ដោយ៖ហេង ឧត្តម/RFI
របាយការណ៍សិក្សា ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ កុម្ភៈ បានបញ្ជាក់ថា រដ្ឋាភិបាលចិន ទំនងជាពុំអាចនឹងសម្រេចបានកម្មវត្ថុទប់ទល់ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ នោះឡើយ ព្រោះតែតម្រូវការសេដ្ឋកិច្ច។ ក្បាលម៉ាស៊ីនសេដ្ឋកិច្ចចិន ត្រូវការពឹងផ្អែកខ្លាំងលើថាមពលធ្យូងថ្ម។ ធ្យូងថ្ម ជាប្រភពបញ្ចេញផ្សែងឧស្ម័នកាបូនិក ដែលនាំឲ្យកើនឡើងកម្តៅផែនដី។ ទោះជាយ៉ាងនេះក្តី របាយការណ៍សិក្សា របស់ក្រុមអ្នកស្រាវជ្រាវឯករាជ្យមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់ ក៏បង្ហាញដែរថា ចិន បានខំប្រឹងព្យាយាមវិនិយោគក្នុងវិស័យថាមពលស្អាត។
ចិន និងសហរដ្ឋអាមេរិក មហាយក្សឧស្សាហកម្មពីរ ដែលបញ្ចេញផ្សែងឧស្ម័នកាបូនិក ខ្លាំងនិងច្រើនជាងគេ។ និយាយចំពោះតែប្រទេសចិន, កាលពីឆ្នាំ២០២០ ប្រធានាធិបតី ស៊ី ជីនពីង បានសន្យាថាប្រទេសរបស់ខ្លួនប្រឹងព្យាយាមកាត់បន្ថយការបញ្ចេញផ្សែងឧស្ម័នកាបូនិក ឲ្យបាននៅមុនឆ្នាំ២០៣០ ហើយនិងធ្វើអព្យាក្រឹត្យកាបូន ពីពេលនេះដល់ឆ្នាំ២០៦០។
ក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស រដ្ឋាភិបាលចិន ក៏បានចូលរួមសន្យាបំពេញកម្មវត្ថុមួយចំនួនដើម្បីទប់ទល់ការប្រែប្រួលកម្តៅផែនដី។ ក្នុងនោះ ជាដំណាក់កាលៗ គឺ ចិនត្រូវ កាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងដំណើរការសេដ្ឋកិច្ច ធ្វើយ៉ាងណាបន្ថយឲ្យបានយ៉ាងហោចត្រឹម ២០% នៃថាមពលរបស់ខ្លួនចេញពីចំហេះផូស៊ីល-ធ្យូងថ្ម។ ទីភ្នាក់ថាមពលអន្តរជាតិ ធ្លាប់បានបញ្ជាក់ថា ធ្យូងថ្ម តំណាងឲ្យ ៦០% ឯណោះនៃប្រភពថាមពលអគ្គិសនី របស់ចិន ហើយ ធ្យូងថ្ម ក៏ជាប្រភពបញ្ចេញផ្សែងពុល ជាងពាក់កណ្តាលនៅចិន។
ក្រោយសម័យកាលវិបត្តិសកលកូវីដ១៩ ចិនត្រូវដំណើរការក្បាលម៉ាស៊ីនសេដ្ឋកិច្ចឡើងវិញ ដែលត្រូវការចាំបាច់ប្រភពថាមពល។ ចិនពឹងផ្អែកលើថាមពលធ្យូងថ្មកាន់តែច្រើន ស្របពេលនឹងតម្លៃប្រេងឥន្ធនៈលោតឡើងខ្ពស់ ព្រោះតែវិបត្តិសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
របាយការសិក្សាបញ្ជាក់ថា ការបញ្ចេញផ្សែងឧស្ម័នកាបូនិក នៅចិន ហក់ឡើងខ្ពស់ ១២% ចន្លោះពីឆ្នាំ២០២០ និងឆ្នាំ២០២៣។ ២០២៣ ជាឆ្នាំ ដែល ចិន ជាប់កំណត់ត្រាថាបានប្រើថាមពលឡើងខ្ពស់ខ្លាំង ក្នុងរយៈពេលធៀប ប្រមាណ២ទសវត្សរ៍ចុងក្រោយ។ ចំហេះធ្យូងថ្ម ដើម្បីបំប៉នថាមពលអគ្គិសនីដល់ក្បាលម៉ាស៊ីនសេដ្ឋកិច្ច បានធ្វើឲ្យកំណើនផ្សែងឧស្ម័នកាបូន ចេញពីឧស្សាហកម្មចិន បានកើនឡើងជាង ៥,៧% នៅឆ្នាំទៅមិញនេះ។
នេះបើផ្អែកតាមរបាយការណ៍សិក្សា របស់មជ្ឈមណ្ឌលស្រាវជ្រាវអំពីថាមពលនិងខ្យល់ស្អាត ហៅកាត់ថា Crea ជាក្រុមអ្នកស្រាវជ្រាវឯករាជ្យមានមូលដ្ឋាននៅប្រទេសហ្វាំងឡង់។ ការសិក្សានេះ ផ្សាយលើវិបសាយ Internet Carbon Brief ហើយទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ ក៏យកទៅផ្សព្វផ្សាយបន្ថែមដែរ។
ជាផលវិបាក ស្ថានភាពឧតុនិយមមិនល្អសោះ ហើយនិងជួបឥទ្ធិពលប៉ះពាល់អាក្រក់ជាច្រើន។ រលកកម្តៅ និងកម្តៅក្តៅខ្លាំង បានធ្វើឲ្យហួតរីងទឹក ហើយក៏បណ្តាលឲ្យដំណើរផលិតថាមពលចេញពីវារីអគ្គីសនីរបស់ចិន បានធ្លាក់ចុះ។ កម្រិតនីវូទឹកនៅចិន បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ជាខ្លាំង បើធៀបនឹង២០ឆ្នាំចុងក្រោយ។
បើតាមរបាយការណ៍សិក្សាដដែល ដើម្បីសម្រេចកម្មវត្ថុអាកាសធាតុ ចិននៅមិនទាន់យឺតពេលពេកទេ ប្រសិនណាបើ រដ្ឋាភិបាលចិនអាចកាត់បន្ថយការបញ្ចេញផ្សែងឧស្ម័នឲ្យបាន កាន់តែច្រើន មុនឆ្នាំ២០២៥។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវឯករាជ្យនៅប្រទេសហ្វាំងឡង់ បានបង្ហាញដែរថា ចិន បានខំប្រឹងក្នុងវិស័យថាមពលស្អាត។ ក្នុងវិស័យនេះ ចិនបានវិនិយោគរហូតដល់ ៨៩០ ពាន់លានដុល្លារឯណោះ។ ប្រការនេះបានធ្វើឲ្យ ចិន ឈាននាំមុខគេ ជាប្រទេសទី១លើលោក ផលិតថាមពលបានច្រើនជាងគេ ចេញពី ទឹក ខ្យល់ និងពន្លឺព្រះអាទិត្យ ៕