ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
បន្ទាប់ពីចេញមុខជាញឹកញាប់នៅក្នុងកម្មវិធីធំៗជាមួយឪពុក ដូចជានៅក្នុងកម្មវិធីព្យុហយាត្រាកងទ័ព ឬនៅពេលបាញ់មីស៊ីលបាលីស្ទិកជាដើម កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងទើបត្រូវបានកាសែតរដ្ឋKCNAប្រើពាក្យពិសេសដែលគេលឺប្រើសម្រាប់តែអ្នកដឹកនាំនយោបាយជាន់ខ្ពស់នៅកូរ៉េខាងជើង។ នៅក្នុងដំណើរអមលោកគីមជុងអ៊ុនជាឪពុក ទៅកន្លែងដាំបន្លែកាលពីថ្ងៃសៅរ៍ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងត្រូវអ្នកអានព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានKCNAលើកតម្កើងជាឧត្តមមនុស្សនៃមគ្គទេសក៍។ សម្រាប់អ្នកជំនាញ ពាក្យពិសេសជាសញ្ញាពន្លយឲ្យដឹងថា កូនស្រីរបស់គីម ជុងអ៊ុនជាអនាគតមេដឹកនាំកូរ៉េខាងជើង ស្នងតំណែងពីឪពុក លោកគីម ជុងអ៊ុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបង្ហាញមុខកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងទៅកាន់ពិភពលោក លើកដំបូង នៅចុងឆ្នាំ ២០២២ នៅពេលនាងអមដំណើរឪពុក គឺលោកគីម ជុងអ៊ុន ចូលរួមតាមដានការបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប។ ចាប់តាំងពីពេលនោះមក ក្មេងស្រីមុខមូលក្រឡង់តែងបង្ហាញវត្តមានដើរជាប់លោកគីម ជុងអ៊ុននៅជួរមុខគេនៅក្នុងកម្មវិធីធំជាច្រើន ដូចជាពិធីព្យុហយាត្រា ដង្ហែរក្បួនកងទ័ព កម្មវិធីជួបជុំជាមួយមេទ័ព ឬកម្មវិធីសម្ពោធសំណង់ស៊ីវិលជាដើម។ គេវាយតម្លៃថា គិតចាប់តាំងពីចុងឆ្នាំ ២០២២ កូនស្រីរបស់គីម ជុងអ៊ុន ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងដឹងថា មានឈ្មោះ គីម ជូអេ បានបង្ហាញមុខនៅទីសាធារណៈ ក្បែរឪពុកដល់ទៅ១៦ដង ដែលនៅក្នុងនោះ ១៤ដងក្នុងកម្មវិធីបង្ហាញសព្វាវុធ ឬការបាញ់សាកល្បងមីស៊ីលបាលិស្ទីក។
គ្រាន់តែជាលេចមុខឈរក្បែរ កាន់ដៃស្និទ្ធស្នាលជាមួយឪពុក ប៉ុន្តែ មិនដែលទទួលបានការហៅឈ្មោះអ្វីនោះទេ។
ទើបនៅថ្ងៃសៅរ៍ទី ១៦ មីនា នៅក្នុងពេលចុះទៅត្រួតពិនិត្យកន្លែងដាំបន្លែ អ្នកអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានប្រើពាក្យហៅពិសេសសំដៅកូនស្រីរបស់លោកគីម ជុងអ៊ុន ដោយថា ឧត្តមមនុស្សនៃមគ្គទេសក៍ គឺលោកគីម ជុងអ៊ុន និងកូនស្រីរបស់លោក កំពុងអមដំណើរដោយកម្មាភិបាលរបស់បក្ស រដ្ឋាភិបាល និងកងទ័ពដើម្បីចុះត្រួតមើលកសិដ្ឋាន។
រូបភាពរបស់ទីភ្នាក់ងារព័ត៌មានKCNAនៅបានបង្ហាញកូនស្រីរបស់លោកគីម ជុងអ៊ុនកាន់កែវយឺតឆ្លុះមើលសកម្មភាពធ្វើសមយុទ្ធរបស់ទាហានឆ័ត្រយោង ដែលកូរ៉េខាងជើងរៀបចំឡើងដើម្បីឆ្លើយតបនឹងលំហាត់សឹករបស់កងទ័ពជើងអាកាសអាមេរិក និងកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
សម្រាប់អ្នកវិភាគ នេះជាលើកទី១ ដែលគេបានលឺប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងប្រើពាក្យ Hyangdo សម្រាប់សំដៅកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង។ នៅរបបកុម្មុយនិស្តកូរ៉េខាងជើង ពាក្យ Hyangdo ឆាំងតូ ដែលមានន័យថា មគ្គទេសក៍រមែងត្រូវគេប្រើសម្រាប់សំគាល់ថ្នាក់ដឹកនាំកំពូល ឬអ្នកស្នងតំណែងតែប៉ុណ្ណោះ។ លោកចឹង សឹងចាង ប្រធានមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្តឧបទ្វីបកូរ៉េនៃវិទ្យាសាស្រ្តសេអ៊ូលបានមានប្រសាសន៍ថា ការដែលកាសែតរដ្ឋកូរ៉េខាងជើងនិយាយលើកតម្កើង គីម ជូអេ ដែលមានអាយុប្រមាណ ១២ ឬ១៣ឆ្នាំ ឲ្យដល់ឋានៈមួយដ៏ខ្ពង់ខ្ពស់បែបនេះ ជាការសបញ្ជាក់ថា កូនស្រីសំណព្វរបស់គីម ជុងអ៊ុននឹងបន្តតំណែងពីឪពុក ដឹកនាំកូរ៉េខាងជើងនៅថ្ងៃខាងមុខ។
ជាចៅប្រុសរបស់ស្ថាបនិកកូរ៉េខាងជើង គឺ សេនាប្រមុខគីម អ៊ីលស៊ុង គីម ជុងអ៊ុនដែលជាកូនម្នាក់របស់លោកគីម ជុងអ៊ីលបានចូលដឹកនាំកូរ៉េខាងជើង បន្តពីឪពុកដែលស្លាប់ដោយសារជំងឺគាំងបេះដូង។ នៅឆ្នាំ ២០០៩ គីម ជុងអ៊ុនបានរៀបអាពាហ៍ពិពាហ៍ជាមួយ រី សុលជូ។ តាមចារកិច្ចកូរ៉េខាងត្បូង មេដឹកនាំកូរ៉េខាងជើងមានកូនប្រុសម្នាក់ កើតនៅឆ្នាំ២០១០ ចំណែក កូនស្រីគីម ជូអេជាកូនទី២។ ប៉ុន្តែ នៅឆ្នាំមុន រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េ នៅទីក្រុងសេអ៊ូលអះអាងថា រដ្ឋាភិបាលមិនច្បាស់ទេថា មេដឹកនាំកូរ៉េខាងជើងមានកូនប្រុស។
ដោយពិតទៅ នៅមុនការបង្ហាញមុខជាសាធារណៈរបស់កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅឆ្នាំ ២០២២ ពិភពលោកបានដឹងខ្លះៗថា គីម ជុងអ៊ុនមានកូនស្រី នៅពេលកីឡាករបាល់បោះអាមេរិក លោកDennis Rodman ដែលជាមិត្តជិតស្និទ្ធនឹងលោក គីម ជុងអ៊ុន និយាយប្រាប់កាសែតអាមេរិកថា លោកបានឃើញកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នៅពេលលោកត្រូវអញ្ជើញឲ្យទៅលេងលោកគីម ជុងអ៊ុននៅព្យុងយ៉ាងនៅឆ្នាំ ២០១៣។
ចង់ ឬមិនចង់ ការបង្ហាញវត្តមានកូនស្រី និងការប្រើពាក្យគោរពខ្ពង់ខ្ពស់សំដៅកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ជាសារមួយរបស់កូរ៉េខាងជើង ដែលចង់បញ្ជាក់យ៉ាងច្បាស់ថា របបព្យុងយ៉ាងបន្តពង្រឹងអំណាចនយោបាយវង្សត្រកូលគីម ដែលនឹងនៅស្ថិតស្ថេរជាដរាបដោយមានការការពារពីមីស៊ីលបាលិស្ទីក និងអាវុធនុយក្លេអ៊ែរ៕