កីឡាអន្តរជាតិ
អន្តរជាតិ
Fenerbahce ពិចារណាដកខ្លួនពីលីគកំពូលតួកគី ក្រោយកីឡាករខ្លួន រងការវាយដំក្នុងទីលាន
19, Mar 2024 , 10:05 am        
រូបភាព
Fenerbahce ពិចារណាដកខ្លួនចេញពីក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលតួកគី Super Lig បន្ទាប់ពីកីឡាកររបស់ពួកគេ រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកគាំទ្រ Trabzonspor នៅក្នុងទីលាន។ នេះបើតាមការបញ្ជាក់របស់លីគ Super Lig នៅថ្ងៃទី១៨ ខែមីនា។



ហេតុការណ៍ហិង្សា កើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Fenerbahce ទទួលជ័យជម្នះលើក្រុម Trabzonspor ៣-២ ក្នុងជំនួបលីគចុងសប្តាហ៍មុន។ ភ្លាមៗក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងបានដេញវាយកីឡាកររបស់ Fenerbahce ពេញក្នុងទីលាន។ នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងលីគតួកគី ដែលគេចាត់ទុកថាមានភាពចម្រូងចម្រាសបំផុតក្នុងរដូវកាលនេះ។
 
កីឡាររបស់ Fenerbahce ពីររូប Bright Osayi-Samuel និង Michy Batshuayi បានព្យាយាមធ្វើអន្តរាគមន៍ នៅពេលសន្តិសុខបានចូលទៅក្នុងទីលាន។ យ៉ាងណាក៏ដោយ ក្នុងខ្សែវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គម Batshuayi អតីតខ្សែប្រយុទ្ធ Chelsea បានលោតធាក់អ្នកគាំទ្រម្នាក់នៅក្នុងហេតុការណ៍នោះផងដែរ។
 
 

បន្ទាប់ពីករណីនេះ ក្លិប Fenerbahce បានបង្ហាញអំពីការពិចារណាដកខ្លួនចេញពីលីគកំពូលតួកគី។ ក្រុមប្រឹក្សាភិបាលក្លិបបានសម្រេចចិត្តនៅថ្ងៃទី១៨ ខែមីនា ថាក្លិបនឹងបើកកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ខែមេសា ដើម្បីសម្រេចចិត្តចុងក្រោយជុំវិញករណីនេះ។
 
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានថ្កោលទោសចំពោះឧបទ្ទវហេតុនេះ។ លោក Infantino ចាត់ទុកថា អំពើហិង្សាក្នុងការប្រកួត Super Lig របស់តួកគីរវាង Fenerbahce និង Trabzonspor មិនអាចទទួលយកបានឡើយ។
 
Fenerbahce ដែលមានលោក İsmail Kartal ជាគ្រូបង្គោល បច្ចុប្បន្នឈរនៅលេខរៀងទី២ ក្នុងតារាង Super Lig មាន ៧៩ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Galatasaray ចំនួន២ពិន្ទុ និងនាំមុខក្រុមលេខ៣ Trabzonspor ចំនួន ៣០ ពិន្ទុ៕



Tag:
 Fenerbahce
  Super Lig
© រក្សាសិទ្ធិដោយ thmeythmey.com