អន្តរជាតិ
អ៊ុយក្រែនរិះគន់សម្តេចប៉ាប ក្រោយជំរុញឱ្យលើកទង់ស
11, Mar 2024 , 3:09 pm        
រូបភាព
សម្តេច ប៉ាប ហ្វ្រង់ស៊ីស។ រូបភាព AFP
សម្តេច ប៉ាប ហ្វ្រង់ស៊ីស។ រូបភាព AFP
ប្រមុខការទូតអ៊ុយក្រែន នៅថ្ងៃទី១០ ខែមីនា បានរិះគន់សម្តេច ប៉ាប ហ្វ្រង់ស៊ីស ដែលបានជំរុញឱ្យអ៊ុយក្រែនលើកទង់ស និងចូលតុចរចាជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្រ្គាមជាង ២ឆ្នាំ។ ប្រមុខការទូតរូបនេះ បានប្តេជ្ញាមិនចុះចាញ់សង្រ្គាមជាដាច់ខាត។

 
សង្គ្រាមរយះពេល២ឆ្នាំនេះ បានបង្កឱ្យមាន ការបំផ្លិចបំផ្លាញ ការបង្ហូរឈាម មនុស្សស្លាប់រាប់សែននាក់ និងរាប់លាននាក់ផ្សេងទៀត ត្រូវភៀសខ្លួនរកកន្លែងសុវត្ថិភាព។ ស្របពេលប្រជាជនអ៊ុយក្រែនកំពុងរងទុក្ខបែបនេះ សម្តេច ប៉ាប ហ្វ្រង់ស៊ីស បានអំពាវនាវជាថ្មីឱ្យអ៊ុយក្រែនឱ្យគិតគូរពីប្រជាជនខ្លួន និងចរចាជាមួយរុស្ស៊ី។ 
 
«ខ្ញុំជឿថាអ្នកដែលខ្លាំង ជាអ្នកដែលមើលស្ថានភាព គិតពីប្រជាជន ហើយមានភាពក្លាហានលើកទង់ស និងព្រមចរចា។» លោក ហ្វ្រង់ស៊ីស និយាយប្រាប់ទូរទស្សន៍របស់ RSI របស់ប្រទេសស្វ៊ីសបែបនេះ ដែលថតទុកនៅក្នុងខែកុម្ភៈ និងទុកចាក់នៅថ្ងៃទី២០ ខែមីនា។ ការលើកទង់ស គឺសំដៅលើ ការចុះចាញ់ក្នុងសង្រ្គាម។ 
 
យ៉ាងណាមិញ អ៊ុយក្រែន មិនយល់ស្របនឹងការលើកឡើងរបស់សម្តេច ប៉ាប ឡើយ ហើយថែមទាំងប្តេជ្ញាប្រយុទ្ធរហូតដល់ទីបញ្ចប់។ 
 
«ទង់ជាតិរបស់យើងមានពណ៌លឿង និងពណ៌ខៀវប៉ុណ្ណោះ»។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានបញ្ជាក់បែបនេះ នៅថ្ងៃទី១០ ខែមីនា ដោយដោយចាត់ទុកទង់ជាតិរបស់ខ្លួនស្មើនឹងអាយុជីវិត។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ ក្រុងក្រៀវ នឹងមិនបង្ហូតទង់ផ្សេងឡើងជាដាច់ខាត។ 
 
ទន្ទឹមមានសភាពខឹងសម្បា លោក Kuleba បានអញ្ជើញ សម្តេចប៉ាប ទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែនផងដែរ ដោយអះអាងថា ក្រោយពីសង្គ្រាម លោកអាចមានឱកាសជួបជាមួយពួកកាតូលិកអ៊ុយក្រែនជាងមួយលាននាក់។
 
លើសពីនេះ មានសម្ព័ន្ធមិត្តអ៊ុយក្រែនដូចជា លោក Bernhard Kotsch បេសកជនអាល្លឺម៉ង់ប្រចាំបុរីវ៉ាទីកង់ ថា រុស្ស៊ីជាអ្នកឈ្លានពាន និងបំពានច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ លោក Bernhard Kotsch បានជំរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម មិនមែនអ៊ុយក្រែនទេ។ 
 
ស្របគ្នានេះ លោក Radek Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានយល់ឃើញថា បើលើកទឹកចិត្តលោកពូទីន ឱ្យដកទ័ពចេញពីអ៊ុយក្រែន នោះសន្តិភាពនឹងកើតឡើងដោយពុំបាច់មានការចរចា។ 
 
នៅល្ងាចថ្ងៃទី៩ ខែមីនា បុរីវ៉ាទីកង់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយការពារថាសម្តេចប៉ាបប្រើឃ្លា "ទង់ស" មានន័យថា ការបញ្ចប់អរិភាព ដែលជាបទឈប់បាញ់ជាមួយនឹងភាពក្លាហាននៃការចរចា មិនមែន ការចុះចាញ់នៅលើសមរភូមិទេ។
 
នេះមិនមែនជាលើកដំបូងដែល សម្តេច ប៉ាប ហ្វ្រង់ស៊ីស បាននិយាយទាក់ទងនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ទោះបីជា លោកព្យាយាមរក្សាអព្យាក្រឹតភាពរបស់បុរីវ៉ាទីកង់ក៏ដោយ។ ប៉ុន្តែជារឿយៗ លោកបានមានប្រសាសន៍ដែលប៉ះពាល់ដូចជា ពេលដែលលោកមិនព្រមហៅរុស្ស៊ីថាជាអ្នកឈ្លានពាន និងពេលដែលគាត់សរសើរមេដឹកនាំអធិរាជរុស្ស៊ី Peter the Great និង Catherine II ដែលជាអ្នកពង្រីកទឹកដីរុស្ស៊ីក្នុងប្រវត្តិសាស្ត្រជាដើម។ ការលើកឡើងទាំងនោះ សុទ្ធតែបង្កឱ្យមានការរិះគន់ពីប្រទេសមួយចំនួន។ 
 
មួយរយៈចុងក្រោយនេះ តួកគី កំពុងព្យាយាមរកការសម្របសម្រួលឱ្យអ៊ុយក្រែន និងរុស្ស៊ីចូលតុចរចាជាថ្មី តាមរយៈកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន-រុស្ស៊ី។ យ៉ាងណាមិញ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាន់ជំហរមិនចូលរួមចរចាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីទេ លុះត្រាតែ គំនិតផ្តួចផ្តើមក្នុងកិច្ចព្រមព្រៀងចំនួន ១០ចំណុច ត្រូវរុស្ស៊ីទទួលយក។ 
 
ផែនការសន្តិភាព ១០ចំណុចនោះមានដូចជា សន្តិសុខស្បៀង ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី ការដោះលែងអ្នកទោសទាំងអស់ ការកាត់ទោសអ្នកទទួលខុសត្រូវចំពោះការឈ្លានពាន និងការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែននៅពេលអនាគតជាដើម៕ 

Tag:
 រុស្ស៊ី អ៊ុយក្រែន សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com