សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សហភាពអឺរ៉ុបអនុម័តជំនួយបន្ថែមជាង ៥ពាន់លានដុល្លារដល់អ៊ុយក្រែន
20, Mar 2024 , 9:59 am        
រូបភាព
សហភាពអឺរ៉ុប (EU) បានអនុម័តជំនួយបន្ថែមជាង ៥ពាន់លានដុល្លារដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្ថែមទៀត ខណៈសភាអាមេរិកមិនទាន់អនុម័តកញ្ចប់ជំនួយ ៦០ ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែន។

 
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តជំនួយបន្ថែម ៥ពាន់លានអឺរ៉ូ (៥,៤៤ ពាន់លានដុល្លារ)នៅថ្ងៃទី ១៨ ខែមីនា ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន តាមរយៈមូលនិធិសន្តិភាពអឺរ៉ុប (EPF)។
 
ចំណាត់ការនេះ ធ្វើឡើងក្នុងបរិបទដែលទីក្រុងកៀវត្រូវការធនធានគាំទ្របន្ថែមទៀត ខណៈជម្លោះកំពុងបន្តអូសបន្លាយ ស្របពេលសភាអាម៉េរិកមិនទាន់បានអនុម័តកញ្ចប់ជំនួយ ៦០ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែន។
 
តាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប ជំនួយបន្ថែមរបស់សហភាពអឺរ៉ុបនឹងត្រូវប្រើប្រាស់ក្នុងការបណ្តុះបណ្តាល និងផ្តល់អាវុធដល់អ៊ុយក្រែន ព្រមទាំងផ្តល់សំណងដល់រដ្ឋសមាជិកដែលបានផ្តល់ជំនួយយោធាដល់ប្រទេសនេះ។
 
សេចក្តីថ្លែងការណ៍បាននិយាយថា ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន៥ ពាន់លានអឺរ៉ូនេះ ធ្វើឲ្យមូលនិធិ EPF របស់សហភាពអឺរ៉ុបកើនដល់ ១៧ពាន់លានអឺរ៉ូសម្រាប់រយៈពេល ២០២១-២០២៧។
 
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេស EU នាថ្ងៃទី ១៨ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ EU ក្នុងការបន្ថែមប្រាក់ចំនួន ៥ពាន់លានអឺរ៉ូសម្រាប់គាំទ្រប្រទេសនេះ ដោយចាត់ទុកថា នេះជាជំហានសំខាន់សម្រាប់អ៊ុយក្រែន។
 
នៅថ្ងៃដដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយថា អឺរ៉ុបត្រូវតែពង្រឹងសមត្ថភាពការពារជាតិ និងស្វ័យភាពរបស់ខ្លួន នៅពេលនិយាយអំពីការធានាសន្តិសុខទូទាំងប្លុក។
 
បើតាមលោក Michel អឺរ៉ុបចាំបាច់ត្រូវទទួលខុសត្រូវចំពោះសន្តិសុខផ្ទាល់ខ្លួន ហើយមិនគួរពឹងផ្អែកលើការគាំទ្រពីខាងក្រៅច្រើននោះទេ។ លោកបានអំពាវនាវឱ្យ EU បន្តរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ហើយបានអំពាវនាវឱ្យបណ្តាប្រទេសនៅក្នុងប្លុកដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគលើវិស័យការពារជាតិ៕​

Tag:
 សហភាពអឺរ៉ុប
  អ៊ុយក្រែន
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com