RFI
អន្តរជាតិ
ក្រុមហ៊ុន​​​​​ចិនជាប់​សង្ស័យ​ថា​លួចយកទិន្នន័យ​និងការ​សម្ងាត់​រដ្ឋាភិបាល​បរទេស​ជាង​១០​ប្រទេស
24, Feb 2024 , 9:59 pm        
រូបភាព
ការិយាល័យ​ក្រុមហ៊ុនចិន​ I-Soon AP - Dake Kang
ការិយាល័យ​ក្រុមហ៊ុនចិន​ I-Soon AP - Dake Kang
ដោយ៖ហេង ឧត្តម/RFI
ក្រុមហ៊ុន​ចិនមួយ​ ជំនាញ​​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​​ ត្រូវ​ជាប់​សង្ស័យ​ថាបាន​ចូល​​លួច​យក​ទិន្នន័យ​របស់​​អង្គការ​អន្តរជាតិ,​ អង្គការអូតង់ ព្រមទាំង លួច​ទិន្នន័យ​និង​ការ​សម្ងាត់​រដ្ឋាភិបាល​បរទេស​ ជាង​១០ ប្រទេស​។ នេះ​បើតាម​​ក្រុម​អ្នកជំនាញអាមេរិក ខាង​សន្តិសុខ​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា  ដែល​បាន​ចេញ​របាយការណ៍និងបង្ហាញ​ភស្តុតាង​ នៅក្នុងសប្តាហ៍នេះ​។ ថ្ងៃព្រហស្បតិ៍ ទី​២២កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បដិសេធ​ថាពុំពាក់ព័ន្ធនឹងរដ្ឋាភិបាល​ចិនឡើយ។

-
ក្រុមហ៊ុនចិនមួយ ឈ្មោះថា ​I-Soon បានប្រើ​បច្ចេកវិទ្យា​​អ៊ីនធ័រនែត ​ចូល​លួច​​​ទិន្នន័យ​ និង​ការ​សម្ងាត់​រដ្ឋាភិបាល​បរទេស​ ជាង​ ១០ ប្រទេស​ រួមទាំង​បណ្តាអង្គការស៊ីវិល​ ​ដែល​​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​។ នេះបើតាមការបញ្ជាក់​របស់​ ក្រុម​អ្នកជំនាញអាមេរិក​ នៃ ក្រុម​ហ៊ុនសន្តិសុខ​​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា  ​ចំនួន​២ គឺ SentinelLabs និង Malwarebytes​។ ក្រុម​អ្នកជំនាញអាមេរិក ខាង​​សន្តិសុខ​​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា ក៏​អះអាង​ទៀតថា មាន​ភស្តុតាង​ដែល​ថា​​ក្រុមហ៊ុន​ចិននេះ បាន​ធ្វើ​សកម្មភាព​ទៅលើបណ្តា​ក្រសួងសំខាន់​ៗ​​ជាច្រើន​ ​​របស់​ ប្រទេសឥណ្ឌា ​ថៃ វៀតណាម កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀត។​
 
ឯកសារភស្តុតាងរបស់​អ្នកជំនាញអាមេរិក មាន​បង្ហាញពីករណី១ដែល  ​ក្រុមហ៊ុនចិន ​I-Soon បាន​ទាក់ទង​ជាមួយ​នឹង​អាជ្ញាធរ​ចិនក្នុងតំបន់​ស៊ីនជាំង ប៉ែកពាយ័ព្យ​នៃផ្ទៃប្រទេស​ចិន ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួចយកទិន្នន័យ​តាមបច្ចេកវិទ្យា​​​​ព័ត៌មាន​វិទ្យា។​ មិនតែប៉ុណ្ណេះ ភស្តុតាងផ្សេង​ឲ្យដឹងដែរថា ពេល​កន្លង​ទៅ ក្រុមហ៊ុនចិន​ I-Soon នេះ ក៏​បាន​ប្រកាស​ផ្តល់​សេវា​កម្ម​ខាងបច្ចេកវិទ្យាព័ត៌មាន​ជាច្រើន​ ជាអាទិ៍ លួច​ឆ្មក់​​ចូល​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​ដើម្បី​ទាញស្រង់​ទិន្នន័យ,​ មិនចំពោះ​ថា​ទូរសព្ទ IPhone របស់​ក្រុមហ៊ុន​Apple​ ឬក្រុមហ៊ុន​ទូរសព្ទផ្សេងឡើយ។ សេ​វាកម្មផ្សេងទៀត ដូចជា ចូល​ទាញយក​ព័ត៌មាន​ទិន្ន​ន័យ​​ចេញពី​ឧបករណ៍​ស្តុកទុក​​ទិន្នន័យ​ចល័ត, សេវា​កម្ម​តាមដាន​គណនី​របស់​អ្ន​ក​ប្រើ​ប្រា​ស់​​បណ្តាញសង្គម​ណាមួយ និងសេវាកម្ម​ចូលលួចមើលការឆ្លើយ​ឆ្លង​សារ​ឯកជន​ ជាដើម។​
 
តាំងមូលដ្ឋានស្នាក់ការកណ្តាល​​នៅ​ខេត្ត​សៀង​ហៃ​ ក្រុមហ៊ុន​ចិន I-Soon ​ក៏​មាន​ការិយាល័យ​​ ​នៅ រដ្ឋ​ធានី​ប៉េកាំង និងនៅ​​ខេត្តក្រុង​ជាច្រើន​ផ្សេងទៀតដែរ​ រួមទាំងខេត្ត​​ស៊ីឈួន ប៉ែក​និរតី​ នៃ​ផ្ទៃ​ប្រទេស។
​ថ្ងៃព្រហស្បតិ៍ ទី​២២ កុម្ភៈ  ទីភ្នាក់ងារព័ត៌មាន​បារាំង​អាអេហ្វប៉េ​ បាន​ទាក់ទង​សុំការបំភ្លឺ​ពី​អ្នក​តំណាង​ក្រុមហ៊ុន I-Soon ដែរ តែ​គ្មាន​ចម្លើយ​តប។ ថ្ងៃដដែល​ វិបសាយ​ក្រុម​ហ៊ុន​ចិន I-Soon បើកលែង​ចេញទេ។
ទន្ទឹមនោះ អាជ្ញាធរ​រដ្ឋអំណាច​​ចិន​ អះអាង​ថា​ពុំ​បាន​ដឹង​ពី​ករណីសំណុំ​រឿង​​នេះឡើយ។ ឆ្លើយ​នឹង​សំណួរ​អ្នក​កាសែត​នៅក្នុង​​សន្និសីទ​សារព័ត៌មាន​ពីក្រុង​ប៉េកាំង អ្នក​ស្រី​ ម៉ៅ នីង អ្នក​នាំពាក្យ​ក្រសួង​ការ​ពារ​ចិន ​​មានប្រសាសន៍​ថា សំណុំ​រឿង​​នេះ​ជាករណី​​ល្មើសខុស​ច្បាប់ និង​ថា​ ​​ជា​គោល​ការណ៍ រដ្ឋាភិបាល​ចិន​ បដិសេធ​រាល់​គ្រប់ទម្រង់នៃការ​​វាយប្រហារ​តាម​បច្ចេកវិទ្យា​ព័ត៌​មាន​​វិទ្យា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com