ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​ណា ! សុខ​ៗ​ខូច​ថ្លើម និង​បេះដូង ព្រោះ​តែគ្រឿង​ស្រវឹង
17, Mar 2024 , 6:59 am        
រូបភាព
ឈាម​បញ្ជូន​សារធាតុចិញ្ចឹម និង​សារធាតុ​ផ្សេង​ៗ រួម​ទាំង​ជាតិ​អាកុល ដែល​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្តឈាម​តាម​រយៈ​ក្រពះ និង​ពោះវៀនតូច​ទៅ​គ្រប់​ផ្នែក​នៃ​រាង​កាយ ហើយ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ក៏​រង​ការ​ប៉ះពាល់​ផង​ដែរ​។ នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​អាច​កើត​ឡើងជា​បណ្ដោះអាសន្ន​។

 
ជា​ទូទៅ ចំពោះ​ស្ត្រី​គួរ​ផឹក​គ្រឿង​ស្រវឹង​ចំនួន​១​កែវ រីឯ​បុរស​អាច​ផឹក​បាន​ចំនួន​២​កែវ​ក្នុង​មួយ​ថ្ងៃ ដែល​បរិមាណ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​សម​ល្មម​។
 
យ៉ាងណាមិញ ប្រសិនបើ​យើង​ផឹកស្រា​លើស​កម្រិត​ជា​ប្រចាំ តើ​នឹង​មាន​អ្វី​កើតឡើង​ចំពោះ​សុខភាព​បេះដូង?
 
ចង្វាក់បេះដូង​កើនឡើង
ពិត​ណាស់ គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ប្រែប្រួល​ចំពោះ​ចង្វាក់បេះដូង​។ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ផឹកស្រា​ច្រើន​ជា​ប្រចាំ​អាច​បង្ក​ឲ្យ​កើត​ជំងឺ​បេះដូង​ដើរ​ញាប់ ហើយ​ផលវិបាក​ដែល​កើតឡើង​ដោយសារ​បញ្ហា​បេះដូង​ដើរ​ញាប់​នេះ​មាន​ភាព​ខុស​គ្នា ដែល​អាស្រ័យ​លើ​ភាព​ញឹកញាប់ រយៈពេល និង​ភាព​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ដុំ​កំណក​ឈាម ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាកា​រៈគាំង​បេះដូង និង​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​។
 
សម្ពាធ​ឈាម​កើនឡើង
សូ​ម្បី​តែ​នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង​ម្ដងម្កាល ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​យើង​ឡើង​ខ្ពស់​ផង​ដែរ​។ ដូចនេះ​ហើយ ប្រសិនបើ​យើង​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ និង​លើស​កម្រិត វា​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺលើសឈាម​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ស្រា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ថយ​ចុះ​។ យ៉ាងណាមិញ នៅ​ពេល​ដែល​សម្ពាធ​ឈាម​ខ្ពស់ វា​ក៏​អាច​បណ្ដាល​ឲ្យ​សរសៃឈាម​ឡើង​រឹង និង​ក្រាស់ ជា​ហេតុ​បង្ក​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​។
 
បេះដូង​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ទទួលយក​អុក​ស៊ី​សែន និង​សារធាតុចិញ្ចឹម ដោយ​បង្កើត​សម្ពាធ​សម្រាប់​ឈាម​ចរាចរ​ពាសពេញ​រាង​កាយ ដើម្បី​ធានា​ថា​ឈាម​ហូរ​នៅ​ក្នុង​ទិស​ដៅ​តែ​មួយ​។ ភាព​ញឹកញាប់ និង​កម្លាំង​កន្ត្រាក់​នៃ​បេះដូង​ប្រែប្រួល​ទៅ​តាម​តម្រូវការ​រាង​កាយ​។ ជា​ទូទៅ សាច់ដុំ​អាច​កន្ត្រាក់​ដោយសារ​តែ​ស្រទាប់​សាច់ដុំ​នៅ​ក្នុង​ជញ្ជាំង​បេះដូង​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល វា​នឹង​អាច​បំផ្លាញ​សាច់ដុំ​បេះដូង ក៏​ដូច​ជា​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​សាច់ដុំ​បេះដូង​ដោយ​មិនដឹង​ខ្លួន​។
 
គ្រឿង​ស្រវឹង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង​អ្វីខ្លះ?
 
១. គាំងបេះដូង
សាច់ដុំ​បេះដូង​ត្រូវការ​អុក​ស៊ី​សែន ដើម្បី​ដំណើរការ​។ នៅ​ពេល​ដែល​សរសៃឈាម​ដែល​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ត្រូវ​បាន​កាត់​បន្ថយ ឬ​កាត់​ផ្ដាច់​ទាំងស្រុង សាច់ដុំ​បេះដូង​មិន​អាច​ទទួល​បាន​អុក​ស៊ី​សែន ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​អាកា​រៈគាំង​បេះដូង​។ ការ​ផឹក​គ្រឿង​ស្រវឹង​អាច​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ហើយ​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ (high triglycerides) ច្រើន​តែ​មាន​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់​ខ្ពស់ និង​កូ​លេ​ស្តេ​រ៉ូ​ល​ល្អ​តិចតួច​។ នៅ​ពេល​ដែល​យើង​មាន​កូ​លេ​ស្តេ​រ៉ូ​ល​អាក្រក់​ខ្ពស់ វា​អាច​បង្ក​ឲ្យ​ស្ទះ​សរសៃឈាម ក៏​ដូច​ជា​បង្ក​ទៅ​ជា​ជំងឺ​គាំងបេះដូង​។
 
២. ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល
ជាមួយ​គ្នា​នេះ​ដែរ ការ​ផឹក​គ្រឿង​ស្រវឹង​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​ចំនួន​២​ប្រភេទ ដែល​បណ្ដាល​ឲ្យ​មានការ​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ជាលិកា​ខួរក្បាល និង​អាច​ធ្វើ​ឲ្យ​យើង​បាត់បង់​ចលនា និង​មុខងារ​រំញោច ។ ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​នេះ​ក៏​អាច​បំផ្លាញ​ប្រព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​រាង​កាយ​របស់​យើង រួម​ទាំង​ប្រព័ន្ធ​ឆ្អឹង ប្រព័ន្ធ​សាច់ដុំ ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​ផ្លូវដង្ហើម និង​ប្រព័ន្ធ​ទឹកនោម​ថែម​ទៀត​ផង​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com