កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន ប្តូរទៅទឹកដីអាម៉េរិកវិញ ក្រោយចិនលុបជំនួបមិត្តភាពដោយសារ Messi
24, Feb 2024 , 9:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងមានពីរប្រកួតនៅទឹកដីអាម៉េរិក នាខែមីនា បន្ទាប់ពីអាជ្ញាធរកីឡាចិនលុបចោលការប្រកួតមិត្តភាពរបស់ក្រុមម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២២ នៅទឹកដីខ្លួនដោយសារ Lionel Messi ។

ចិន បានលុបចោលជំនួបមិត្តភាពទល់នឹងអាហ្សង់ទីន ក្រោយពេលមានប្រតិកម្មប្រឆាំងនឹងការខកខានរបស់ Lionel Messi ក្នុងក្រុម Inter Miami នាជំនួបទល់នឹងក្រុមហុងកុង នៅទីក្រុងហុងកុង។
 
សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) នៅថ្ងៃទី២៣ ខែកុម្ភៈ អះអាងថាក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Lionel Scaloni នឹងត្រូវប្តូរទៅលេងនៅទឹកដីអាម៉េរិកវិញ ដោយជួបជម្រើជាតិ អែលសាល់វ៉ាឌ័រ នៅកីឡដ្ឋាន Lincoln Financial Field ក្នុងទីក្រុង Philadelphia  ថ្ងៃទី២២ ខែមីនា មុនពេលប៉ះនីហ្សេរីយ៉ានៅទីលាន Coliseum ក្នុងក្រុង Los Angeles នៅ៤ថ្ងៃបន្ទាប់។
 
ដំបូងឡើយ អាហ្សង់ទីនគ្រោងនឹងប្រកួតជាមួយនីហ្សេរីយ៉ានៅទីក្រុងហាំងចូវ ប្រទេសចិន មុនប៉ះកូតឌីវ័រក្នុងក្រុងប៉េកាំង ប៉ុន្តែការខកខានរបស់ Messi ក្នុងក្រុម Inter Miami នៅហុងកុងទល់នឹងក្រុម League XI កាលពីដើមខែកុម្ភៈ បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ អ្នកនយោបាយហុងកុង និងចិន។ កំហឹងកាន់តែកើនឡើង ក្រោយប្រធានក្រុមរូបនេះ បង្ហាញខ្លួននៅប្រទេសជប៉ុនក្នុងជំនួបមិត្តភាពទល់ក្រុម Vissel Kobe។
 
បើទោះមានការផ្តល់សំណងថ្លៃសំបុត្រ និងបកស្រាយពីសម័យខ្លួន Messi លើបណ្តាញសង្គម Weibo ចំពោះអវត្តមានរបស់ខ្លួនដោយសាររបួសក៏ដោយ ប៉ុន្តែមិនអាចពន្លត់កម្តៅរបស់អ្នកគាំទ្រនេះបានឡើយ។ ចិន បានលុបប្រកួតទាំងពីរ រវាងអាហ្សង់ទីន ទល់នីហ្សេរីយ៉ា និងកូតឌីវ័រនៅទឹកដីខ្លួនវិញ៕
 

Tag:
 Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com