កីឡាជាតិ
ជាតិ
NOCC ធ្វើការជាមួយម៉ារ៉ាតុនប៉េកាំង ដើម្បីទាញអ្នកចូលរួម ម៉ារ៉ាតុននៅកម្ពុជា
20, Mar 2024 , 7:59 am        
រូបភាព
រូបភាព៖ NOCC
រូបភាព៖ NOCC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យកម្មវិធីកីឡាម៉ារ៉ាតុននៅទឹកដីកម្ពុជា ទទួលបានការចូលរួមកាន់តែច្រើនថែមទៀត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ចិន ស្ថិតក្នុងគោលដៅនេះ ស្របពេល NOCC ចាប់ផ្តើមធ្វើការជាមួយម៉ារ៉ាតុនប៉េកាំងដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ដើម្បីទាញយកអ្នកចូលរួមមកកាន់កម្ពុជា។



នាសន្និសីទកាសែត ថ្ងៃទី១៨ ខែមីនា ស្ដីពីការប្រកាសទទួលចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន លើកទី៩ ឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ លោក វ៉ាត់ ចំរើន បានបង្ហាញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីឱ្យព្រឹត្តិការណ៍កីឡារត់ប្រណាំងម៉ារ៉ាតុនអន្តរជាតិ ទទួលបានគុណភាព និងការចូលរួមកាន់តែច្រើន។ យុទ្ធសាស្ត្រ៣ចំណុចដែលលោក វ៉ាត់ ចំរើន អះអាងថាត្រូវតែអនុវត្តន៍នោះ រួមមានទី១. ការផ្សព្វផ្សាយព័ត៌មាន ទី២. អ្នកឧបត្តម្ភ និងទី៣. ការទំនាក់ទនងការទូត ជាមួយប្រទេសជិតខាង និងប្រទេសធំៗផ្សេងទៀត។
 
ត្រង់ចំណុចទី១ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ អគ្គលេខាធិការ NOCC រៀបរាប់ថា អូឡាំពិកកម្ពុជាបានរៀបចំវេបសាយផ្លូវការរបស់ខ្លួនដែលមានឈ្មោះ olympiccabodia.com ឱ្យកាន់តែប្រសើរ ទំនើប និងសម្បូរបែបជាងមុន ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដែលចង់ដឹងព័ត៌មានពាក់ព័ន្ធនឹងកីឡានៅកម្ពុជា។
 
ចំណុចទី២ លោក វ៉ាត់ ចំរើន ស្នើឱ្យមានការចូលរួមពីវិស័យឯកជន ដែលមានទាំងក្រុមហ៊ុនផង សហការឧបត្តម្ភក្នុងព្រឹត្តិការណ៍កីឡានានា។ មានការចូលរួមឧបត្តម្ភច្រើន នឹងជួយដល់ការផ្សព្វផ្សាយ និងការរៀបចំកាន់តែមានគុណភាព។
 
សម្រាប់ចំណុចទី៣ NOCC នឹងធ្វើទំនាក់ទំនងសហប្រតិបត្តិការណ៍អន្តរជាតិការទូតជាមួយប្រទេសជិតខាង ជាពិសេសប្រទេសធំៗដូចជាចិនជាដើម ដើម្បីទាក់ទាងឱ្យពួកគេមកចូលរួម។ ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិន ក្នុងកម្មវិធីតាលីម៉ារ៉ាតុន និងប៉េកាំងម៉ារ៉ាតុន។ 
 
ដោយមើលឃើញថា ប៉េកាំងម៉ារ៉ាតុន ក្នុងប្រទេសចិន មានអ្នកចូលរួមរាប់ម៉ឺននាក់ លោករដ្ឋលេខាធិការក្រសួងអប់ យុវជន និងកីឡា រូបនេះ បានជួបពិភាក្សាជាមួយលោក វ៉ាង ផឹង លេខាទី១ស្ថានទូតចិនប្រចាំកម្ពុជា កន្លងទៅរួចមកហើយ ជុំវិញការធ្វើ MOU រវាង ប៉េកាំងម៉ារ៉ាតុន ជាមួយម៉ារ៉ាតុនអង្គរ និងកម្មវិធីរត់ប្រណាំងម៉ារ៉ាតុនផ្សេងៗទៀតនៅទឹកដីកម្ពុជា។ បើភាគីចិនយល់ព្រម កម្ពុជា នឹងទទួលបានអ្នកចូលរួមបន្ថែមរាប់ពាន់នាក់ទៀត។
 
«៣ចំណុចនេះសំខាន់ណាស់សម្រាប់បង្កើនការទាក់ទាញឱ្យមានការចូលរួមកាន់តែច្រើនក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុន»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន មុនលោកស្នើឱ្យចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗនៅខេត្តព្រះសីហនុ មុនពេលរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុន លើកទី៩ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដែលគ្រោងធ្វើនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤៕ 

Tag:
 NOCC
  ម៉ារ៉ាតុនព្រះសីហនុ
  ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com