុន ម៉ាណែត បានចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលនៅពេលនោះយើងសង្កេតឃើញថា មានក្រុមហ៊ុនបារាំងច្រើន បានចុះឈ្មោះចូលរួមដល់ជាង១១០ក្រុមហ៊ុន គេបានចាប់អារម្មណ៍។ ក្នុវេទិកានេះ សម្តេច បានថ្លែងសុន្ទរកថាគន្លឹះទាក់ទងនឹងចក្ខុវិស័យកម្ពុជានាពេលអនាគត ជាពិសេស សម្តេចបានសង្កត់ធ្ងន់ទៅលើសក្តានុពលទេសចរណ៍ដែលយើងមាន ដើម្បីទាក់ទាញភ្ញៀវទេសចរពីបារាំង ក៏ដូចជាពីតំបន់អឺរ៉ុប។ ហើយក្នុងអំឡុងពេលស្នាក់នៅបារាំងនេះ សម្តេចបវរធិបតី ក៏បានជួបដោយឡែក ជាមួយក្រុមហ៊ុនបារាំងជាច្រើន ដែលក្នុងនោះក៏មានក្រុមហ៊ុនប្រតិបត្តិករក្នុងវិស័យទេសចរណ៍ ដើម្បីជម្រាបពីសក្តានុពលទេសចរណ៍ ការវិនិយោគនៅកម្ពុជាផងដែរ។
នៅឆ្នាំ២០២៤នេះ ស្ថានទូតនឹងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មជាងមុន ជាមួយប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍នៅបារាំង។ ស្ថានទូតគ្រោងអញ្ជើញប្រតិបត្តិករទេសចរណ៍នៅបារាំង មកជួបជុំគ្នា ដើម្បីរួមគ្នារិះរកវិធីបង្កើនភ្ញៀវទេសចរទៅកាន់កម្ពុជា៕