ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កើត រិទ្ធ បង្កើតក្រុមការងារពិសេសតាមដានការអនុវត្តច្បាប់ពាក់ព័ន្ធរឿងចរាចរណ៍ គ្រឿងញៀន... លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌
× ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានបង្កើតក្រុមការងារពិសេស តានដានការអនុវត្តច្បាប់របស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។ ក្រុមការងារពិសេសនេះ មានសមាសភាព២៥រូប ដែលមាន លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន។ នេះបើតាមសេចក្តីសម្រេចរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ចុះថ្ងៃទី២៩ មករា។
បើតាម លោក កើត រិទ្ធ ក្រុមការងារពិសេសនេះ ជាសេនាធិការប្រតិបត្តិរបស់គណៈបញ្ជាការដឹកនាំយុទ្ធនាការ ដែលមានភារកិច្ចតាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់របស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដី នៅគ្រប់ដំណាក់កាលនៃនីតិវិធី ចំពោះសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។
ក្រុមការងារពិសេសនេះ ក៏ទទួលបន្ទុកពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការ ចំពោះភាពមិនប្រក្រតី នៃចំណាត់ការរបស់តុលាការ ដែលត្រូវបានរកឃើញ។ ក្រុមការងារ ពិសេស នេះ ក៏ជាតួអង្គសម្របសម្រួលការងារ និងសហការជាមួយសាលាជម្រះក្តី និង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងារ ធ្វើរបាយការណ៍អំពី វឌ្ឍនភាពការងារ និងលើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម៕
Tag:
គ្រឿងញៀន
ចរាចរណ៍
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com