កីឡាជាតិ
ជាតិ
ណាហ្កាវើលដ៍ ក្លាយជាជើងឯក E-Cambodian Premier League រដូវកាលដំបូង
18, Mar 2024 , 3:27 pm        
រូបភាព
កីឡាករ ទឹម វង្សរ៉ាវុទ្ធ បានជួយក្លិបបាល់ទាត់ណាហ្គាវើលដ៍ ឈ្នះជើងឯកកីឡាអេឡិចត្រូនិក អ៊ីខេមបូឌានព្រីមៀរលីគ E-Cambodian Premier League លើប្រភេទវិញ្ញាសា E-Football រដូវកាលដំបូង ២០២៣-២៤។ បឹងកេត ដណ្តើមបានចំណាត់ថ្នាក់លេខ៣។



នាជំនួបវគ្គផ្តាច់ព្រ័ត្រខេមបូឌានព្រីមៀរលីគ នៅទីលាន The Blue Sports Center ថ្ងៃទៅ១៧ ខែមីនា កីឡាករ ទឹម វង្សរ៉ាវុទ្ធ​​ របស់ណាហ្គាវើលដ៍ បានយកឈ្នះ​ កីឡាករ មុត​ លី របស់ព្រៃវែង ក្នុងលទ្ធផលយ៉ាងស្វិតស្វាញ ទាំង៣វគ្គ ស្មើ១ (២-២) និង ឈ្នះ២ (១-០, ១-០)។ ជំនួបផ្តាច់ព្រ័ត្រនេះ មាន៣វគ្គ ក្នុងនោះកីឡាករណាឈ្នះ២មុន នឹងក្លាយជាជើងឯក។
  


តាមរយៈលទ្ធផលនេះ កីឡាករ ទឹម វង្សរ៉ាវុទ្ធ​​ បានជួយណាហ្គាវើលដ៍ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ E-Cambodian Premier League វិញ្ញាសា E-Football រដូវកាលដំបូង ស្របពេលព្រៃវែង ដែលមាន មុត​ លី ជាកីឡាករ បានចំណាត់ថ្នាក់ទី២។ ទឹម វង្សរ៉ាវុទ្ធ ទទួលបានរង្វាន់លើកទឹកចិត្ត ម៉ូតូមួយគ្រឿង ប្រាក់ ២លានរៀល ស្របពេល មុត​ លី បានទូរទស្សន៍មួយគ្រឿង និងប្រាក់១,២លានរៀល។
 
ស្រ៊ុន លីលី ដែលជាកីឡាកររបស់ក្លិបបឹងកេត បានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះកីឡាករ ភី រ៉ាភក្តិ របស់អង្គរថាយហ្គឺរ ទាំងពីរវគ្គ (៣-២, ១-០)។ ស្រ៊ុន លីលី ទទួលបានប្រាក់រង្វាន់៨សែនរៀល និងទូរទស្សន៍មួយគ្រឿង។
  


សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្រុមហ៊ុន Cambodian Premier League រួមជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្កើតកម្មវិធីប្រកួតលីគ E-Cambodian Premier League ជាលើកដំបូង ក្នុងគោលបំណងបង្កើតធនធានកីឡាករកីឡាអេឡិចត្រូនិក លើប្រភេទវិញ្ញាសា E-Football សម្រាប់ប្រកួតប្រជែងលើឆាកអន្ដរជាតិ។ សម្រាប់រដូវកាលដំបូងនេះ មានកីឡាករតំណាងក្លិបចំនួន១០ នៃលីគកីឡាបាល់ទាត់កំពូលកម្ពុជា មានវត្តមានក្រុមការប្រកួត អ៊ីលីគនេះ។ 
 
ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ មានដូចខាងក្រោម៖
១.ណាហ្គាវើលដ៍ ២.ព្រៃវែង ៣.បឹងកេត ៤.អង្គរថាយហ្គឺរ ៥.ទ័ព ៦.គិរីវង់សុខសែនជ័យ ៧.ភ្នំពេញក្រោន ៨.ព្រះខ័នរាជស្វាយរៀង ៩.អាយអេស អាយ ដង្កោសែនជ័យ និងលេខ១០ វិសាខា គ្មានវត្តមាន៕

Tag:
 កីឡាអេឡិកត្រូនិក
  E-Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com