ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនមែន​ជា​រឿង​លេងសើច​ទេ ! ធ្វើការ​ពី​ផ្ទះ​នៅ​មុខ​កុំព្យូទ័រ​យូរ​ម៉ោង​ប្រឈម​ជំងឺ​បេះដូង
16, Mar 2024 , 6:59 am        
រូបភាព
ធ្វើការ​ពី​ផ្ទះ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍ អាច​បង្កើន​ហានិភ័យ​ប្រឈម​ជំងឺ​បេះដូង ។ ជាក់ស្ដែង អង្គការ​WHO និង​ILO​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ឆ្នាំ​២០១៦ មាន​មនុស្ស​ចំនួន​៣៩៨ ០០០​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និង​៣៤៧ ០០០​នាក់ ដោយសារ​ជំងឺ​បេះដូង ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើការ​យ៉ាងតិច​៥៥​ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍ ។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៦ ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​បេះដូង ដោយសារ​ធ្វើការ​ច្រើន​ម៉ោង​បាន​កើនឡើង​៤២% និង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ចំនួន​១៩%​។

 
ពិត​ណាស់ ការ​ប្រជុំ​តាម​អន​ឡាញ​ជា​រឿង​ដែល​ចាំបាច់​មួយ​សម្រាប់​ការ​ធ្វើការ​ពី​ផ្ទះ​។ ប៉ុន្តែ​ការ​ចំណាយពេល​នៅ​ទល់មុខ​អេ​ក្រង់​រយៈពេល​យូរ​ម៉ោង អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​មាន​សម្ពាធ និង​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ផ្សេង​ៗ ។
 
លោក​សាស្ត្រាចារ្យ​Jeremy Bailenson​ស្ថាបនិក​នៃ​មន្ទីរពិសោធន៍​អន្តរ​កម្ម​មនុស្ស​និម្មិត Stanford​បាន​ពិនិត្យ​មើល​ផលវិបាក​ខាង​ផ្លូវចិត្ត​នៃ​ការ​ចំណាយពេល​ច្រើន​ម៉ោង​ដើម្បី​ធ្វើការ​ពី​ផ្ទះ និង​បាន​ពន្យល់​ពី​មូលហេតុ​៤​យ៉ាង ពាក់ព័ន្ធ​នឹង​ការ​ជជែក​តាម​វី​ដេ​អូ ដែល​ធ្វើ​ឲ្យ​យើង​អស់កម្លាំង​។
  • ការ​ប៉ះ​ភ្នែក​ជិត​នឹង​អេ​ក្រង់​រយៈពេល​យូរ និង​កម្រិត​ខ្លាំង
  • មាន​អារម្មណ៍​អស់កម្លាំង​នៅ​ពេល​ឃើញ​រូប​ខ្លួនឯង​នៅ​ក្នុង​វី​ដេ​អូ
  • កាត់​បន្ថយ​ការ​ធ្វើ​ចលនា
  • តម្រូវការ​ការ​យល់​ដឹង​ខ្ពស់​ជាង​ការ​ជជែក​ផ្ទាល់
ធ្វើការ​ច្រើន​ម៉ោង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង
ធ្វើការ​ច្រើន​ម៉ោង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ ហើយ​វា​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ផង​ដែរ​។ ពន្លឺ​ដែល​ចេញពី​អេ​ក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​អាច​បង្កើត​អារម្មណ៍​នៃ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ នៅ​ពេល​ដែល​យើង​ធ្វើការ​ច្រើន​ម៉ោង រាង​កាយ​របស់​យើង​ត្រូវការ​សម្រាក ហើយ​យើង​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។
 
លើស​ពី​នេះ វា​អាច​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​មិន​ទៀងទាត់​ពេលវេលា ព្រមទាំង​ធ្វើ​ឲ្យ​កម្រិត​ស្ត្រេ​ស​ផ្លូវចិត្ត​កាន់តែ​ខ្ពស់​ថែម​ទៀត ដែល​អាច​នាំ​ឲ្យ​យើង​កើត​មាន​អាកា​រៈគាំង​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ដោយ​មិនដឹង​ខ្លួន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com