RFI
ព័ត៍មានសុខភាព
សុខភាព
អន្តរជាតិ
កូឡាហ្សែន​ពិត​ជា​អាច​ជួយ​ធ្វើ​ឱ្យ​នៅ​ក្មេង​ជាង​វ័យ​មែនឬ?
16, Mar 2024 , 6:59 pm        
រូបភាព
រូបថត ASSOCIATED PRESS
រូបថត ASSOCIATED PRESS
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ជា​គ្រាប់​ដូច​ថ្នាំ ជាម្សៅ​​អាហារ​បន្ថែម​ ជា​ឡេ​លាប​ស្បែក កូឡាហ្សែន​កំពុង​ពេញ​និយមខ្លាំង​ណាស់​នាពេល​បច្ចុប្បន្ន។ កូឡាហ្សែន​ដែ​ល​គេប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ពុកឆ្អឹងស្គាល់​តាំងពី​យូរ ត្រូវ​បាន​ឧស្សាហកម្ម​អួតអាង​អំពី​ប្រសិទ្ធភាព​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ភាព​ចាស់​ជីវជ្រួញ​របស់​ស្បែក​ទៀត។ តើ​កូឡាហ្សែន​ជា​អ្វី ? កូឡាហ្សែន​មាន​ឥទ្ធិពល​លើ​ស្បែក​ និង​ភាព​ក្មេង​របស់​មនុស្ស​យ៉ាងណា?



ជួយ​ឱ្យ​នៅក្មេង​ជាង​វ័យ ជួយចិញ្ចឹម​​ស្បែកឱ្យ​តឹង​​ភ្លឺរលោង​ល្អ ឱ្យ​សក់​មាន​សំរិល ឱ្យ​ក្រចក​ដុះ​ល្អ​ ... ទាំង​នេះសុទ្ធសឹង​ជា​ពាក្យ​ឃោសនាផ្សាយ​ពាណិជ្ជកម្ម​អំពីគុណប្រយោជន៍​នៃ​ថ្នាំ​បំប៉ន​កូឡាហ្សែន ដែលមានផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​តាម​អ៊ីនធ័រនែត។
 
ផលិតផល​មាន​ជាតិ​កូឡាហ្សែន​កំពុង​ក្លាយ​ជា​របស់​ពេញ​និយម​សម្រាប់​មនុស្ស​ទាន់​សម័យ​ទំនើប។ តើ​កូឡាហ្សែន​ជាអ្វី?
កូឡាហ្សែន​ជា​ប្រូតេអ៊ីន​ដ៏​ចាំបាច់​សម្រាប់សរីរាង្គកាយ​មនុស្ស​ និង​មាន​នៅ​ក្នុង​គ្រប់​សរីរាង្គ​ទាំង​អស់ ៖ នៅក្នុង​ស្បែក សរសៃ សាច់ដុំ សន្លាក់ ឆ្អឹង។ ​ប្រូតេអ៊ីនកូឡាហ្សែនជា​​រចនា​សម្ព័ន្ធដ៏ចាំបាច់​របស់​ជាលិកានៃ​សរីរាង្គមនុស្ស​។ ​ជាមូលេគុលក្នុង​ទម្រង់​ជា​​សរសៃ​ប្រទាក់​​​ទ្រទ្រង់ ​ចងភ្ជាប់ភ្ជិតកោសិកាក្នុង​សរីរាង្គកាយ​ទាំង​មូល ទាំង​ផ្នែក​ខាង​ក្រៅ និង​ខាង​ក្នុង។​ បើ​សរសៃ​កូឡាហ្សែន ញឹក​ឆ្មារប្រទាក់​គ្នា​ខ្លាំង សាច់​ សរសៃ ឆ្អឹង សាច់​ដុំ​ និង​ជាលិកា​ផ្សេងទៀត​មួយ​ជំលៀសធំ ក៏​ជិត​ រឹង​មាំ តឹង​ណែន​ល្អ​ទៅ​តាម​នោះ។ ដូច​ពាក្យ​អ៊ីចឹង​ហើយ​បាន​គេ​ដាក់​ឈ្មោះ​កូឡាហ្សែន កុល មានន័យថា​បិទ​ភ្ជាប់ ជាភាសាបារាំង។
 
​ ​កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដ៏​ច្រើន​ជាង​គេ​បំផុត​នៅក្នុង​ខ្លួន​មនុស្ស មាន​ច្រើនប្រភេទ​ណាស់។ យ៉ាងហោច​ក៏​២៨ប្រភេទ​ដែរ។ ប្រភេទ​នីមួយ មាន​តូនាទី និង​ទីតាំង ព្រមទាំង​សកម្មភាព​ខុសគ្នាៗ។ ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​​នឹង​រៀបរាប់​លម្អិត​​អំពី​ប្រភទេកូឡាហ្សែនទាំងជិត​៣០នោះមួយ​ម្តងៗ​ទេ ព្រោះ ៩០%​នៃ​កូឡាហ្សែន​ក្នុង​ខ្លួន​មនុស្ស​ជា​កូឡាហ្សែនប្រភេទទីមួយ ទីពីរ និង​ទីបី។
ប្រភេទទីមួយ​មាន​នៅ​ក្នុង​ស្បែក​ សរសៃ និងឆ្អឹង ជាមួយ​នឹង​តួនាទី​ផ្សះផ្សាភ្ជិត និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ចាស់​របស់​ជាលិកា។ ប្រភេទ​ទីពីរ​មាន​នៅ​ត្រង់​ឆ្អឹង​ខ្ចី ដើម្បី​ទ្រទ្រង់​ចលនា​បត់​បែន​របស់​សន្លាក់។ ចំណែក​ប្រូតេអ៊ីន​កូឡាហ្សែន​នៅ​សាច់​ដុំ នៅ​តាម​សរីរាង្គនីមួយៗ និង​នៅ​តាមសរសៃ​ឈាម ជា​ប្រភេទ​ទីបី។
 
កូឡាហ្សែនជាប្រូតេអ៊ីន​ធម្មជាតិ​ដែល​កើត​មាន​នៅ​ក្នុង​សរីរាង្គកាយ​មនុស្ស តាម​រយៈ​ការ​​ធ្វើ​សំយោគ​ពី​ចំណីអាហារ​។ តាំងពី​ក្មេង​និង​ក្នុង​វ័យ​កំពុង​លូត​លាស់ សរីរាង្គ​ផលិត​ជាតិ​កូឡាហ្សែនច្រើន​ខ្លាំងជាង​​​គេ​បំផុត។ ប៉ុន្តែ​ចាប់​ពី​អាយុ​២៥ឆ្នាំ​​ទៅ ការ​ផលិត​កូឡាហ្សែនតាម​ច្បាប់​​ធម្មជាតិរបស់​សរីរាង្គមនុស្ស​​ចាប់​ធ្លាក់​ចុះ។ បរិមាណ​កូឡាហ្សែន​ក្នុង​សរីរាង្គ​កាយ​ចាប់​ផ្តើម​ថយ​ ក្នុង​កំរិត​ជាមធ្យម​១,៥%​។ ​ចូល​ដល់​អាយុពី​៣០-៤០ឆ្នាំ និង​អាស្រ័យ​លើ​ពូជ​ព្រមទាំង​របៀបរបប​រស់​នៅផង ការ​បាត់​បង់​កូឡាហ្សែន​អាចជា​ការ​​ស្រក​ស្រុត​ដោយ​សន្សឹមៗ ​ឬអាចមាន​លក្ខណៈ​ជា​គំហុក ​ដែល​​ស្តែង​ឱ្យ​ឃើញ​នឹង​ភ្នែក ដូច​ជាការ​​ធ្លាក់​ខ្លួន​ចាស់ ចេញ​ស្នាម​ជ្រីវជ្រួញ​​នៅ​លើ​ស្បែក ឬ​ចាប់​ចេះ​មាន​អារម្មណ៍​ឈឺ​នៅ​តាម​សន្លាក់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ចាំបាច់​ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ បំពេញ​បំប៉នធន​ធាន​កូឡាហ្សែន​ឱ្យ​បាន​ច្រើន​បំផុត​ក្នុង​វ័យ​កំពុង​លូត​លាស់​​ ដើម្បី​ជា​​ទុន​សុខភាព​សម្រាប់​ថ្ងៃក្រោយ និង​នៅ​ពេល​ចាស់​ទៅ។
 
បើ​អ៊ីចឹង​តើត្រូវ​បំពេញ​ឱ្យ​សរីរាង្គកាយ​នូវជាតិ​ប្រូតេអ៊ីនកូឡាហ្សែន​បានយ៉ាងដូចម្តេច?

ដូច​បាន​ជម្រាប​ពី​ខាង​ដើម កូឡាហ្សែន ជា​ប្រូតេអ៊ីន​ដែលមាន​នៅក្នុង​ខ្លួន​មនុស្ស តាមបែប​ធម្មជាតិ​​​។ ជា​អ្នកទ្រទ្រង់​រចនា​សម្ព័ន្ធ​ស្បែក សក់ សាច់ដុំ សរសៃ និង​ឆ្អឹង។ គឺ​កូឡាហ្សែន​ជា​អ្នក​ផ្តល់​ភាព​តឹងរលោង​​នៃ​ស្បែក មាន​ចំណែក​ការជួយ​ឱ្យ​មាន​ទន់ភ្លន់​ងាយបត់​បែន​ចលនា​នៅ​តាម​សន្លាក់ ឬ​ផ្តល់​ទម្ងន់និងភាពភ្លឺរលោង​ដល់សក់ និង​ ភាព​មាំហាប់​នៃ​សាច់ដុំ។ តែ​នៅ​ពេលណា​​បរិមាណកូឡាហ្សែន​ធម្មជាតិ​​ចាប់​ផ្តើម​ចុះ​ថយ​ មនុស្ស​ចាប់​ផ្តើម​មាន​ជំងឺ​ និង​មាន​​សញ្ញាស្បែក​ចាស់​​ជ្រីវជ្រួញ យារ​ ឬ​លែង​សូវ​ទន់​ភ្លន់។ ម្យ៉ាង​វិញ​ទៀត វា​ជា​កត្តា​សត្យានុម័ត កូឡាហ្សែន​ធម្មជាតិ​ក្នុង​ខ្លួន​មនុស្ស​ នឹង​ចុះ​ថយ​ជា​លំដាប់​ទៅ​តាម​វ័យ​។
 
ដូច្នេះ​វា​ពិត​ជា​ឡូស៊ិក​ណាស់​ដែល​មនុស្ស​គ្រប់គ្នា​គិត​ឃើញ​ថា​ការ​​បរិភោគ ឬលេប​ថ្នាំ​បំប៉ន ឬ​លាប​​កូឡាហ្សែន​​អាចនឹង​​ទប់ស្កាត់​​ភាព​ចាស់ជរានៃ​ស្បែក​បាន។
 
ដើម្បីសន្សំ​ប្រូតេអ៊ីន​កូឡាហ្សែន គ្មាន​អ្វីប្រសើរ​ជាង​ការ​ទទួល​ទាន​​ចំណីអាហារមាន​ផ្ទុក​និង​សម្បូរ​ទៅ​ដោយ​ជាតិ​កូឡាហ្សែន​ទេ។ អាហារ​ទាំងអស់​នោះ​គឺ ​អាច​ជាត្រី សាច់ ស៊ុត​ស តែ​សម្បូរ​ខ្លាំងជាង​គេ គឺ​ឆ្អឹង​គោ  ឆ្អឹង​ជ្រូក ឆ្អឹង​មាន់ (ជា​ឆ្អឹង​កន្ទុយ​ ឆ្អឹង​ចុងជើង ឬ​ឆ្អឹង​មាន​ខួរ​ដែល​រំងាស់យក​ជាតិ​ចេញយូរ​ទៅ​ឡើង​អន្ធិលៗ)។​ ចំណី​​អាហារ​​មាន​ផ្ទុក​សារជាតិ​អាស៊ីអាមីណេ​ និង​វីតាមីសេ​ ព្រមទាំង​អង់ទីអុកស៊ីដង់ ក៏​មាន​ចំណែក​ជួយបង្កើន​ប្រូតេអ៊ីន​កូឡាហ្សែន​បាន​​ច្រើនដែរ។ សូម​ចង​ចាំ​ថា កូឡាហ្សែន​ មាន​តែ​នៅ​ក្នុង​សាច់​សត្វ និង​គ្រឿង​សមុទ្ទ​ប៉ុណ្ណោះ​។
 
​អាហារ​​បំប៉នកូឡាហ្សែនមាន​ប្រសិទ្ធភាព​យ៉ាងណា?
ចូល​វ័យ​មួយ​ដែលសរីរាង្គកាយ​លែង​សូវ​ធ្វើ​សំយោគ​ចំណីអាហារ​យក​ជាតិ​កូឡាហ្សែន យើង​ទំនង​ជា​ត្រូវការ​ជំនួយ​បន្ថែម​ គឺ​អាហារ​​បំប៉នកូឡាហ្សែន។
 
​ថ្នាំបំប៉នឬ​អាហារ​បំប៉ន​កូឡាហ្សែន ​មាន​ច្រើន​មុខ ​ច្រើន​ទម្រង់ណាស់ ខ្លះ​ជា​មាន​ទម្រង់​ជាគ្រាប់​​ដូច​ថ្នាំ​ពេទ្យ​ ខ្លះ​ជា​ម្សៅ ជា​ទឹក​ភេសជ្ជៈ ខ្លះ​ជា​ឡេ​សម្រាប់​លាប​លើ​ស្បែក ។ល។ និង​។ល។ ផលិតផល​ទាំងអស់​នោះ អាច​ផលិត​ចេញ​ពី​ជាតិ​សាច់ ជាតិ​គ្រឿង​សមុទ្ទ ពី​រុក្ខជាតិ ស្រដៀង​នឹង​កូឡាហ្សែន​ធម្មជាតិ ព្រមទាំងជាតិ​កូឡាហ្សែន​សិប្បនិម្មិត។
 
ការសិក្សា​បែប​វិទ្យាសាស្ត្រ​បាន​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃអាហារ​បំប៉នបន្ថែម។ ការសិក្សា​ចំនួន​១៩​ បាន​រក​​ឃើញ​ថា ​ថ្នាំបំប៉ន​កូឡាហ្សែនបាន​ជួយ​ឱ្យ​មាន​ភាព​ប្រសើរ​ច្រើន ដូច​ជា​ជួយ​បន្តឹង​ស្បែក ជួយ​​ឱ្យ​មាន​ទន់​ល្មើយ ជួយ​ឱ្យ​ស្បែក​មាន​ជាតិ​សំណើម​ល្អ និង​ថែមទាំង​អាច​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​ខ្លះ​ផង​​។ ការ​សិក្សា​ខ្លះទៀត បាន​លាត​ត្រដាង​ឱ្យ​ឃើញ ទៀត​ដែរ​ថា​​ភេជ្ជសៈ​មាន​ជាតិ​កូឡាហ្សែនច្រើន ក៏មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​​ជួយ​ស្បែក​ឱ្យ​មាន​គុណភាព​ល្អប្រសើរ​។ ផ្ទុយទៅ​វិញ ចំពោះ​សក់ ក្រចក​ ផលិតផល​មានប្រសិទ្ធភាព​​ស្តួច​ស្តើង​ណាស់។ ការ​សិក្សា​ទាំងនេះបានទទួល​ការ​ឧបត្ថម្ភ​ច្រើន​ជា​ចំបងពី​​ក្រុមហ៊ុន​ឧស្សាហកម្ម​កែសម្ផស្ស​។ និយាយ​ដូច្នេះ​មិនមែន​ថា​ លទ្ធផល​ស្រាវជ្រាវ​បាំង​បាត់​លទ្ធផល​​​វិទ្យាសាស្ត្រនោះ​ទេ តែ​របៀបផ្សព្វផ្សាយ​​ផ្តល់​ព័ត៌មាន​ទំនង​លើស​ពី​អ្វី​ជា​ ​វិទ្យាសាស្ត្រ។ គ្រប់លទ្ធផល​វិទ្យាសាស្ត្រ​មិន​សូវ​មាន​អំនួត ផ្នែកប្រសិទ្ធភាព​ខ្លាំងដ៏​​អស្ចារ្យ​ដូច​ខ្លឹម​សារ​​ផ្សាយ​ពាណិជ្ជកម្មឡើយ។ ហើយ​ផលិតផលអាហារ​បំប៉ន​ មួយភាគ​ធំទៀត មិន​ទាំងបាន​ឆ្លង​កាត់​ការ​វាយតម្លៃ​តាមបែបវិទ្យាសាស្ត្រ​ផង។
 
អ្វី​ដែល​គួរ​ចង​ចាំ និង​ជា​ការ​ដាស់​ស្មារតី​ដល់​អ្នកប្រើប្រាសគ្រប់​រូប​ ផលិតផលអាហារ​បំប៉ន​នីមួយៗ​មិន​ដូច​គ្នា​ទេ ហើយ​មិន​សុទ្ធ​តែ​បរិសុទ្ធ​ល្អ​ត្រឹម​ត្រូវ​ឡើយ។ បើនិយាយ​អំពី​ហានិភ័យ​នៃ​អាហារ​បំប៉ន​វិញ ថ្នាំខ្លះ​អាច​ធ្វើ​ឱ្យ​មានបញ្ហាឈឺពោះ ពិបាក​​រំលាយ​នៅក្នុង​ក្រពះ សម្រាប់​អ្នកប្រើប្រាស់​ខ្លះ តែ​គ្មានការ​​សរសេរ​ប្រាប់​អំពី​គ្រោះថ្នាក់ និង​ភាព​អវិជ្ជមាន​អ្វី​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ ! គេ​ពិត​ជា​មិន​អាច​ដឹង​បាន​ទេ អំពី​ផលវិបាក​នៃ​​ថ្នាំឬ​អាហារ​បំប៉ន សម្រាប់​រយៈ​ពេល​វែង​ទៅ​មុខ​យូរ ព្រោះ​គ្រប់អាហារបំប៉ន សុទ្ធ​តែ​មាន​ដាក់​សារធាតុ​គីមីបន្ថែម ខ្លះ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ពិបាក​រំលាយ ជាពិសេស​សម្រាប់​ថ្នាំបំប៉ន​កូឡាហ្សែន​សមុទ្ទ ដែល​មិន​បាន​បន្សុទ្ធ​ ឬ​ជម្រះ​ជាតិពុល​ត្រឹម​ត្រូវ​។
 
ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី ហើយ​បើ​អ្នក​ចង់ លោកអ្នក​នៅ​តែអាច​ជ្រើសរើស​ទទួល​ទាន​អាហារ​បំប៉ន​កូឡាហ្សែន ឬ​ថ្នាំ​អាហារបំប៉នប្រភេទ​ផ្សេងៗ ដែលបញ្ចេញ​ផ្តល់​​​ប្រសិទ្ធភាព​​ក្នុង​រយៈ​ពេល​ខ្លី និង​ភ្លាមៗយ៉ាងជាក់​ស្តែង​ ដោយ​ជ្រើសរើស​តែ​ថ្នាំ​បំប៉នត្រូវ​តែ​មួយ​មុខ ជា​ពិសេស​ណាមួយ ហើយ​​ប្រើ​តែមួយ​មុខ ក្នុង​ពេល​តែ​មួយ និង​កុំ​ប្រើលាយ​ច្របល់​ជាមួយ​ផលិតផល​អាហារ​បំប៉ន​ផ្សេង​ទៀត។ ភ្នាក់ងារ​សុវត្ថិភាព​ចំណីអាហារ​និង​សុខភាព​បារាំង បាន​ផ្តល់​អនុសាសន៍​​ឱ្យ​អ្នកប្រើប្រាស់អាហារបំប៉ន​ កុំលេប​ថ្នាំ​នេះ​រយៈ​ពេល​វែង  ​ច្រើន​មុខចូល​គ្នា និងដដែលៗ​យូរពេក៕

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com