អន្តរជាតិ
ហុងគ្រី​ទិញ​យន្តហោះ​ចម្បាំង​ស៊ុយអែត ដែលត្រៀមចូលសម្ព័ន្ធណាតូ
24, Feb 2024 , 4:59 pm        
រូបភាព
រូបភាព Saab
រូបភាព Saab
ហុងគ្រី នៅថ្ងៃទី២៣ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Saab JAS Gripen ចំនួនបួនគ្រឿងពីស៊ុយអែត ខណៈដែលទីក្រុងប៊ុយដាប៉ែស បានរៀបចំ ដើម្បីអនុម័តឱ្យទីក្រុងស្តុកខុលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ បន្ទាប់ពីការពន្យារពេលជិតពីរឆ្នាំ។

ហុងគ្រី ជាសមាជិកចុងក្រោយនៃសម្ព័ន្ធភាពយោធាណាតូដែលធ្វើឱ្យរាំងស្ទះការស្នើសុំជា
ប្រវត្តិសាស្ត្ររបស់ស៊ុយអែត ចូលសមាជិកប្លុកយោធាណាតូ ដែលខ្លួនបានស្នើតាំងពីឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បានជួបជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson ដោយបញ្ជាក់ថា ភាគី ទាំងពីរសម្រេចបានការកសាងទំនុកចិត្តឡើងវិញ។
 
លោក Orban មានប្រសាសន៍ថា ហុងគ្រីនឹងទិញយន្តហោះទាំងនោះ និងពង្រីកកិច្ចសន្យាដឹកជញ្ជូនដែលពាក់ព័ន្ធ។ កន្លងមក ហុងគ្រី បានជួលយន្តហោះ Gripen ក្រោមកិច្ចសន្យា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១ ។
 
«យើងមិនត្រឹមតែរក្សាសមត្ថភាពការពារដែនអាកាសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនឹងបង្កើនវា...ដែលមានន័យថា ការប្តេជ្ញាចិត្តរបស់យើងចំពោះណាតូនឹងពង្រឹង ហើយក៏ដូចជាការចូល រួមរបស់យើងនៅក្នុងប្រតិបត្តិការរួមគ្នារបស់ណាតូ»។ លោក Orban បានប្រាប់សន្និសីទ សារព័ត៌មានរួមជាមួយលោក Kristersson បែបនេះ។
 
ឯ លោក Kristersson បញ្ជាក់ថា លោកស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ និង​យល់​ស្រប​ ថា​ពួកគេ​គួរ​សហការ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​មិន​យល់​ស្រប​លើ​អ្វី​គ្រប់​យ៉ាង​ក៏ដោយ។
 
លោក Orban ដែលរដ្ឋាភិបាលជាតិនិយមរបស់លោកបានរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ ជាមួយរុស្ស៊ីបានពន្យារពេលការផ្តល់សច្ចាប័នសមាជិកភាពស៊ុយអែតម្តងហើយម្តងទៀត ដោយលើកឡើងពីការមិនពេញចិត្តចំពោះស៊ុយអែតដែលរិះគន់ហុងគ្រីលើកំណត់ត្រារបស់ខ្លួនស្តីពីនីតិរដ្ឋ។ ស៊ុយអែតដែលមានឆ្នេរសមុទ្រវែងនៅលើសមុទ្របាល់ទិកអាចក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់សម្ព័ន្ធណាតូនៅតំបន់អឺរ៉ុបខាងជើង៕
 

Tag:
 ហុងគ្រី
  ស៊ុយអែត
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com