ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្មអាមេរិក នឹងជួយទាក់ទាញការវិនិយោគមកកម្ពុជា
01, Feb 2024 , 4:09 pm        
រូបភាព
លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) បានលើកយកកិច្ចសហប្រតិបត្តិការវិនិយោគ មកពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ កុម្ភៈ។



ប្រធានសភាពាណិជ្ជកម្មអាម៉េរិករូបនេះ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល និងធានាបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក ។ជាពិសេសការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ 
 
ជាមួយគ្នានេះ លោក Devin Barta ​បានបង្ហាញពីជំហរពង្រឹងកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស  (FDI)មកកម្ពុជា លើវិស័យធុរកិច្ច ,អចលនទ្រព្យ ,ការគាំទ្រដល់ស្រ្តីលើផ្នែកភាពជាម្ចាស់នៃសហគ្រាសធន់តូច ,ការបណ្តុះបណ្តាល និង អភិវឌ្ឍជំនាញ  និងផ្នែកហិរញ្ញវត្ថុ ជាដើម។ 
 
សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ។«អរគុណចំពោះក្រុមហ៊ុនអាម៉េរិក ដែលតែងតែជឿជាក់និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា»។ នេះបើតាមហ្វេសប៊ុកនាយករដ្ឋមន្រ្តីកម្ពុជា។
 
ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងប្ដេជ្ញាធានានូវបរិយាកាសវិនិយោគល្អនៅកម្ពុជា ដូចជា ការពង្រឹងភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពង្រីកមធ្យោបាយក្នុងការទូទាត់ទំនើបតាមប្រព័ន្ធ QR-Code ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោក។
 
«ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយម ចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងភាពបត់បែន»។ នេះបើតាមសម្តេច ដែលប្រាប់ប្រធានសភាពាណិជ្ជកម្មអាម៉េរិក អំពីឱកាសវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ (High Tech Industrial Park) ដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់អភិវឌ្ឍវិស័យឌីជីថល ។
 
កន្លងមកសភាពាណិជ្ជកម្មអាម៉េរិក បានលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក ក្នុងការជំរុញផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិនទៀតផង។
 
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ។ ស្ថាប័ននេះលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអាម៉េរិក។  
 
កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកាធុរកិច្ចអាម៉េរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ដោយមានវត្តមានសម្តេច ហ៊ុន ម៉ាណែត និងម្ចាស់ក្រុមហ៊ុន និងវិនិយោគិនអាមេរិកជាច្រើន ចូលរួមក្នុងវេទិកានេះ៕

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com