អន្តរជាតិ
វៀតណាមផ្តល់រថយន្ត និងម៉ូតូ ៥០គ្រឿងដល់ឡាវសម្រាប់រៀបចំកិច្ចប្រជុំអាស៊ាន
19, Mar 2024 , 7:29 pm        
រូបភាព
កម្មវិធីប្រគល់ម៉ូតូ និងរថយន្តរបស់វៀតណាមទៅឱ្យឡាវ នៅថ្ងៃទី១៨ ខែមីនា។ រូបភាព VNA
កម្មវិធីប្រគល់ម៉ូតូ និងរថយន្តរបស់វៀតណាមទៅឱ្យឡាវ នៅថ្ងៃទី១៨ ខែមីនា។ រូបភាព VNA
វៀតណាម នៅថ្ងៃទី១៨ ខែមីនា បានប្រគល់រថយន្ត និងម៉ូតូ ៥០គ្រឿងដល់ឡាវ ដើម្បីជួយសម្រួលការងារផ្សេងៗ ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំអាស៊ាន។ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសន្តិសុខសាធារណៈឡាវ លោក Vilay Lakhamphong បានអរគុណចំពោះជំនួយមិត្តដ៏ជិតស្និទ្ធវៀតណាម ហើយថែមទៀតប្តេជ្ញាបន្តមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

 
ក្នុងកម្មវិធីនៅទីក្រុងវៀងចន្ទន៍ ដែលជាផ្នែកមួយនៃជំនួយរបស់រដ្ឋាភិបាលវៀតណាមសម្រាប់ឡាវក្នុងឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក Luong Tam Quang អនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈវៀតណាម បានប្រគល់រថយន្តចំនួន២០ គ្រឿង និងម៉ូតូចំនួន ៣០គ្រឿង។ ក្នុងសុន្ទរកថានៅថ្ងៃទី១៨ ខែមីនា ឧត្តមសេនីយ៍ឯកវៀតណាម បានអះអាងថា ឡាវនឹងអាចប្រើប្រាស់រថយន្ត និងម៉ូតូទាំងនោះប្រកបដោយប្រសិទ្ធភាព។ 
 
ការប្រគល់រថយន្ត និងម៉ូតូរបស់វៀតណាមសម្រាប់ឡាវ ធ្វើឡើងដើម្បីជួយសម្រួល និងធានាសុវត្ថិភាពសម្រាប់កម្មវិធីផ្សេងៗ ដែលត្រូវបានរៀបចំក្នុងអំឡុងកិច្ចប្រជុំអាស៊ាន។ ឡាវជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២៤។ 
 
ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីសន្តិសុខសាធារណៈឡាវ លោក Vilay Lakhamphong បានសម្តែងការពេញចិត្តចំពោះជំនួយរបស់វៀតណាម ដែលធ្វើឡើងត្រូវតាមសមត្ថភាព និងតម្រូវការរបស់ឡាវ។ 
 
«នេះបានបង្ហាញពីមិត្តភាពដ៏អស្ចារ្យ ការសាមគ្គីដ៏ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបក្សទាំងពីរ»។ ឧបនាយករដ្ឋមន្រ្តីឡាវ បានសង្កត់ធ្ងន់បែបនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។
 
ក្នុងថ្ងៃដដែលរដ្ឋមន្រ្តីឡាវ បានបញ្ជាក់របស់អនុរដ្ឋមន្រ្តីវៀតណាមថា រដ្ឋាភិបាលក្រុងវៀងចន្ទន៍មានឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការបន្ថែមជាមួយវៀតណាម លើផ្នែកសន្តិសុខ ដើម្បីធានាថា ឡាវអាចរៀបចំ និងធានាសុវត្ថិភាពកិច្ចប្រជុំអន្តរជាតិសម្រេចទៅបាន។ ចំណែកលោក Luong Tam Quang បានប្តេជ្ញាវិញថា វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការជួយឡាវនៅគ្រប់កាលៈទេសៈទាំងអស់៕ 

Tag:
 វៀតណាម
  ឡាវ
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com