អន្តរជាតិ
កូរ៉េខាងត្បូង ប្រកាសមិនដាក់ទណ្ឌកម្មវេជ្ជបណ្ឌិតកម្មសិក្សា បើត្រលប់មកធ្វើការវិញ
26, Feb 2024 , 10:29 am        
រូបភាព
វេជ្ជបណ្ឌិតកូរ៉េខាងត្បូង តវ៉ាប្រឆាំងរដ្ឋាភិបាលលើផែនការដំឡើងចំនួនសិស្សចូលរៀនពេទ្យ ក្នុងក្រុងសេអ៊ូល នៅថ្ងៃទី២៥ ខែកុម្ភៈ។ រូបភាព AFP
វេជ្ជបណ្ឌិតកូរ៉េខាងត្បូង តវ៉ាប្រឆាំងរដ្ឋាភិបាលលើផែនការដំឡើងចំនួនសិស្សចូលរៀនពេទ្យ ក្នុងក្រុងសេអ៊ូល នៅថ្ងៃទី២៥ ខែកុម្ភៈ។ រូបភាព AFP
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែកុម្ភៈ បានប្រកាសជាលើកចុងក្រោយ មិនឱ្យវេជ្ជបណ្ឌិតកម្មសិក្សាទទួលខុសត្រូវ ចំពោះសកម្មភាពតវ៉ានៅពេលកន្លងមកឡើយ ប្រសិនបើ​ត្រលប់មកមន្ទីរពេទ្យវិញ។ បើតាមរដ្ឋាភិបាលក្រុងសេអ៊ូល សកម្មភាពតវ៉ារបស់វេជ្ជបណ្ឌិតកម្មសិក្សា បានបង្កឱ្យភាពអាសន្ន នៅក្នុងមន្ទីរពេទ្យសំខាន់ៗក្នុងក្រុងសេអ៊ូលយ៉ាងខ្លាំង។

 
ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈមក វេជ្ជបណ្ឌិតកម្មសិក្សានៅកូរ៉េខាងត្បូងជាច្រើនពាន់នាក់ បានលាឈប់ពីការងារជាបន្តបន្ទាប់ ដើម្បីតវ៉ានឹងផែនការរដ្ឋាភិបាលក្នុងការដំឡើងចំនួននិស្សិតចូលរៀនពេទ្យ។ រដ្ឋាភិបាលកូរ៉េខាងត្បូង ចង់ដំឡើងចំនួនសិស្សចូលរៀនពេទ្យ២ពាន់នាក់ទៀត បន្ថែមពីលើចំនួន ៣ពាន់នាក់ នៅក្នុងពេលបច្ចុប្បន្ន។ 
 
ការតវ៉ារបស់វេជ្ជបណ្ឌិតកម្មសិក្សា បានបង្កឱ្យមន្ទីរពេទ្យសំខាន់ៗក្នុងក្រុងសេអ៊ូល ត្រូវខ្វះពេទ្យ ខណៈការវះកាត់ និងផ្នែកផ្សេងទៀត ត្រូវកាត់បន្ថយ។ ស្របពេលមន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពអាសន្នបែបនេះ រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង ប្រកាសមិនដាក់ពិន័យលើវេជ្ជបណ្ឌិតកម្មសិក្សា ដែលចូលរួមក្នុងការតវ៉ានៅពេលកន្លងមក។ 
 
«ប្រឈមនឹងស្ថានភាពពិបាកក្នុងពេលបច្ចុប្បន្ន ខ្ញុំសូមអំពាវនាវលើកចុងក្រោយ... រដ្ឋាភិបាល នឹងមិនឱ្យទទួលខុសត្រូវសម្រាប់សកម្មភាពអតីតកាល ប្រសិនបើអ្នកត្រលប់មកមន្ទីរពេទ្យត្រឹមថ្ងៃទី២៩ ខែកុម្ភៈ»។ លោក Lee Sang-min រដ្ឋមន្រ្តីមហាផ្ទៃកូរ៉េខាងត្បូង បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយ ក្នុងថ្ងៃទី២៦ ខែកុម្ភៈ។
 
ដោយមើលឃើញពីស្ថានភាពលំបាកខ្លាំងក្នុងមន្ទីរពេទ្យ ដែលត្រូវការវេជ្ជបណ្ឌិតជួយសង្រ្គោះអ្នកជំងឺ លោក Lee បានបង្ហាញថា មន្ទីរពេទ្យសំខាន់ៗក្នុងក្រុងសេអ៊ូល បានកាត់បន្ថយការវះកាត់រហូតដល់ ៥០ភាគរយ និងបានបង្កការលំបាកចំពោះអ្នកជំងឺយ៉ាងខ្លាំង។ 
 
ដោយចាត់ទុកជាការអំពាវនាវលើកចុងក្រោយ រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ បានចាត់ទុកការតវ៉ារបស់វេជ្ជបណ្ឌិតកម្មសិទ្ធិ មិនទទួលបានផលចំណេញអ្វីនោះទេ ហើយមានតែបង្កឱ្យមាន​ផល​ប៉ះពាល់ដល់ជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋប៉ុណ្ណោះ។ 
 
តាមរយៈការជំទាស់រយៈពេល ១សប្តាហ៍មកនេះ វេជ្ជបណ្ឌិតកម្មសិក្សា បានអំពាវនាវឱ្យរដ្ឋាភិបាល គិតគូរពីសំឡេងប្រឆាំងរបស់ពួកគេ តាមរយៈការដំឡើងប្រាក់បៀវត្ស និងទទួលបន្ទុកការងារមិនច្រើនពេក។ 
 
ដើម្បីព្រមានវេជ្ជបណ្ឌិតកម្មសិក្សា និងវេជ្ជបណ្ឌិតបន្តចូលរួមកូដកម្មខាងលើ រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមានចេញដីកាចាប់ខ្លួន និងលុបចោលអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតចោល។ ក្រោម​ហេតុផលដំឡើងចំនួនសិស្សចូលរៀនពេទ្យនេះ រដ្ឋាភិបាលក្រុងសេអ៊ូល បានថ្លែងការពារថា ជាការដោះស្រាយបញ្ហាខ្វះខាតចំនួនវេជ្ជបណ្ឌិត នៅតាមតំបន់ជនបទដាច់ស្រយាល៕ 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com