អន្តរជាតិ
ក្រុមហ៊ុនឡានវៀតណាម VinFast ស្នើឥណ្ឌាបន្ទាបពន្ធនាំចូល ក្រោយបើករោងចក្រផលិត
25, Feb 2024 , 5:19 pm        
រូបភាព
នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនរថយន្តវៀតណាម VinFast បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមមួយនេះ បានស្នើឱ្យឥណ្ឌាកាត់បន្ថយពន្ធនាំចូលលើរថយន្តរបស់ខ្លួនរយៈពេល២ឆ្នាំ ដើម្បីឱ្យអតិថិជនឥណ្ឌាស្គាល់ផលិតផលរបស់ខ្លួន ស្របដែលរោងចក្ររបស់ VinFast កំពុងដំណើរការសាងសង់នោះ។

ក្រុមហ៊ុន VinFast ចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ Tamil Nadu ភាគខាងត្បូងឥណ្ឌា ជាមួយក្ដីសង្ឃឹមចាប់ផ្តើមផលិតកម្មនៅពាក់កណ្តាលឆ្នាំក្រោយដើម្បីលក់ក្នុងស្រុកសិនមុននាំចេញជាក្រោយ។ នាយកប្រតិបត្តិប្រចាំឥណ្ឌារបស់ VinFast លោក Pham Sanh Chau ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
 
រោងចក្រនេះ ជាផ្នែកមួយនៃការវិនិយោគរវាង VinFast និង Tamil Nadu ដែលមានទំហំទុនរហូតដល់២ពាន់លានដុល្លារ។ នៅ៥ឆ្នាំដំបូង ក្រុមហ៊ុនវៀតណាម ប្តេជ្ញាវិនិយោគ៥០០លានដុល្លារ។
 
ស្របពេលរោងចក្រមិនទាន់ចេញរូបរាង VinFast ស្នើរដ្ឋាភិបាលឥណ្ឌាឱ្យបន្ទាបពន្ធនាំចូលរថយន្តរបស់ខ្លួនផលិតនៅក្រៅឥណ្ឌា ដើម្បីបញ្ជា្របការយល់ដឹងក្នុងចំណោមអ្នកប្រើប្រាស់ឥណ្ឌា។ សព្វថ្ងៃ ឥណ្ឌាយកពន្ធ១០០ភាគរយតែម្ដងលើប្រភេទរថយន្តអគ្គិសនី។ បើតាមន្ត្រីរដ្ឋាភិបាលឥណ្ឌា ឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេទី៣ របស់ពិភពលោក កំពុងពិចារណាលើសំណើនេះដែលត្រូវបានស្នើដោយ Teslas ដែរ ប៉ុន្តែមិនទាន់សម្រេចចិត្តអ្វីនោះទេ។
 
«យើងបានស្នើឱ្យកាត់បន្ថយពន្ធនាំចូល ឧទាហរណ៍មកត្រឹម៧០ភាគរយទៅ៨០ភាគរយ ត្រឹមតែរយៈពេល២ឆ្នាំ និងអនុវត្តសម្រាប់រថយន្តមួយចំនួនដែលមានកំណត់ ដើម្បីឱ្យអតិថិជនបានប្រើប្រាស់។ លោក Pham Sanh Chau និយាយនៅក្រៅពិធីបើកការដ្ឋានសាងសង់របស់ក្រុមហ៊ុន VinFast នៅស្រុក Thoothukudi។
 
លោកបន្តថា ខណៈដែលរដ្ឋាភិបាលញូវដែលី នៅតែពិចារណា VinFast បន្តទៅមុខជាមួយនឹងការសាងសង់រោងចក្រផលិតដដែល។
 
នៅឥណ្ឌា រថយន្តអគ្គិសនីមានត្រឹមតែប្រហែល២ភាគរយនៃការលក់រថយន្តកាលពីឆ្នាំមុន។ រដ្ឋាភិបាលឥណ្ឌាកំពុងកំណត់គោលដៅឱ្យដល់៣០ភាគរយនៅឆ្នាំ២០៣០ ហើយកំពុងទាក់ទាញក្រុមហ៊ុនផលិតរថយន្តនានាផងដែរ។
 
យោងតាមក្រុមហ៊ុន VinFast គម្រោងនៅរដ្ឋ Tamil Nadu នឹងមានសមត្ថភាពផលិតរថយន្តរហូតដល់១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ បើធៀបនឹងទំហំ២៥ម៉ឺនគ្រឿងនៅរោងចក្រធំរបស់ខ្លួននៅវៀតណាម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com