ជាតិ
កម្ពុជា និង WFP ចុះកិច្ចព្រមព្រៀងលើទឹកប្រាក់ជាង៦៣លានដុល្លារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀង
× ភ្នំពេញ៖ កម្ពុជា និងអង្គការស្បៀងអាហារពិភពលោក បានចុះហត្ថលេខារួមគ្នាលើកិច្ច ព្រមព្រៀងដែលមានទឹកប្រាក់ ៦៣.៣៧៨.៥០០ ដុល្លារ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជា (CSP) ឆ្នាំ២០២៤-២០២៨។ ពិធីនេះប្រព្រឹត្តទៅ រវាងលោកស្រី យិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការក្រសួង ការបរទេសកម្ពុជា និងលោកស្រី ឃែរ ខូណាន់ (Claire Conan) តំណាងអង្គការ WFP ប្រចាំកម្ពុជា នាថ្ងៃទី៣០ ខែមករា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផែនការយុទ្ធសាស្ត្រសម្រាប់ ប្រទេសកម្ពុជា(CSP) ឆ្នាំ២០២៤-២០២៨ ដែលនឹងអនុវត្តរួមគ្នាដោយរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីស្បៀងអាហារពិភពលោកនេះ នឹងចូលរួមចំណែកដល់ការលើកកម្ពស់របបអាហារ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានការគាំទ្រជាជំនួយបច្ចេកទេស ការប្រឹក្សាគោលនយោបាយ កិច្ចគាំពារសង្គម ប្រព័ន្ធចំណីអាហារ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដែលគម្រោងទាំងនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិកម្ពុជា។
ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ អង្គការកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់របបអាហារ និងសន្តិសុខស្បៀង និងឱ្យសម្រេច បាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ក្រសួងការបរទេសកម្ពុជា បន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com