រដ្ឋសភាវៀតណាម នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី២១ ខែមីនា ដើម្បីពិចារណានិងសម្រេចចិត្តលើកិច្ចការមន្រ្តីនយោបាយជាន់ខ្ពស់។ បើតាមសារព័ត៌មាន Reuters កិច្ចប្រជុំនេះ នឹងពិភាក្សាជុំវិញតំណែងប្រធានាធិបតី។
លិខិតចុះហត្ថលេខាដោយអគ្គលេខារដ្ឋសភា លោក ប៊ួយ វាន់ គឿង ផ្ញើជូនសមាជិកសភាវៀតណាមមានខ្លឹមសារថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចរៀបចំសម័យប្រជុំវិសាមញ្ញលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥ នៅថ្ងៃទី២១ ខែមីនា ដើម្បីពិចារណា និងសម្រេចកំណត់ការងារមន្រ្តីនយោបាយជាន់ខ្ពស់ស្ថិតក្រោមអំណាចរបស់រដ្ឋសភាជាតិ។
លិខិតនោះ មិនបានបញ្ជាក់ព័ត៌មានលម្អិតឡើយ។ កន្លងមក ការប្រើពាក្យពិចារណាលើមន្រ្តីរដ្ឋបែបនេះ ច្រើនតែជាការផ្លាស់ប្ដូរមន្រ្តីធំៗរបស់ប្រទេស។
បើតាមទីភ្នាក់ងាររព័ត៌មាន Reuters ដែលបានដកស្រង់សម្តីមន្ត្រី លទ្ធភាពនៃមន្រ្តីនយោបាយជាន់ខ្ពស់ដែលត្រូវបានពិភាក្សាដោយរដ្ឋសភានោះគឺជា ការលាលែងពីតំណែងរបស់ប្រធានាធិបតី វ៉ វាន់ ធឿង។
ជុំវិញរឿងនេះ នៅថ្ងៃទី១៤ ខែមីនា វៀតណាមបានស្នើសុំពន្យារពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ស្តេចហូឡង់ Willem-Alexander និងម្ចាស់ក្សត្រី Máxima តាមការអញ្ជើញរបស់ប្រធានាធិបតី វ៉ វាន់ ធឿង ដោយហេតុផលថា ត្រូវដោះស្រាយស្ថានភាពផ្ទៃក្នុង។
ស្តេច Willem-Alexander មានព្រះរាជបន្ទូលនៅថ្ងៃទី១៥ ខែមីនាថា ទ្រង់ភ្ញាក់ផ្អើល ហើយមិនបានដឹងពីមូលហេតុថា ហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់វៀតណាមត្រូវបានពន្យារពេល។ នេះបើតាមសារព័ត៌មាន BBC ជាភាសាវៀតណាម។
យោងតាមកម្មវិធីចេញផ្សាយដោយរាជវង្សហូឡង់ នៅថ្ងៃទី១៩ ខែមីនា ព្រះមហាក្សត្រ និងម្ចាស់ក្សត្រីហូឡង់រំពឹងថា នឹងទទួលស្វាគមន៍ដោយប្រធានរដ្ឋ វ៉ វ៉ាន់ ធឿង និងភរិយា ហ្វាន ធិ ថាញ់ តឹម ជាមួយនឹងពិធីស្វាគមន៍នៅវិមានប្រធានរដ្ឋ។
តែកាលពីខែមករា ឆ្នាំ២០២៣ រដ្ឋសភាក៏មានកិច្ចប្រជុំវិសាមញ្ញមួយស្រដៀងគ្នានេះដែរ ដើម្បីពិចារណាការលាលែងពីប្រធានរដ្ឋវៀតណាមលោក ង្វៀន សួនហ្វ៊ុក ។ លោក ហ្វ៊ុក បានលាលែងពីតំណែងក្រោមហេតុផលថា លោកបានទទួលខុសត្រូវផ្នែកនយោបាយរបស់មេដឹកនាំ នៅពេលដែលមន្ត្រីជាច្រើន រួមទាំងឧបនាយករដ្ឋមន្ត្រី២រូប និងរដ្ឋមន្ត្រី៣រូបបានប្រព្រឹត្តិល្មើសច្បាប់ ។
បន្ទាប់មក លោក វ៉ វ៉ាន់ ធឿង មានអាយុ ៥៣ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីជំនួសលោក ហ្វ៊ុក ចាប់ពីខែមីនា ឆ្នាំ២០២៣។
នៅវៀតណាម តំណែងប្រធានាធិបតី មិនមានអំណាចឡើយ ប៉ុន្តែជាមន្រ្តីចតុស្តម្ភជាមួយអគ្គលេខាធិការបក្ស នាយករដ្ឋមន្រ្តី និងប្រធានសភា៕