ជាតិ
សុខភាព
ជប៉ុន ផ្តល់ជំនួយ​​ជិត២០ម៉ឺនដុល្លារ ចូលរួម​ពង្រឹងសេវាសុខាភិបាលកម្ពុជា
08, Feb 2024 , 5:59 pm        
រូបភាព
 រូបភាព៖ ស្ថានទូតជប៉ុន
រូបភាព៖ ស្ថានទូតជប៉ុន
ភ្នំពេញ៖ រដ្ឋាភិបាល​​ជប៉ុន នឹងផ្តល់ជំនួយឥតសំណង​ចំនួន ១៩៧,៧៨៥ ដុល្លារ ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើង​​​ការផ្តល់សេវាសុខាភិបាល​នៅក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ។ កិច្ចសន្យា​​​​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខានៅថ្ងៃទី៨ កុម្ភៈនេះ​ រវាងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា និង​តំណាងស្ថាប័នទទួលជំនួយចំនួនពីរ គឺមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តព្រះវិហា។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅថ្ងៃនេះ  មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប​ នឹងទទួលបានជំនួយថវិកាចំនួន ៧១,១៣៧ ដុល្លារអាមេរិក ​សម្រាប់​ដំឡើងឧបករណ៍​ផលិតជើងសិប្បនិម្មិត និង​ស្តារលទ្ធភាពពលកម្ម​ ចំនួន​១២​ប្រភេទ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ​កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការខូតខាត​ឧបករណ៍​ចាំបាច់សម្រាប់ផលិត​ជើងសិប្បនិម្មិត និងរណប ក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ ​កត្តាទាំងនេះ នាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនាមានកម្រិត។ ស្ថានទូតជប៉ុនបន្ថែមថា៖ «ជាមួយនឹងឧបករណ៍ ក៏ដូចជាសេវាកម្មដែលប្រសើរឡើង គម្រោងនេះត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ក្នុងមួយឆ្នាំ»។ ​
 
 រូបភាព៖ ស្ថានទូតជប៉ុន
 
ចំណែកមន្ទីរសុខាភិបាល​ខេត្តព្រះវិហារ នឹងទទួលបានជំនួយចំនួន ១២៦,៦៤៨ ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មីដែលមានចំនួន​១៣​បន្ទប់ និង​បង្គន់​អនាម័យ​ចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។ ​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូត​ជប៉ុន អគារចម្បងនៃមណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជាការលេចធ្លាយទឹក ស្នាមប្រេះ និងប្រហោង ដែលនាំឱ្យអ្នកជំងឺ និងបុគ្គលិកស្ថិតក្នុងស្ថានភាពមិនមានសុវត្ថិភាព។ គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងធានាបាននូវសុវត្ថិភាពសម្រាប់អ្នកជំងឺ និងបុគ្គលិក ហើយផ្តល់អត្ថប្រយោជន៍ដល់មនុស្ស ប្រហែល ៨ ៤០០នាក់ ដែលមកទទួលសេវា​ជារៀងរាល់ឆ្នាំ។
 
នៅក្នុងពិធីចុះហត្ថលេខានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុនប្រចាំកម្ពុជា ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារ​ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៩គម្រោង នៅទូទាំង​កម្ពុជា បន្ថែមពីលើកម្ចីខ្នាតធំ និងគម្រោងជំនួយឥតសំណងផ្សេងៗ។ 
 
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ថ្លែងសុន្ទរកថាក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយនៅថ្ងៃទី៨ កុម្ភៈនេះ។ រូបភាព៖ ស្ថានទូតជប៉ុន
 
«យើង​រីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែកដោយផ្ទាល់ ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន»។ លោក អ៊ូអិណុ អាត់ស៊ូស៊ី​ លើកឡើងដូច្នេះ រួចបញ្ជាក់ថា ជប៉ុននឹងបន្តចូលរួម​ដោះស្រាយបញ្ហាប្រឈមដែលកម្ពុជាជួបប្រទះ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន តាមរយៈ​ជំនួយអភិវឌ្ឍន៍​ផ្សេងៗ និងជំនួយគូសាណូណិ ផងដែរ៕

Tag:
 សុខភិបាល
  ជំនួយ
  ជប៉ុន
  កម្ពុជា
  សេវាសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com