សង្គមអន្តរជាតិ​
អន្តរជាតិ
នូវែលសេឡង់ ហាមឃាត់ការលក់បារីអេឡិចត្រូនិកមួយទឹក​
20, Mar 2024 , 10:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអត្រាកុមារ និងយុវជនប្រើប្រាស់បារីអេឡិចត្រូនិកនៅថ្ងៃទី២០ ខែមីនា នូវែលសេឡង់បានសម្រេចហាមឃាត់បារីអេឡិចត្រូនិកមួយទឹក និងបង្កើនការពិន័យចំពោះអ្នកលក់បារីអេឡិចត្រូនិកដល់អ្នកអាយុក្រោម១៨ ឆ្នាំ។

 
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី២០ ខែមីនា រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់លោកស្រី Casey Costello បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការលក់បារីអេឡិចត្រូកមួយទឹក ជាពិសេសចំពោះអ្នកដែលលក់បារីដល់មនុស្សអាយុក្រោម ១៨ឆ្នាំត្រូវផាកពិន័យបង្កើនពី ១ម៉ឺនដុល្លារនូវែលសឡង់ទៅ ១០ម៉ឺនដុល្លារនូវែលសេឡង់ (៩២៥០ដុល្លារ ទៅ៩២៥០០ដុល្លារ)។ 
 
លើសពីនេះ រដ្ឋាភិបាលនូវែលសេឡង់បានចេញលក្ខខណ្ឌបន្ថែមសម្រាប់ហាងលក់រាយបារីអេឡិចត្រូនិក ដូចជាការរឹតបន្តឹងការដាក់តាំងទំនិញនៅលើមុខហាង ការបន្ថែមតម្រូវការលើបុគ្គលិក និងការដាក់វិធានការបន្ថែមនានា។
 
«វិធានការត្រួតពិនិត្យបារីអេឡិចត្រូនិកបន្ថែមនេះ នឹងជួយនូវែលសេឡង់កាត់បន្ថយអត្រាអ្នកប្រើប្រាស់ថ្នាំជក់ ដើម្បីសម្រេចបាននូវគោលដៅគ្មានផ្សែងតិចជាង ៥ភាគរយនៃចំនួនប្រជាជនដែលជក់បារីប្រចាំថ្ងៃនៅឆ្នាំ ២០២៥»។ នេះបើតាមវិទ្យុនូវែលសេឡង់ RNZ ដកស្រង់សម្តីលោកស្រី Casey Costello ។ 
 
ការរឹតបន្តឹងបារីអេឡិចត្រូនិកនេះ ធ្វើឡើងក្នុងបរិបទអត្រានៃការប្រើប្រាស់ដោយមនុស្សក្រោមអាយុ ១៨ឆ្នាំកំពុងកើនឡើង ដោយសារបារីទាំងនេះមានតម្លៃថោក និងងាយស្រួលប្រើប្រាស់។ ទោះបីជាបារីអេឡិចត្រូនិក បានរួមចំណែកកាត់បន្ថយអត្រានៃការជក់បារីនៅក្នុងប្រទេសនេះក៏ដោយ ប៉ុន្តែការកើនឡើងនៃចំនួនកុមារ និងយុវជនដែលប្រើប្រាស់បារីអេឡិចត្រូនិកបច្ចុប្បន្ន បានធ្វើឱ្យគ្រួសារ និងសាលារៀនមានការព្រួយបារម្ភ។
 
កាលពីឆ្នាំមុន រដ្ឋាភិបាលនូវែលសេឡង់ក៏បានចេញវិធានការមួយចំនួនដែរ ដើម្បីកាត់បន្ថយអត្រាកុមារប្រើប្រាស់បារីអេឡិចត្រូនិក ដូចជាការបង្ខំឱ្យបារីអេឡិចត្រូនិកមានថ្មអាចប្រើប្រាស់បានច្រើនដង, មិនអនុញ្ញាតឱ្យបើកហាងបារីអេឡិចត្រូនិកក្នុងចម្ងាយ ៣០០ម៉ែត្រពីសាលារៀន និងហាមឃាត់បារីអេឡិចត្រូនិកដែលមានសរសេរឈ្មោះរំលឹកពីអាហារដែលកុមារចូលចិត្តដូចជា ស្ករគ្រាប់ និងនំដូណាត់ផ្លែស្ត្របឺរីជាដើម៕ 

Tag:
 នូវែលសេឡង់
  បារីអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com