ជាតិ
សេដ្ឋកិច្ច
តស៊ូរស់នៅកូរ៉េជាង១០ឆ្នាំ អ្នកស្រី ជុំ ធីតា ក្លាយជានាយិកាការិយាល័យក្តីសង្ឃឹមកូនខ្មែរ
10, Mar 2024 , 7:10 pm        
រូបភាព
 អ្នកស្រី ជុំ ធីតា នាយិកាការិយាល័យក្តីសង្ឃឹមកូនខ្មែរ ស្ថិតនៅក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ
អ្នកស្រី ជុំ ធីតា នាយិកាការិយាល័យក្តីសង្ឃឹមកូនខ្មែរ ស្ថិតនៅក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ
«ក្តីសង្ឃឹមកូនខ្មែរ» ជាការិយាល័យមួយស្ថិតនៅក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ ត្រូវបានអ្នកស្រី ជុំ ធីតា បង្កើតឡើងដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់ការងារ រៀបចំឯកសារ បកប្រែឯកសារ និងកក់សំបុត្រយន្តហោះ​ឱ្យពលករខ្មែរធ្វើការងារនៅទីនោះ។ ការិយាល័​យនេះ​ដំណើរការបាន ១០ឆ្នាំហើយ ក្នុងគោលដៅជួយដោះស្រាយផ្នែកច្បាប់ឬសម្រួលផលលំបាកនានារបស់ពលករខ្មែរ ដែលបំពេញការងារ​នៅប្រទេសកូរ៉េ។​



ជាស្ត្រីខ្មែរមួយរូបដែលសម្រេចចាកចេញពីប្រទេសកំណើត ទៅរស់នៅឯប្រទេសកូរ៉េ​ តាមរយៈការរៀបអាពាណ៍ពិពាណ៍ជាមួយបុរសជនជាតិកូរ៉េ​ នៅចុងឆ្នាំ២០០៧ ធ្លាប់ជួបការលំបាកក្នុងជីវិតគ្រួសារជាច្រើនជំពូក មុននឹងទទួលបានសមិទ្ធផលល្អ ចូលមកជីវិតខ្លួនវិញនេះ។
 
រៀបការជាមួយស្វាមីជនជាតិកូរ៉េ ដោយសង្ឃឹម​​ទទួលបានក្តីស្រឡាញ់​ និងការយកចិត្តទុកដាក់ខ្ពស់​ពីប្តី និង សាច់ញាតិ នោះបែរជាត្រូវរលាយទៅវិញ។ ស្ត្រីខ្មែរទៅរស់នៅកូរ៉េជិត២០ឆ្នាំរូបនេះ បានរៀបរាប់ថា គ្រាន់តែឈានជើងចូលដល់ទឹកដីប្រទេសកូរ៉េ​នៅថ្ងៃដំបូង ខ្លួនក៏រងនូវសម្ពាធផ្លូវចិត្ត រួមទាំង​ការរឹតត្បិតផ្នែកហិរញ្ញវត្ថុ និងសិទ្ធិសេរីភាពនានា ពីសា្វមីទៅវិញ។ 
 
« ស្វាម៉ីខ្ញុំអត់ឱ្យខ្ញុំចេញក្រៅទៅធ្វើការអី្វទេ​ ព្រោះខ្លាច​យើងមានឱកាសស្គាល់គេ ស្គាល់ឯង​ហើយបែកពីគាត់​។ អ៊ីចឹង គាត់អត់ឱ្យខ្ញុំទៅណាទាំងអស់​ គឺនៅតែក្នុងផ្ទះ។ រហូតដល់ខ្ញុំមានកូន​ បានខ្ញុំដាច់សុំចិត្តគាត់ទៅរៀនភាសាកូរ៉េ»។ នេះជាការលើកឡើងរបស់អ្នកស្រី ធីតា​ ដែលបន្ថែមថា ស្វាមីអ្នកស្រី មិនព្រមឱ្យទៅរៀនឡើយ។​
 
តែយ៉ាងណាមិញ អ្នកស្រី ធីតា​ ប្រឹងជម្នះស្វាមី ដើម្បីទៅរៀនសូត្រ ព្រោះដឹងច្បាស់ថា​នៅប្រទេសកូរ៉េនេះ​ បើមិនចេះភាសាកូរ៉េទេ​ គឺមិនអាចរកការងារបានឡើយ ក្រៅតែពីរោងចក្រ​។  អ្នកស្រី បានរំលឹកប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) យ៉ាងដូច្នេះ៖ « ចំណុចសំខាន់ដែលខ្ញុំអាចបញ្ចុះបញ្ចូលប្តីខ្ញុំបានទៅរៀន​នោះ គឺខ្ញុំនិយាយថាបើខ្ញុំអត់ចេះភាសាកូរ៉េ តើកូនកើតមកឱ្យខ្ញុំនិយាយជាមួយកូនយ៉ាងម៉េច ទាំងឪពុក​ចេញទៅធ្វើការបាត់ៗពីផ្ទះរាល់ថ្ងៃ?​ អ៊ីចឹងហើយគាត់ព្រមឱ្យខ្ញុំទៅរៀន»។ 
 
នាអំឡុងពេលសិក្សាភាសាកូរ៉េនេះ  អ្នកស្រីទទួលបានប្រាក់ពីសា្វមី៥០ដុល្លារប៉ុណ្ណោះ ក្នុងមួយខែ សម្រាប់ជិះឡានក្រុង​ទៅរៀន។ ប៉ុន្តែ ដើម្បីសន្សំប្រាក់ទុកពេលសម្រាលកូន ​ អ្នកស្រី ធីតា​ ក៏សម្រេចជិះកង់ ឬ ដើរ ទៅសាលារៀនវិញ។​
 
ក្រោយសម្រាលកូនរួច ស្ត្រីរូបនេះអាចឆ្លៀតទៅរៀនបានត្រឹម២ទៅ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ព្រោះត្រូវមើលថែកូន ជាមួយភាពរកាំរកូសក្នុងគ្រួសារ។ តស៊ូរៀនសូត្រ​បានរយៈពេល៥ឆ្នាំ អ្នកស្រី ធីតា ប្រឡងយកសញ្ញាបត្រភាសាកូរ៉េបានដោយជោគជ័យ។ បន្ទាប់ពីបានសញ្ញាបត្រនេះ ហើយកូនក៏ធំធាត់ដែលមានអាយុប្រមាណ៤ឆ្នាំផងដែរនោះ​ អ្នកស្រីក៏សម្រេចដាក់ពាក្យចូលធ្វើការនៅអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស(HRD)នៃក្រសួងការងាររបស់ប្រទេសកូរ៉េ។ 
 

 
ការងារដំបូងរបស់អ្នកស្រី ធីតា  គឺបកប្រែភាសាកូរ៉េឱ្យពលករខ្មែរមកធ្វើការដំបូងនៅប្រទេសកូរ៉េ ជាមួយនឹងប្រាក់បៀវត្ស១២០០ដុល្លារ។​ ក្នុងមួយសប្តាហ៍ អ្នកស្រី ធីតា​ ធ្វើការងារតែ២ថ្ងៃប៉ុណ្ណោះ​។  អ្នកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមរូបនេះ​ បានបង្ហាញអារម្មណ៍រំភើបជាមួយនឹងពាក្យពេចន៍បែបនេះ ៖ «ខ្ញុំមិននឹកស្មានថាខ្ញុំអាចចូលធ្វើការងារនៅHRDបានទេ ព្រោះស្ថាប័នហ្នឹង​ធំមួយដែរ​ នៅកូរ៉េ។ ក៏ប៉ុន្តែនៅជំនាន់នោះ អ្នកដែលពូកែភាសាកូរ៉េ អត់សូវមានទេ គឺពិបាករក។ ហើយ បានខ្ញុំសម្ភាសជាប់ ហើយក៏បានធ្វើការកន្លែងនេះទៅ»។
 
នាអំឡុងបំពេញការងារនៅHRD អ្នកស្រី ធីតា បានរៀនសូត្រ​និងស្វែងយល់ពីបញ្ហាជាច្រើនរបស់ពលករខ្មែរ​ធ្វើការនៅកូរ៉េ ជាពិសេសពាក់ព័ន្ធនឹងច្បាប់ការងារ។ អ្នកម្តាយរូបនេះ បានចាត់ទុកការងារនៅHRD ជាការងារក៏ល្អមួយ ដែលអាចជួយរាល់បញ្ហារបស់ពលករខ្មែរ។ តែមិនដូចការគិតឡើយ។ អ្នកស្រី ធីតា​​ បានបញ្ជាក់ថា ការងារនៅ HRD គឺមានក្រឹត្យក្រមតឹងរឹង​ និងមិនអាចបំពេញការងារក្រៅម៉ោងជូនពលករបានឡើយ។ 
 
« ម៉ោងសម្រាក ឬម៉ោងបាយ​​ ឬចប់ម៉ោងធ្វើការ គឺយើងអត់អាចលើកទូរសព្ទផ្តល់ប្រឹក្សាឱ្យពលករបានទេ។ ប៉ុន្តែពលករយើងមានតែម៉ោងបាយហ្នឹងដែលអាចខលមករកការប្រឹក្សាពីយើងលើបញ្ហានានាបាន​»។​​ អ្នកស្រី ធីតា បានលើកឡើងបែបនេះទាំងសោកស្តាយដែលខ្លួនមិនអាចជួយពលករខ្មែរបានពេញលេញ​នាអំឡុងពេលបំពេញ​៥ឆ្នាំនៅHRD។  អ្នកស្រី បានបន្ថែមយ៉ាងដូច្នេះ៖ « សូម្បីតែថ្ងៃសោរ៍-អាទិត្យ ពួកគាត់ទាក់ទងមក ក៏យើងជួយគាត់អត់កើតដែរ ព្រោះខាងក្រសួងគេតឹងណាស់ គេមិនឱ្យប្រឹក្សាអ្វីទាំងអស់ក្រៅម៉ោងការងារ»។ 

ដោយមើលឃើញឱកាសពីផលលំបាកនានារបស់ពលករខ្មែររស់នៅកូរ៉េ ស្ត្រីរូបនេះ ក៏សម្រេចដើរចេញពីHRD ទៅប្រកបអាជីវកម្មលក់សំបុត្រយន្តហោះ​, រៀបចំឯកសារ​, សេវាប្តឹងថៅកែដែលមិនប្រាក់ខែ ឬដំណាច់ឆ្នាំដល់ពលករ​ រួមទាំងសេវាផ្សេងៗទៀត។ ជាមួយគ្នានេះ អ្នកស្រី ជុំ ធីតា​ ក៏ជួយបកប្រែភាសាកូរ៉េ​ ​និងផ្តល់ប្រឹក្សាផ្នែកច្បាប់នានា ដល់ពលករខ្មែរ ទាំងផ្ទាល់​ និងប្រយោល ដោយឥតគិតកម្រៃ​ ផងដែរ។ 
 
ត្បិតជាអាជីវកម្មថ្មីថ្មោង​ ​និង​មិនទាន់មានការិយាល័យត្រឹមត្រូវ សម្រាប់ធ្វើការងារក៏ពិតមែន ប៉ុន្តែសេវាកម្មរៀបចំឯកសារ បកប្រែភាសា  ប្រឹក្សាយោបល់នានារបស់អ្នកស្រី ជុំ ធីតា​  គឺទទួលបានគាំទ្រជាហូរហែ ពីសំណាក់ពលករខ្មែរ​នៅកូរ៉េ​។ ផលកើតចេញក្តីស្រឡាញ់ក្នុងការជួយដោះស្រាយបញ្ហានានារបស់ពលករទាំងលើនេះហើយ បានធ្វើឱ្យអ្នកស្រី ធីតា​ មានលទ្ធភាពជួលអគារស្ថិតនៅក្នុងក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ ​បើកការិយាល័យ«ក្តីសង្ឃឹមកូនខ្មែរ»ដែលដំំណើរមកទល់សព្វថ្ងៃ។ 
 


ការិយាល័យនេះត្រូវបានអ្នកស្រី ធីតា បង្កើតឡើងនៅក្នុងឆ្នាំ២០១៥​។ ម្ចាស់អាជីវកម្មក្តីសង្ឃឹមកូនខ្មែរវ័យ៣៥ឆ្នាំរូបនេះបានអះអាងថា ៖ «​ អាជីវកម្មខ្ញុំដើរបានមកទល់សព្វថ្ងៃនេះ គឺដោយសារកន្លែងខ្ញុំជាកន្លែងដោះស្រាយរាល់បញ្ហារបស់ពលករយើង ហើយក៏ដោយសារទឹកចិត្តស្រឡាញ់ និងចង់ជួយដោះស្រាយការលំបាករបស់ពលករយើង។ អ៊ីចឹងហើយបានជាខ្ញុំសម្រេចបើកសេវាកម្មហ្នឹងមួយ ដើម្បីឱ្យពលករខ្មែរយើងបានកន្លែងពឹងផ្អែក »។
 
បច្ចុប្បន្ន ក្រៅពីសេវា​រៀបចំឯកសារការងារសម្រាប់ពលករ អ្នកស្រី ជុំ ធីតា​ ក៏មានលក់នូវទូរសព្ទដៃ និងគ្រឿងសម្អាង ដែលទទួលបានការគាំទ្រយ៉ាងច្រើនក៏ពលរដ្ឋរស់នៅកូរ៉េ ជាពិសេស គឺពីសំណាក់ពលករខ្មែរម្តង៕ 

Tag:
 ៨មីនា
© រក្សាសិទ្ធិដោយ thmeythmey.com