ជាតិ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ទាំងនេះ ធ្វើឲ្យខួរក្បាលកាន់តែល្អប្រសើរ មានភាព​វៃឆ្លាត
15, Mar 2024 , 6:59 am        
រូបភាព
ខួរក្បាល​គឺជា​កំពូល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​មិន​អាច​វាស់​ស្ទង់​បាន ។ គឺជា​ខួរក្បាល​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​និង​សត្វ ។ បើ​ទោះបីជា មាន​ជំនឿ​មួយ​ដែល​ថា ភាព​វៃឆ្លាត​គឺជា​បាតុភូត​តំណ​ហ្សែ​ន ប៉ុន្តែ ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា នោះ​មិនមែន​ជា​ការ​ពិត​ទេ ។ ដូច​ជា​សាច់ដុំ​ដែរ ខួរក្បាល​ប្រសិនជា​ទទួល​បានការ​ហាត់ប្រាណ​ទៀងទាត់ កម្រិត​ឆ្លាត​វៃ​នឹង​ត្រូវ​បាន​បង្កើន​ផង​ដែរ​ពោល​គឺ​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ ផ្ទុយ​មក​វិញ ការ​ទុក​វា​ឱ្យ​ទំនេរ ភាព​វៃឆ្លាត​នឹង​បាត់បង់ ។ ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ជួយ​ឱ្យ​ខួរក្បាល​លោក​អ្នកដំណើរ​ទៅ​កាន់តែ​ល្អ​ប្រសើរ ៖

 
១-​ធ្វើ​លំ​ហាត់ប្រាណ​រាង​កាយ​ឱ្យ​បាន​ទៀងទាត់
នៅ​ពេល​មាន​វ័យ​កាន់តែ​ចាស់ កំណើត​ថ្មី​របស់​កោសិកា​ខួរក្បាល​ក៏​កាន់តែ​យឺត​ៗ​ទៅ​ផង​ដែរ ។ ចំណែក​ទំហំ​ជាលិកា​ខួរក្បាល​បាន​ចាប់​រួញ​តូច​ជាង​មុន ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ហាត់ប្រាណ​ទៀងទាត់​អាច​ជួយ​កាត់​បន្ថយ​កា​រវិ​វ​ឌ្ឍ​នេះ​បាន ។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា លំ​ហាត់ប្រាណ​ទៀងទាត់​ជា​ពិសេស​ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​ជួយ​ជំរុញ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល​គឺ​នាំ​ឱ្យ​បណ្តា​កោសិកា​ខួរក្បាល​ទទួល​បាន​ខ្យល់​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។ សូម​បញ្ជាក់​ថា ខួរក្បាល​បាន​ប្រើប្រាស់​ជិត​២០​ភាគរយ​នៃ​ខ្យល់​អុក​ស៊ី​សែន​សរុប​ក្នុង​រាង​កាយ​។ ការ​សិក្សា​ទាំងនោះ​បាន​បង្ហាញ​ទៀត​ថា បុគ្គល​ដែល​ហាត់ប្រាណ​ទៀងទាត់ ទំហំ​ខួរក្បាល​របស់​ពួក​គេ​កើនឡើង ។
 
២-​ការ​សមាធិ​ផ្លូវចិត្ត
ជាមួយនឹង​ជីវិត​រស់នៅ​ដ៏​មមាញឹក​នា​ពេល​បច្ចុប្បន្ន មនុស្ស​ស្ទើរ​គ្រប់​គ្នា​ពិតជា​មាន​ពេល​តិចតួច​បំផុត​ដើម្បី​បន្ធូរ​ផ្លូវចិត្ត ។ ស្ថិត​ក្នុង​សភាព​បែប​នេះ ផ្លូវចិត្ត​ពិតជា​ពេញ​ទៅ​ដោយ​ក្តី​បារម្ភ​និង​ការ​គិត​ផ្សេង​ៗ​ហើយ​ដែល​អ្វី​ទាំងនេះ​តិច​ឬ​ច្រើន​គឺ​បាន​ប៉ះពាល់​ទៅ​លើ​សមត្ថភាព​គិត​និង​មុខងារ​របស់​ខួរក្បាល ។ ដូច្នេះ ការ​ធ្វើ​សមាធិ​គឺជា​មធ្យោបាយ​ល្អ​ជាងគេ​ជួយ​បំពេញ​ជា​ថ្មី​នូវ​ថាមពល​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​គេច​ផុត​ពី​ភាព​ទ្រុឌទ្រោម ។ សកម្មភាព​នៃ​ការ​ប្រមូល​អារម្មណ៍​និង​ដកដង្ហើម​វែង​ៗ​នឹង​នាំ​ឱ្យ​ចិត្ត​ឈាន​ទៅ​រក​ភាព​ស្ងប់ ហើយ​បែប​នេះ​នឹង​ជួ​យ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ការ​បំពេញ​មុខងារ​របស់​ខួរក្បាល ។
 
៣-​កែ​លំអ​របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ
របប​អាហារ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​ខួរក្បាល​ផង​ដែរ ។ សារធាតុចិញ្ចឹម​គឺ​ពិតជា​សំខាន់​បំផុត​ជួយ​ដល់​ការ​លូតលាស់​ក៏​ដូច​ជា ការ​អភិវឌ្ឍ​របស់​ខួរក្បាល​។ បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​គឺជា​ជម្រើស​ចាំបាច់​។ បន្ថែម​ពីលើ​នេះ​ត្រី​ក៏​ជា​ប្រភព​មួយ​ជំ​នួ​យ​ដល់​ខួរក្បាល​ផង​ដែរ ។ ការ​ទទួលទាន​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​ស​ប្តា​ហ៍នឹង​ជួយ​បង្កើន​ភាព​ឆ្លាត​វៃ​បាន​ជាង​១០​ភាគរយ ។
 
៤-​ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​ការ​លេងល្បែង​ល្បងប្រាជ្ញា​ផ្សេង​ៗ
មិន​ខុស​ពី​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​នោះ​ទេ ខួរក្បាល​ក៏​ត្រូវការ​នូវ​លំ​ហាត់ប្រាណ​ទៀងទាត់​ផង​ដែរ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ចំពោះ​សុខភាព​របស់​វា ។ ចូរ​ជ្រើស​យក​ល្បែង​គំនិត​មួយ​ចំនួន​ដូច​ជា Soduku និង Crossword Puzzles​ជាដើម ។
 
៥-​ត្រូវ​ចៀសវាង​ឱ្យ​បាន​នូវ​បញ្ហា Stress
ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា Stress​គឺជា​ហេតុ​បង្ក​ចម្បង​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ខួរក្បាល ។ ការ​សិក្សា​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ​University of California​បាន​រក​ឃើញ​ថា វត្តមាន​នៃ​ការ​ឆ្លើយ​តប​ដោយ​បញ្ហា Stress​ច្រំ​ដែល​ៗ​អាច​នាំ​ឱ្យ​រួញ​ខ្លី Hippocampus(​ផ្នែក​សំខាន់​របស់​ខួរក្បាល​មាន​នាទី​គ្រប់គ្រង Stress​និង​ការ​ចង​ចាំ​រយៈពេល​វែង )​។ ចូរ​លេង​កីឡា​ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដើម្បី​លុប​បំបាត់ Stress ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com