កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករក្មេងៗជួយ Liverpool ឈ្នះ League Cup, Klopp ថាជាពានពិសេសបំផុតក្នុងអាជីព
26, Feb 2024 , 10:59 am        
រូបភាព
Liverpool ក្លាយជាម្ចាស់ជើងឯក League Cup ឆ្នាំ២០២៤ ក្រោយឈ្នះ Chelsea ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។ អ្នកចាត់ការទូទៅលោក Jurgen Klopp ចាត់ទុកពាននេះពិសេសបំផុតក្នុងអាជីពដឹកនាំ ដ្បិតហង្សក្រហមដាក់សុទ្ធតែកីឡាករក្មេងៗ។



ប្រធានក្រុម Virgil van Dijk ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យ Liverpool នៅនាទី១១៨​ នៃម៉ោងបន្ថែមវគ្គទី១ ក្រោយប្រកួត៩០នាទី គ្មានគ្រាប់បញ្ចូលទីគ្នា នៅកីឡដ្ឋាន Wemley យប់ថ្ងៃទី២៥ ខែកុម្ភៈ។
 
លោក Klopp ដែលប្រឈមមុខនឹងវិបត្តិកីឡាករសំខាន់ៗរបួសជាច្រើននាក់ បានងាកទៅរកកីឡាករក្មេងៗវិញ ដោយខ្លះទើបបង្ហាញខ្លួនជាមួយក្រុមលើកដំបូងប៉ុណ្ណោះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននាំយកកីឡាករ James McConnell អាយុ ១៩ឆ្នាំ រួមជាមួយ Bobby Clark និង Jayden Danns អាយុ ១៨ ឆ្នាំ និង Jarell Quansah វ័យ ២១ ឆ្នាំ។
  


វត្តមានកីឡាករវ័យក្មេងទាំង៤ បានធ្វើឱ្យលោក Klopp ភ្ញាក់ផ្អើល ចំពោះទម្រង់លេងដ៏មានគុណភាពក្នុងការជួយ Liverpool ឈ្នះ Chelsea ដើម្បីគ្រងជើងឯក League Cup ឆ្នាំ២០២៤ និងជាលើកទី១០ ច្រើនជាងគេបំផុត។
 
អ្នកចាត់ការវ័យ៥៦ឆ្នាំ ដែលបានប្រកាសចាកចេញពីតំណែងនៅចុងបញ្ចប់រដូវកាលនេះ បានចាត់ទុកពានរង្វាន់កម្រិតទី៣របស់អង់គ្លេសនេះ ពិសេសបំផុតក្នុងអាជីពដឹកនាំរបស់ខ្លួន បើទោះធ្លាប់ដឹកនាំក្រុមឈ្នះ Champions League និង Premier League ជាមួយ Liverpool និងជើងឯក Bundesliga ពីរដងជាមួយ Borussia Dortmund ក្តី។
 
«ខ្ញុំត្រូវបានគេប្រាប់មុនប្រកួតថា អ្នកមិនឈ្នះពានរង្វាន់ជាមួយកីឡាករក្មេងៗទេ។ ខ្ញុំចង់និយាយជាថ្មីថា ក្នុងរយៈពេលជាង ២០ឆ្នាំរបស់ខ្ញុំក្នុងនាមជាអ្នកចាត់ការ នេះជាពានរង្វាន់ដ៏ពិសេសបំផុត ដែលខ្ញុំធ្លាប់ឈ្នះ។ Klopp ប្រាប់អ្នកយកព័ត៌មានទាំងមោទកភាព ក្រោយបញ្ចប់ការប្រកួត។
 
គិតមកទល់ពេលនេះ Liverpool ឈ្នះពាន League Cup ច្រើនជាងគេចំនួន១០លើក តាមពីក្រោយដោយ Manchester City ៨លើក និង Manchester United ដែលជាម្ចាស់ជើងឯកឆ្នាំមុនចំនួន៦លើក។ Chelsea ស្ថិតនៅលេខ៤ គ្រងជើងឯក៥លើក និងរកងជើងឯក៥លើកដូចគ្នា៕

Tag:
 League Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com