RFI
ជាតិ
ព័ត៍មានសុខភាព
សុខភាព
តើប្រេង​កូឡាមាន​​ប្រសិទ្ធភាពយ៉ាងណា​ តាម​បែប​វិទ្យាសាស្ត្រ​?
16, Mar 2024 , 1:59 pm        
រូបភាព
ដោយ៖ អៀង សុខម៉ិញ/RFI ខេមរភាសា
 
តឹង​ច្រមុះ​ ឈឺក្បាល ឈឺ​ពោះ ចុក​ដៃ រួយ​ជើង រមាស់​ស្បែក មូសខាំ ... សូម​យក​ប្រេង​កូឡា​មក​លាប​ អ្នក​​នឹង​បាន​ធូរ​ស្បើយ​។ ទាំង​នេះ​ជា​កាយ​វិការ​និង​ជា​យោបល់ ​ដែល​ចាស់ៗមាន​ទម្លាប់​ណែនាំឱ្យ​ក្មេង​ៗ​ប្រើ។ តើ​ប្រេងកូឡា​ពិត​ជា​មាន​ប្រសិទ្ធភាព​មែនឬ? ចុះតើ​វិទ្យាសាស្ត្រ​ពន្យល់​អំពី​ប្រេងកូឡា​នេះ​យ៉ាងណា?

 
ប្រេង​កូឡា​សញ្ញា​រូប​ស្វា ប្រេង​កូឡា​សញ្ញា​រូប​ខ្លា ប្រេង​កូឡា​សៀម ប្រេង​កូឡា​សាំងហ្កាពួរ តើ​លោក​អ្នក​ធ្លាប់​ប្រើ និង​ដឹង​អំពី​ប្រវត្តិ​ពិត ព្រមទាំង​ប្រសិទ្ធភាព​របស់​​ប្រេងកូឡា​ទេ? ​មាន​ឈ្មោះ​ជា​ប្រេងកូឡា ​​​ផលិតផលនេះ​ត្រូវ​បាន​​រក​ឃើញ​និង​ផ្សំ​ឡើង​ដោយ​គ្រូ​ឱសថបូរាណ​ចិន Aw Chu Kim រស់​នៅក្នុង​ប្រទេស​ភូមា កាលពី​ចុង​សតវត្សរ៍​ទី​១៩ (១៨៧០)។ ស្តេច​​ចិន​សម័យ​នោះ​ក៏​បាន​ប្រើ​ប្រេងកូឡានេះ​សម្រាប់​ព្យាបាល​រោគា​ស្រាល​ៗ​ជា​ច្រើន​មុខដែរ។
 
ត្រូវ​បាន​បណ្តា​ជន​នៅអាស៊ី​ចាត់​ទុក​ជាឱសថ ប្រេងកូឡា​ឬ ​​ប្រេង​ខ្យល់ (ប្រេងកូឡា​ជា​វត្ថុរាវ) អាច​​ព្យាបាល និង​បន្ធូរ​បន្ថយ​​អាការៈ​ច្រើន​មុខណាស់។ ប្រេងកូឡា​ពណ៌​ក្រហម​ ខ្លាំង​ជាង​ប្រេង​កូឡា​ពណ៌​សធម្មតា ហើយ​ត្រូវ​នឹង​អាការៈ​រលាក គ្រេច​ថ្លោះ ឈឺសន្លាក់​​ ឈឺ​ចុក​ស្រពន់​សាច់​ដុំ​ ឈឺ​ខ្នង​ឈឺ​ចង្កេះ។ ចំណែក​ប្រេងកូឡា​សវិញ ត្រូវ​នឹង​ជំងឺ​​ឈឺក្បាល តឹង​ច្រមុះ ​ ឈឺ​ពោះ​ រមាស់​ដោយ​សត្វ​ល្អិត​ទិច​ឬ​ខាំ។ ពោល​គឺ​ប្រេង​កូឡាជា​ឱសថ​​ត្រូវ​នឹង​ជំងឺ​មួយ​រយ​មុខ​។ ពេល​នេះ​ប្រេង​កូឡា​ល្បីល្បាញ និង​បានហូរ​ចូល​មក​ដល់​អឺរ៉ុប​។
 
តើ​អាច​ទៅ​រួច​ទេ​ដែល​ផលិតផល​មួយ​អាច​ត្រូវ​នឹង​ជំងឺ​រាប់​សិប​មុខ​យ៉ាង​ដូច្នេះ? ប្រេង​កូឡាផ្សំ​ឡើង​ពី​អ្វី​ខ្លះ​? និង​ពិត​ជា​ឱសថ​ទិព្វ​ដូច​ជំនឿ​ទាំង​អស់​នេះមែន​​ឬ?
 
បើ​និយាយ​អំពី​ថ្នាំពេទ្យផលិត​តាម​បែប​វេជ្ជសាស្ត្រ​និ​ង​វិទ្យាសាស្ត្រ​ វា​កម្រ​ណាស់​ដែល​ថ្នាំ​មួយ​មុខ​អាច​ត្រូវ​នឹង​ជំងឺ​ដ៏​ច្រើន​ដូច​ប្រេងកូឡា​នោះ។ លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Astier ប្រធានគ្រប់គ្រ​ងសេវា​​ផ្នែក​ឱសថ​នៃ​មន្ទីរពេទ្យ​ហង់រី​ម៉ុងដ័រ ក្រេតី ក្បែរក្រុង​ប៉ារីស បាន​ព្រមាន ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​ចេះ​ត្រេះរិះនិង​​ប្រុង​ប្រយ័ត្ន​ មុន​នឹង​សម្រេច​លាប​ប្រេងកូឡា។
 
ប្រេង​កូឡា​ផ្សំ​ឡើង​ដោយ​សារធាតុ​ប្រេង​របស់​រុក្ខជាតិ​ជា​ច្រើន​មុខ ដូច​ជា​ឈើឯម ជីរអង្កាម ដើមប្រេង​ខ្យល់ ជាតិ​ម៉ង់តុល campre ...។ ប្រេង​របស់​សារធាតុ​ផ្សំ​ពីរ​មុខ​ចុងក្រោយ​នេះ អាច​ពុល​ដល់​ប្រព័ន្ធ​ប្រសាទ​ និង​ធ្វើ​ឱ្យ​អ្នក​លាប ហិត​និង​ស្រូប​ក្លិន​វា ទៅ​ជា​​ប្រកាច់​បាន។
 
តើ​ប្រេង​កូឡា​មាន​ប្រសិទ្ធភាព​ពិត​ដូចម្តេច​ខ្លះ?

ស្បែក​មនុស្ស​ចាស់ ជា​ស្បែក​ក្រាស់ដែល​មិន​ងាយ​ជ្រាប​ទេ មាន​ន័យ​ថា​ សារធាតុ​ខ្លាញ់/​ប្រេង​ ដូច​យ៉ាង​ប្រេង​កូឡា​ ឬ​ប្រេង​ខ្យល់ មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​នៅ​ក្នុង​សរីរាង្គ​​ផ្នែក​ខាង​ក្នុង​បាន​ទេ។ ដូច្នេះ​បើ​តាម​ការ​ពន្យល់​របស់​សាស្ត្រាចារ្យ Astier ដដែល ប្រេងកូឡា​ អាច​មាន​ឥទ្ធិពល​តែ​លើ​ស្បែក​ខាង​ក្រៅ ចំ​កន្លែង​លាប​ និង​នៅ​ផ្នែក​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ។ ឯ​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​សាច់​ដុំ ឬ​ឈឺ​សន្លាក់ ជា​ទូទៅ ច្រើន​តែជា​​បញ្ហា​ពាក់ព័ន្ធ​នឹង​សរីរាង្គ​នៅក្រោម​ និង​ផ្នែក​ខាង​ក្នុង​ខ្លាំង​នៃ​ស្បែក។ ដូច្នេះ​ការ​លាប​ផលិតផល​អ្វី​មួយ​នៅលើ​ស្បែក​មិន​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹងអាការៈ​រោគ​ទាំងអស់​នោះ​​ទេ។ កាយវិការ​តែមួយ​គត់​ដែល​ការ​លាប​ប្រេងកូឡា​ទៅ​អាច​មាន​ប្រសិទ្ធភាពបំបាត់​ការ​ឈឺ​ចុកចាប់​សាច់​ដុំ​​ គឺ​លាប​អម​ជាមួយ​នឹង​​ការ​ធ្វើ​ម៉ាស្សា។ គឺ​ការ​ធ្វើ​ម៉ាស្សាទេដែល​ជួយ​សម្រួល​ការ​អាការៈ​ឈឺ​សាច់​ដុំ​ឱ្យបាន​ធូរ​ស្បើយ។ ក្នុងករណី​នេះ លោក​សាស្ត្រាចារ្យ​ Astier បាន​ផុ្តល់​អនុសាសន៍​ឱ្យ​​ធ្វើ​ម៉ាស្សា​ដោយ​មិន​បាច់​ប្រើ​ប្រេងកូឡា​តែម្តង​​ ព្រោះ​ប្រេង​កូឡា​​ជា​ផលិតផល​ងាយ​ធ្វើ​ឱ្យ​ស្បែក​រលាក ឡើង​ក្រហាយ​ ដែល​មិន​ត្រូវ​ប្រើ​នៅ​ត្រង់​ស្បែក​មាន​របួស មាន​ដំបៅ ឬ​ត្រង់​ស្បែក​មាន​ស្នាមដាច់​ដាចទេ។
 
ចំពោះ​ប្រេងកូឡា​ពណ៌​សវិញ គេ​មាន​ជំនឿ​ថា​ត្រូវ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម។ ​អ្នក​ផលិតអួត​អាង​ថា​​ ប្រេង​កូឡា​នេះ​នឹង​ជួយ​អាការៈ​តឹង​ច្រមុះ​ឱ្យ​បាន​ធូរ ព្រមទាំង​អាការៈក្អក​និង​អាការជំងឺ​មាន​ពាក់​ព័ន្ធនឹង​ទង​សួត​ឬ​សួត​បា​ន ដោយ​គ្រាន់​តែ​យក​មក​រឹត​នៅ​លើ​ទ្រូង បំពង់ក និង​នៅ​ជុំ​វិញរន្ធច្រមុះ។ ប៉ុន្តែ​សម្រាប់​លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ្វី​ដែល​ផ្តល់​ប្រសិទ្ធភាព​ខ្ពស់​មិនមែន​ដោយសារ​ប្រេងកូឡា​ទេ តែ​ដោយ​សារ​ជាតិ​ម៉ង់តុល និង​អឺកាលីបទុសរបស់​ដើម​ប្រេង​ខ្យល់​ ដែល​ជា​ផ្នែក​មួយ​នៃធាតុ​ផ្សំ​របស់​ប្រេង​កូឡា។ សារធាតុ​ពី​រ​មុន​ត្រូវ​បាន​គេ​ស្គាល់​តាំងពី​យូរ ថា​អាច​ជួយ​រំលាយ​កំណក​កំហាប់​ជា​លិកា​នៅ​រន្ធ​ច្រមុះ​ ដោយ​ជួយ​សម្រួល​ការ​បង្ហូរ​ចេញ​នូវ​ភ្នាស​មិន​ល្អ។ ដូច្នេះ​ប្រេង​កូឡា​គ្មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង ថ្នាំ​បាញ់​ច្រមុះ​ឬ​ក្រដាស​ជូត​សំបោរ​មាន​លាយ​ជាតិ​ម៉ង់តុល​ទេ។ ការ​ញើស​សំបោរ​ដោយ​ក្រដាស​មាន​ជាតិ​ម៉ង់តុល ឬ​ការ​លាង​រន្ធ​ច្រមុះ​ដោយ​ថ្នាំ​ស្ពៃ​បាញ់​ អាច​កម្ចាត់​សំបោរ​ដោយ​ផ្ទាល់​ឱ្យ​ចេញ​អស់​ ហើយ​បើក​បណ្តាញ​ផ្លូវ​ដង្ហើម​ឱ្យ​ស្រលះ​អាច​ស្រូប​ខ្យល់​ចេញ​បាន​ស្រួល​។ ចំណែក​ប្រេងកូឡា គ្មាន​សមត្ថភាព​នេះ​ទេ។ នេះ​ជា​សេចក្តី​បញ្ជាក់​របស់​សាស្តាចារ្យ​ Astier ដោយ​ទទូច​ថា ប្រេង​កូឡា​មិន​ប្រាកដ​ថា​មាន​ប្រសិទ្ធភាព​ទេ។ មិនមែន​គ្រប់​ឱសថ​បូរាណ​សុទ្ធ​តែ​មាន​ប្រសិទ្ធភាព​ឡើយ។
 
រហូត​មក​ទល់​នឹងពេល​នេះ ពុំ​ទាន់​មាន​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​ដែល​អាច​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ប្រេង​កូឡា​ឡើយ។ លោកសាស្ត្រាចារ្យ​សូម​រំលឹក​ថា ប្រេងកូឡា​ជា​ផលិតផល​មួយ តែមិនមែន​ជា​ថ្នាំ ជា​ឱសថ​ឡើយ​។ គ្មានការ​ត្រួត​ពិនិត្យ​អំពី​ធាតុ​ផ្សំ​របស់​ប្រេង​កូឡាទេ ហើយ​ក៏​បរិមាណ​របស់​ធាតុផ្សំ​នីមួយៗ​ក៏ប្រែប្រួល​ខុស​គ្នា​ច្រើន ព្រមទាំង​អាច​មាន​ការ​បន្ថែម​សារធាតុ​ផ្សេងៗ​ដែល​មិន​បរិសុទ្ធផង។
 
ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​បារាំង បានហាម​ឃាត់​មិន​ឱ្យ​ប្រើ​ប្រេង​កូឡា​លើ​ក្មេង​អាយុ​ក្រោម​៦​ឆ្នាំ​ទេ​។ ស្បែក​ក្មេង​ខុស​ពី​ស្បែក​របស់​មនុស្ស​ធំ អាចស្រូប​ជាតិ​ខ្លាញ់​និ​ងប្រេង​បាន​យ៉ាង​ងាយ​។ ក្រៅ​អំពី​ងាយ​រលាក និង​អាល់​ឡែកហ្ស៊ី ការ​លាប​ប្រេង​កូឡា​លើ​ស្បែក​ដ៏ខ្ចីរបស់​ក្មេង​​អាច​នឹង​ធ្វើ​ឱ្យមាន​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ និង​ប្រកាច់ ព្រោះ​ជាតិ​ម៉ង់តុល​ឬ​Campre។ ដោយ​ហេតុ​តែ​មាន​ជាតិ​ប្រេង​របស់​រុក្ខជាតិ​និង​សារធាតុ​Campre ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ក៏​មិន​ត្រូវ​ប្រើ​ប្រេង​កូឡាដែរ។ មិន​ត្រូវ​លេប​ឬ​ផឹក​ទឹក​មាន​ប្រេងកូឡា​ឬ​ប្រេង​ខ្យល់ និង​ត្រូវ​លាង​ដៃ​ឱ្យ​បាន​ស្អាត​ក្រោយ​ពី​បាន​ប្រើ​ប្រេង​កូឡា​រួច៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com