អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មបុគ្គលនិងស្ថាប័នរុស្ស៊ីជាង៥០០ នៅខួបទី២ឆ្នាំនៃការឈ្លានពានអ៊ុយក្រែន
24, Feb 2024 , 10:59 am        
រូបភាព
ទីក្រុងវ៉ាស៊ីនតោន បានចេញទណ្ឌកម្មដ៏សម្បើមមួយប្រឆាំងរុស្ស៊ី នៅខួបទី២ នៃការលុកលុយលើអ៊ុយក្រែន ដោយផ្តោតលើមនុស្សនិងអង្គភាពនានាជាង៥០០ ដែលការព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូផង។

 
ក្រោមកញ្ចប់ទណ្ឌកម្មថ្មី ក្រសួងរតនាគារអាម៉េរិក បានកំណត់គោលដៅមនុស្ស និងអង្គភាពនានាជិត៣០០ ឯក្រសួងការបរទេសសំដៅបុគ្គលនិងស្ថាប័នផ្សេងប្រមាណ២៥០ ហើយក្រសួងពាណិជ្ជកម្មបានបន្ថែមក្រុមហ៊ុនជាង៩០ ទៅក្នុងបញ្ជីខ្មី។ ធៀបនឹងឆ្នាំមុន អាម៉េរិក បានបង្កើនគោលដៅទណ្ឌកម្មរបស់ខ្លួន ដោយឆ្នាំ២០២៣ មានគោលដៅទណ្ឌកម្មប្រមាណ២០០នាក់ និងអង្គភាពប៉ុណ្ណោះ។
 
ការដាក់ទណ្ឌកម្មនៅថ្ងៃទី២៣ ខែកុម្ភៈ ប្រកាសឡើងស្របគ្នាទណ្ឌកម្មរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដែរ។ 
 
សម្រាប់អាម៉េរិក វិធានការថ្មីបានកំណត់គោលដៅលើប្រព័ន្ធទូទាត់ប្រាក់ Mir ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី និងមូលដ្ឋានឧស្សាហកម្មយោធា ការគេចវេសពីការដាក់ទណ្ឌកម្មកន្លងមក ការផលិតថាមពលនាពេលអនាគត និងផ្នែកផ្សេងៗទៀត។ ទណ្ឌកម្មនេះ ក៏បញ្ចូលមន្ត្រីដែលពាក់ព័ន្ធក្នុងការស្លាប់របស់មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny ដែលអាម៉េរិកចោទប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នៅពីក្រោយ។
 
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ដាក់ទណ្ឌកម្មថា  ចំណាត់ការនេះចង់ឱ្យរុស្ស៊ីទទួលខុសត្រូវលើសង្គ្រាម និងការស្លាប់របស់លោក Navalny ស្របទីក្រុងវ៉ាស៊ីនតោនសម្លឹងបន្តគាំទ្រអ៊ុយក្រែនដែលប្រឈមនឹងការខ្វះខាតអាវុធខ្លាំង។ ជាមួយគ្នានោះ ជំនួយយោធារបស់អាម៉េរិកត្រូវបានពន្យារដោយជាប់គាំងនៅត្រឹមសភា។
 
«ទណ្ឌកម្មនេះនឹង​ធានា​ថា ​លោក ពូទីន បង់​ថ្លៃ​ខ្លាំង​ជាង​មុន​សម្រាប់​ការ​ឈ្លានពាន​​នៅ​បរទេស និង​ការ​គាប​សង្កត់​នៅ​ក្នុង​ប្រទេស​។» លោក បៃឌិន បញ្ជាក់បែបនេះ។
 
យ៉ាងណាមិញ ទណ្ឌកម្មធំៗកន្លងមក ហាក់មិនធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីទន់ជើងខ្លាំងឡើយ។ សេដ្ឋកិច្ចដែលផ្តោតលើការនាំចេញរបស់រុស្ស៊ីជាមួយតម្លៃ២,២ពាន់ពាន់លានដុល្លារ បង្ហាញភាពធន់របស់ខ្លួននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច៕
 

© រក្សាសិទ្ធិដោយ thmeythmey.com