ជាតិ
សេដ្ឋកិច្ច
ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគ៣២ មានតម្លៃជាង១៨៧លានដុល្លារ កម្មករផ្នែកវាយណភណ្ឌកាត់ដេរកម្ពុជា។ រូបភាព៖ CLUF
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២ ដែលមានទុនវិនិយោគជាង១៨៧លានដុល្លារ កាលពីខែមករា។ បើតាម CDC គម្រោងទាំងនេះ អាចបង្កើតការងារបានប្រមាណ២៩ពាន់កន្លែង។
គម្រោងវិនិយោគដែលលេចធ្លាជាងគេប្រចាំខែមករា រួមមាន ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ។ គម្រោងបង្កើតរោងចក្រផ្ទំដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នៅក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគជាង ៧៨ភាគរយមានប្រភពមកពី ប្រទេសចិន, ៩,៦៥ភាគរយ មកពីប្រទេសសិង្ហបុរី, ៥,៣៤ភាគរយ មកពីអាម៉េរិក, ៣,៥៥ភាគរយ មកពីកូរ៉ និង ២,៧៣ភាគ មកពីប្រភពក្នុងស្រុក។ នេះជាការបញ្ជាក់របស់ CDC។
សូមជម្រាបថា ក្នុងឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ដែលមានដើមទុនសរុបជិត ៤,៩ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង៣០ម៉ឺនកន្លែង។ ប្រមាណ ៦៦ភាគរយ នៃទុនវិនិយោគក្នុងឆ្នាំ២០២៣ មានប្រភពមកពីប្រទេសចិន និងប្រមាណ ២២ភាគរយ ជាប្រភពទុនវិយោគនៅក្នុងស្រុក។ បើតាមរបាយការណ៍របស់ CDC គម្រោងវិនិយោគ ភាគច្រើន គឺនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់មកគឺរាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រះសីហនុ៕
Tag:
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
CDC
ការវិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com