បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ីបង្ហាញលទ្ធផលបោះឆ្នោត ដែលលោកវ្ល៉ាឌីមៀ ពូទីន បានឈ្នះភ្លូកទឹកភ្លូកដី នៅថ្ងៃទី១៨ ខែមីនា បណ្តាប្រទេសលោកខាងលិច បានចេញមុខរិះគន់ជាបន្តបន្ទាប់ ហើយចាត់ទុកថាគ្មានប្រជាធិបតេយ្យថែមទៀត។ យ៉ាងណាមិញ បណ្តាប្រទេសអាស៊ីដូចជាចិន កូរ៉េខាងជើង និងឥណ្ឌាជាដើម បានអបអរជ័យជម្នះលោកពូទីន ហើយប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយរដ្ឋាភិបាលក្រុងមូស្គូ។
គណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ី នៅថ្ងៃទី១៨ ខែមីនា បានប្រកាសជ័យជម្នះរបស់លោកវ្ល៉ាឌីមៀ ពូទីន ដ៏ច្រើនលើសលុប ពោលគឺមានការគាំទ្ររហូតដល់៨៧,៣២ភាគរយ ក្នុងការបោះឆ្នោតប្រធានាធិបតីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា។ នេះជាសំឡេងគាំទ្រដ៏ច្រើនលើសលុប ចាប់តាំងពីសហភាពសូវៀតដួលរលំមក។
ក្រោយលោកពូទីនទទួលបានការគាំទ្រដ៏ច្រើន ដោយគ្មានសំឡេងប្រឆាំងដ៏សំខាន់ រដ្ឋមន្រ្តីការបរទេសបណ្តាប្រទេសលោកខាងលិច ក្នុងកិច្ចប្រជុំនៅក្រុងព្រុចសែល បែលហ្ស៉ិក បានរិះគន់យ៉ាងខ្លាំង ហើយចាត់ទុកថាគ្មានភាពសេរី និងប្រជាធិបតេយ្យ។
«ការបោះឆ្នោតរុស្ស៊ី ជាការបោះឆ្នោតដែលមិនផ្តល់ជម្រើស»។ លោកស្រី Annalena Baerbock រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបញ្ជាក់បែបនេះ នៅក្នុងពេលចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុប ក្នុងថ្ងៃទី១៨ ខែមីនា។ ទន្ទឹមនេះ សមភាគីបារាំង លោក Stephane Sejourne ដែលបានហៅការបោះឆ្នោតប្រដូចនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បានអះអាងថា លក្ខខណ្ឌប្រជាធិបតេយ្យ សេរី និងពហុបក្ស មិនត្រូវបានអនុវត្តនៅរុស្ស៊ីនោះឡើយ។
ក្នុងកិច្ចប្រជុំដដែលនោះ លោក David Cameron រដ្ឋមន្រ្តីការបរទេសអង់គ្លេស បានយល់ឃើញថា លទ្ធផលនៃការបោះឆ្នោតរុស្ស៊ី បានបង្ហាញយ៉ាងច្បាស់ពីការបង្រ្កាបយ៉ាងខ្លាំងនៅក្នុងប្រទេសមួយនេះ។ បើតាមអតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោកពូទីន បានចាប់ខ្លួនអ្នកប្រឆាំង គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយថែមទាំងរៀបចំឱ្យខ្លួនឯងកាន់តំណែងសម្រាប់អាណត្តិបន្តថែមទៀត។
ការអះអាងរបស់ប្រមុខការទូតអង់គ្លេសបែបនេះ គឺសំដៅដល់លោក Alexei Navalny អ្នកនយោបាយ និងអ្នកប្រឆាំងវិមានក្រេមឡាំងដ៏ចម្បង ដែលត្រូវបានដាក់ពន្ធនាគារនៅតំបន់អាក់ទិក។ ក្នុងឆ្នាំ២០២៤ លោក Navalny បានទទួលមរណភាពក្នុងអំឡុងពេលជាប់ឃុំ។
ទន្ទឹមនេះ បារាំង អង់គ្លេស និងបណ្តាប្រទេសផ្សេងទៀត ក៏បានថ្កោលទោសរុស្ស៊ី ពាក់ព័ន្ធការរៀបចំបោះឆ្នោតនៅក្នុងដែនដីអ៊ុយក្រែន ដែលទើបវាយដណ្តើមបានក្នុងអំឡុងពេលសង្រ្គាមចាប់ផ្តើមឆ្នាំ២០២២ផងដែរ។
ទោះមានការរិះគន់ពីបណ្តាប្រទេសអឺរ៉ុប មេដឹកនាំបណ្តាប្រទេសអាស៊ីគ្រាក់ៗនៅតែគាំទ្រ អបអរ និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងជាមួយលោកពូទីន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua លោកប្រធានាធិបតីចិន ស៊ី ជិនភីង បានចាត់ទុកជ័យជម្នះរបស់លោកពូទីន នឹងជួយឱ្យរុស្ស៊ីសម្រេចបានការអភិវឌ្ឍ និងការស្ថាបនាជាតិ។ រុស្ស៊ី និងចិន នៅក្នុងឆ្នាំ២០២២ បានឯកភាពដំឡើងភាពជាដៃគូគ្មានដែនកំណត់ ដើម្បីបន្តរឹតចំណងទំនាក់ទំនងទ្វេភាគី មុនក្រុងមូស្គូឈ្លានពានក្រុងកៀវ។
ដោយឡែក លោក នារិន្ទ្រា ម៉ូឌី ប្រមុខរដ្ឋាភិបាលឥណ្ឌា បានប្រកាសថា រដ្ឋាភិបាលក្រុងញូវដែលី នឹងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត និងពិសេសជាមួយរុស្ស៊ី។ ចិន ឥណ្ឌា និងរុស្ស៊ី សុទ្ធតែជាសមាជិកក្រុមប្រទេស BRICS។
ស្របគ្នានេះ កូរ៉េខាងជើង និងអ៊ីរ៉ង់ បានអបអរលោកពូទីន ដែលបានជាប់ឆ្នោតជាថ្មី ហើយបានបញ្ជាក់ពីក្តីប្រាថ្នាក្នុងការពង្រីកទំហំទំនាក់ទំនងទ្វេភាគីថែមទៀត។ កូរ៉េខាងជើង និងអ៊ីរ៉ង់ សុទ្ធតែត្រូវបានប្រទេសលោកខាងលិចចោទថា បានផ្គត់ផ្គង់អាវុធទៅរុស្ស៊ី ដើម្បីបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន ក្នុងនោះមានដូចជាគ្រាប់រំសេវ និងដ្រូនជាដើម។
ទន្ទឹមនឹងបណ្តាប្រទេសផ្សេងទៀត ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានក៏បានអបអរលោកពូទីនដែរ ហើយសន្យាបន្តកិច្ចសហប្រតិបត្តិការលើក្រុមប្រទេសផលិតប្រេង OPEC+៕