RFI
អន្តរជាតិ
ការសិក្សា៖ ព្រៃ​ជីវ​ចម្រុះសម្បូរបែប ​ធន់ខ្លាំង​នឹង​ការប្រែប្រួល​អាកាសធាតុ
19, Mar 2024 , 10:29 pm        
រូបភាព
ព្រៃមានដើមឈើច្រើនប្រភេទ និងជីវចម្រុះខ្លាំង ជាព្រៃធន់ខ្លាំងនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ
ព្រៃមានដើមឈើច្រើនប្រភេទ និងជីវចម្រុះខ្លាំង ជាព្រៃធន់ខ្លាំងនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុ
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ព្រៃ​មានដើមឈើ​ច្រើន​ប្រភេទ​​ និងជីវចម្រុះ​ខ្លាំង ជាព្រៃធន់​ខ្លាំង​នឹងផលវិបាក​នៃ​​ការ​ប្រែប្រួល​អាកាសធាតុ​ហើយ​ អាច​បំពេញ​តួនាទី​ជា​អ្នក​បឺត​ស្រូប​កាបូន​បាន​ល្អ​ទៀត។ នេះ​បើ​តាម​ការសិក្សា​ពីរ​ចេញផ្សាយ​នៅថ្ងៃ​ចន្ទទី ១៨​មីនា​២០២៤។ ការ​សិក្សា​ទី​មួយជា​របស់​អ្នក​ស្រាវជ្រាវ​នៅ​បារាំង​និងអាល្លឺម៉ង់ ​ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ Global Change Biology។ ឯទីពីរ ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​​ PNAS ជា​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រឈរ​ជើង​នៅ​​បារាំង​និង​ចិន។ ​

 
នៅពេល​ណា​ព្រៃ​មាន​ដើម​ឈើ​ច្រើន​ប្រភេទ​ដុះ​ចម្រុះ​គ្នាខ្លាំង​ ព្រៃ​នោះ​អាច​រក្សា​ប្រព័ន្ធ​អេកូសាស្ត្រ​បាន​យ៉ាង​ល្អ​ ដោយ​បង្កើត​ឱ្យ​មានធាតុ​អាកាសពិសេស​ជា​របស់​ព្រៃ​ផ្ទាល់​តែម្តង និង​មិនប្រែប្រួល​ទៅ​តាម​ការ​ប្តូរ​ផ្លាស់​អាកាសធាតុ​ទេ។ មាន​ន័យ​ថា ទោះ​បី​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង​ហួស​ហេតុ​​ក៏​ដោយ ក៏សីតុណ្ហភាពនៅ​ក្នុង​​ព្រៃមាន​ជីវ​ចម្រុះ​ខ្លាំង​មិន​សូវ​ក្តៅ​។ ផ្ទុយ​ទៅ​វិញ នៅពេល​មេឃចុះ​​ត្រជាក់​ខ្លាំង​ សីតុណ្ហភាព​ក៏​មិន​សូវ​ត្រជាក់​ដែរ​នៅ​ក្នុង​ព្រៃមាន​ដើម​ឈើ​ច្រើនប្រភេទ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​បរិស្ថាន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​បារាំង​លោក Stéphan Hättenschwiler ដែល​ចូល​រួមក្នុង​​ការសិក្សាទាំងពីរ។ ការ​សិក្សា​ទី​មួយជា​របស់​អ្នក​ស្រាវជ្រាវ​នៅ​បារាំង​និងអាល្លឺម៉ង់ ​ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ Global Change Biology។ ឯទីពីរ ចេញ​ផ្សាយ​នៅក្នុង​ទស្សនាវដ្តី​​ PNAS ជា​ការសិក្សារបស់​អ្នក​វិទ្យាសាស្ត្រ​នៅ​​បារាំង​និង​ចិន។ ​
 
តាម​រយៈ​ការ​សិក្សាដក​​ពិសោធន៍​ដោយផ្ទាល់នៅ​​ក្នុង​ព្រៃ​​ខុសៗ​គ្នា​ចំនួន​៥​កន្លែង ពី​ភាគ​ខាង​ជើង​ដល់​ភាគ​ខាង​ត្បូង​នៃប្រទេស​ចិន អ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញបន្ថែម​ទៀត​​ថា​ព្រៃ​មាន​ជីវ​ចម្រុះ​ច្រើន​​ មាន​ដើម​ឈើនិង​រុក្ខជាតិ​​ច្រើន​ប្រភេទ​ ធន់​ខ្លាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុណាស់។ ហើយ​​ព្រៃ​នោះ​នៅ​បន្ត​ធានា​ធ្វើ​បំប្លែង​ស្លឹក​ឈើ​ជ្រុះ​ ស្លឹក​ឈើងាប់​បាន និងកែច្នៃ​កាបូន​និង​អាហ្សូត​បាន​​យ៉ាង​ល្អ សូម្បី​តែ​ក្នុង​រយៈ​ពេល​មាន​ភាព​រាំង​ស្ងួតខ្លាំង។ ការ​បំប្លែង​ធ្វើ​ឱ្យ​ស្លឹក​ឈើ​រលួយ ដែល​ជា​ដំណើរការ​​ដ៏​ចាំបាច់​សម្រាប់ទ្រទ្រង់​​​ព្រៃ​ ត្រូវ​បាន​សម្រួល​បន្ថែម​ដោយ​ជីវ​ចម្រុះ​របស់​ព្រៃផង និង​ដោយ​វត្តមាន​របស់សត្វ​ល្អិត តូចៗ​ខ្លាំង​ចម្រុះ​ច្រើន​ប្រភេទរស់​ក្នុង​ដី។
 
តាម​រយៈ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ ​អ្នក​និពន្ធ​ចង់​​បង្ហើប​បង្ហាញ​ឱ្យ​ឃើញ​ថា​ជីវចម្រុះ​ជា​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុងការពារ​​ថែ​រក្សា​ប្រព័ន្ធ​អេកូ​សាស្ត្រ​ក្នុង​បរិបទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​​បច្ចុប្បន្ន។ សម្រាប់​លោក Stéphan Hättenschwiler គេ​ត្រូវ​តែ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ព្រៃ​មាន​លក្ខណៈ​ចម្រុះ​បំផុត។ មិន​ចាំបាច់​​អ្វី​ដែល​ត្រូវ​ទៅលឿន​និង​ដាំ​តែ​រុក្ខជាតិ​មួយ​ប្រភេទ​ សម្រាប់​ពង្រីកផ្ទៃ​ព្រៃ​ស្តុក​​កាបូនឱ្យ​​​ធំ​ឥតប្រយោជន៍​ទេ​។ ឥទ្ធិពល​អវិជ្ជមាន​​នៃ​ភាព​រាំង​ស្ងួត​​ក្តៅ​ហួត​ហែង​ខ្លាំង នឹង​ត្រូវ​លុប​បំពេញ​​ នៅ​ពេល​ណា​ព្រៃ​មាន​លក្ខណៈ​ចម្រុះ​ខ្លាំង​ សម្បូរ​ទៅ​ដើម​ឈើ​ប្លែកៗ​និង​ពពួកសត្វល្អិត​ក្រោម​ដីច្រើន៕

© រក្សាសិទ្ធិដោយ thmeythmey.com