អន្តរជាតិ
ហេតុអ្វីកសិករនៅអឺរ៉ុបតវ៉ា?
24, Feb 2024 , 2:02 pm        
រូបភាព
បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប កំពុងជួបបញ្ហាឈឺក្បាលខ្លាំងដោយសារការតវ៉ាជាបន្ទាប់របស់កសិករ។ ការតវ៉ាថ្មីៗកំពុងកើតមាននៅបារាំង និងប៉ូឡូញ។ ហេតុអ្វីបានជាកសិករនៅអឺរ៉ុបយកត្រាក់ទ័របាំងផ្លូវ?

 
ចាប់តាំងពីដើមឆ្នាំ២០២៤មក រលកតវ៉ារបស់កសិករអឺរ៉ុប បានកើតមាននៅទូទាំងតំបន់។ ចុងក្រោយនេះ កសិករបារាំង និងប៉ូឡូញ ក៏ជួបជុំគ្នាបង្ហាញការមិនពេញចិត្តរបស់ពួកគេនៅតាមទីក្រុងនានា ដោយយកគ្រឿងយន្តកសិកម្មបាំងផ្លូវដើម្បីតវ៉ាតែម្ដង។
 
តាមពិតទៅ កសិករនៅអឺរ៉ុប មិនពេញចិត្តគោលនយោបាយបរិស្ថានរបស់ប្លុកដែលមានសមាជិក២៧ប្រទេសនេះឡើយ ពិសេសកិច្ចព្រមព្រៀងបៃតងដែលទាមទារឱ្យកំណត់ការប្រើប្រាស់ជីកសិកម្ម និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលធ្វើឱ្យកសិផលពួកគេមានតម្លៃខ្ពស់ជាងទំនិញរបស់ប្រទេសក្រៅសហភាពអឺរ៉ុប។ 
 
កសិករអឺរ៉ុប ក៏ត្អូញត្អែរពីការនាំចូលផលិតផលកសិកម្មពីប្រទេសផ្សេងដែលមានតម្លៃថោកជាង ពិសេសទំនិញពីអាម៉េរិកឡាទីន និងអ៊ុយក្រែនជាដើម ដែលធ្វើឱ្យប៉ះពាល់ទីផ្សារក្នុងតំបន់។
 
នៅបារាំង កសិករប្រទេសនេះ ក៏ប្រឆាំងគោលនយោបាយកសិកម្មរបស់រដ្ឋាភិបាលលោក អេម៉ានុយអែល ម៉ាក្រុង ។ ការសន្យាកែទម្រង់ដែលឆ្លើយតបការតវ៉ានៅខែមករា មិនបានបន្សាបកំហឹងកសិករបារាំងឡើយ។ គម្រោងជជែកដេញដោលលើរឿងនេះអំឡុងពិព័រណ៍កសិកម្មនៅប៉ារីស ក៏ត្រូវបានលោក ម៉ាក្រុង លុបចោលថែមទៀត។
 
ឯទឹកដីប៉ូឡូញវិញ កសិករប្រទេសនេះ ក៏រារាំងការឆ្លងដែនរវាងប៉ូឡូញ និងអ៊ុយក្រែន ដោយបង្ហាញការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកជាការប្រកួតប្រជែងមិនយុត្តិធម៌ និងលំហូរផលិតផលមានតម្លៃទាបរបស់អ៊ុយក្រែនមានគ្រាប់ធញ្ញជាតិ និងជីកសិកម្មជាដើម។ ក្រោយការឈ្លានពានរបស់រុស្ស៊ី អ៊ុយក្រែនទទួលបានការអនុគ្រោះយ៉ាងខ្លាំងពីប្លុកអឺរ៉ុប៕
 
 
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com