អន្តរជាតិ
កូរ៉េខាងត្បូង ត្រៀមជំនួយ៣១៣ពាន់​លាន​ដុល្លារសម្រាប់គម្រោងកាត់បន្ថយកាបូន
20, Mar 2024 , 8:29 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី ១៩ ខែមីនា បានសន្យាផ្ដល់ថវិកាចំនួន៣១៣ ពាន់លានដុល្លារក្នុងគោលនយោបាយហិរញ្ញប្បទានដល់គម្រោងទាំងឡាយណាដែលជួយដល់ការកាត់បន្ថយការបំភាយកាបូន និងជួយសម្រេចបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ចំនួន៤០ ភាគរយពីកម្រិតឆ្នាំ២០១៨ ត្រឹមឆ្នាំ២០៣០។

 
ផែនការបង្កើនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាល និងប្រធានធនាគារធំៗចំនួនប្រាំរបស់ប្រទេសដែលជាលទ្ធផលចេញជា សេចក្ដីថ្លែងការណ៍រួមគ្នាមួយ។ ក្នុងនោះរដ្ឋាភិបាលបានសម្គាល់ថា​ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ (Export-Import Bank of Korea) មូនិធិធានាឥណទានកូរ៉េ (Korean Guarantee Fund) Woori Bank និងKookmin Bank នឹងបង្កើតមូលនិធិថ្មីមួយដែលមានតម្លៃ ៦,៧ ពាន់លានដុល្លារសម្រាប់ការសាងសង់មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងថ្មី។
 
«បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកនៃការប្រែប្រួលអាកាសធាតុដែលយើងប្រឈមមុខនាពេលបច្ចុប្បន្ននេះទាមទារឱ្យមានសកម្មភាពជាបន្ទាន់ មិនត្រឹមតែលើកកម្ពស់ការប្រកួតប្រជែងរបស់ក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយផងដែរ»។ ប្រធានគណៈកម្មការសេវាកម្មហិរញ្ញវត្ថុ (FSC) លោក Kim Joo-hyun មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបែបនេះ។ 
 
លោក Kim បានបន្តថាតាមរយៈកិច្ចសហការខាងលើ រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងធនាគារដែលគ្រប់គ្រងដោយរដ្ឋ បានចាប់ផ្ដើមជំហានដ៏មានអត្ថន័យមួយឆ្ពោះទៅរកការដោះស្រាយវិបត្តិអាកាសធាតុ។
 
ក្នុងកិច្ចប្រជុំខាងលើ អ្នកចូលរួមមានសហប្រធានគណៈកម្មការប្រធានាធិបតីស្តីពីអព្យាក្រឹតភាពកាបូន និងកំណើនបៃតងលោកKim Sang-hyup និងព្រមទាំងរដ្ឋមន្ត្រីបរិស្ថានលោកស្រីHan Wha-jin នាយកប្រតិបត្តិមកពីធនាគារពាណិជ្ជកំពូលទាំងប្រាំ និងប្រធានស្ថាប័នហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ។
 
នៅឆ្នាំ ២០៣០ ស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋ ដូចជា KDB ធនាគារឧស្សាហកម្មនៃប្រទេសកូរ៉េ (Industrial Bank of Korea) និងធនាគារនាំចេញ-នាំចូលនៃប្រទេសកូរ៉េ នឹងត្រូវបានកំណត់ ដើម្បីផ្គត់ផ្គង់សរុបចំនួន ៣១៤,៥ពាន់លានដុល្លាររៀបចំសម្រាប់ការវិនិយោគលើរោងចក្រផលិតកាបូនទាប ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន និងការគាំទ្របច្ចេកវិទ្យា។ បរិមាណនៃការគាំទ្រផ្នែកហិរញ្ញវត្ថុនេះតំណាងឱ្យការកើនឡើង ៦៧ភាគរយ បើប្រៀបធៀបទៅនឹងប្រាំឆ្នាំចុងក្រោយនេះ។
 
FSC ព្យាករណ៍ថាវិធានការទាំងនេះនឹងនាំទៅដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៨៥,៩៧លានតោននៅឆ្នាំ ២០៣០។ ការកាត់បន្ថយនេះនឹងបំពេញបាន ២៩,៥ភាគរយ នៃគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ២៩១ លានតោន៕

Tag:
 កូរ៉េខាងត្បូង
  ឧស្ម័នកាបូន
© រក្សាសិទ្ធិដោយ thmeythmey.com