កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 ចាប់ផ្តើមរាប់ថយក្រោយ ១០០ថ្ងៃ
× ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៅថ្ងៃទី៦ ខែមីនា។
នាកម្មវិធីប្រារព្ធពិធីរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ Euro 2024 ក៏មានវត្តមានអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ចូលរួម ដោយបានកាន់បាល់តំណាងការប្រកួតជាផ្លូវការ។
លោក Scholz និងសមាជិករដ្ឋាភិបាលជាច្រើននាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអ្នកស្ត្រី Annalena Baerbock និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអាកាសធាតុលោក Robert Habeck ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Christian Lindner សុទ្ធសឹងតែមានវត្តមាន។
ប្រទេសអាល្លឺម៉ង់នឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កាលពីឆ្នាំ ២០០៦ ដែលប្រទេសតំបន់អឺរ៉ុបមួយនេះបានរៀបចំ។ ចំណែក Euro 2024 នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដែលរៀបចំឡើងនៅ ១០ទីក្រុងផ្សេងគ្នារបស់ប្រទេសអាល្លឺម៉ង់។
ការប្រកួត World Cup 2006 នៅអាល្លឺម៉ង់ ត្រូវបានគេចងចាំថាជាការប្រកួតដោយមានភាពរីករាយបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងតំបន់អ្នកគាំទ្រដ៏ធំទូលាយ នៅទូទាំងប្រទេស។
ជាក់ស្តែងក្រុមជម្រើសជាតិអាល្លឺម៉ង់ ម្ចាស់ពាន Euro ៣សម័យ នឹងត្រូវប្រកួតបើកឆាកព្រឹត្តិការណ៍នៅថ្ងៃទី១៤ ខែមិថុនា ទល់នឹងក្រុមស្កុកឡែន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងបែឡាំង នាកីឡដ្ឋាន Olympic ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕
© រក្សាសិទ្ធិដោយ thmeythmey.com