សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនពិន័យក្រុមហ៊ុនបុត្រសម្ព័ន្ធEvergrande ពីការបំប៉ោងចំណូល ៨០ពាន់លានដុល្លារ
20, Mar 2024 , 9:29 pm        
រូបភាព
អគារលំនៅឋានរបស់ Evergrande នៅណានជីង ។ រូបភាព ៖ AFP
អគារលំនៅឋានរបស់ Evergrande នៅណានជីង ។ រូបភាព ៖ AFP
ក្រុមហ៊ុន Hengda Real Estate ដែលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Evergrande ទើបតែត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់ចំនួន ៥៨០លានដុល្លារ ជុំវិញការបំប៉ោងប្រាក់ចំណូលជិត ៨០ពាន់លានដុល្លារ ក្នុងរយៈពេល ២ឆ្នាំមុនពេលជាប់បំណុលវ័ណ្ឌក។

 
គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) នៅថ្ងៃទី១៨ ខែមីនា ទើបតែបានប្រកាសពិន័យជាប្រាក់ចំនួន ៤,១៧៥ពាន់លានយ័ន (៥៨០លានដុល្លារ) ចំពោះក្រុមហ៊ុន Hengda Real Estate សម្រាប់ការបំប៉ោងប្រាក់ចំណូលប្រហែល ២១៤ពាន់លានយ័ន (២៩,៧ពាន់លានដុល្លារ) ក្នុងឆ្នាំ២០១៩ និង ៣៥០ពាន់លានយ័ន (៤៨,៦ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២០ នៅលើរបាយការណ៍​ប្រចាំឆ្នាំ។
 
តាម​​គណៈកម្មការនិយតកម្មមូលបត្រចិន ក្រុមហ៊ុន Hengda បានបំប៉ោងប្រាក់ចំណូល ដើម្បីទាក់ទាញវិនិយោគិនឱ្យទិញប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២០ និង ២០២១ ដែលមានតម្លៃ ២០​​​​​​​​,៨ពាន់លានយ័ន (២,៩ពាន់លានដុល្លារ) ដែលអាជ្ញាធរចាត់ទុកថាជាឧក្រិដ្ឋកម្មនៃការក្លែងបន្លំហិរញ្ញវត្ថុ។
 
ចំនួនទឹកប្រាក់បានកើនឡើងប្រមាណពាក់កណ្តាលនៃចំណូលសរុបរបស់ Hengda ក្នុងឆ្នាំ២០១៩ និង៧៩ភាគរយក្នុងឆ្នាំ ២០២០។ ទន្ទឹមនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនក៏កើនហួសប្រមាណ ៦៣ភាគរយនិង ៨៧ភាគរយរៀងគ្នាក្នុងរយៈពេលពីរឆ្នាំនោះ។
 
គណៈកម្មការនិយតកម្មមូលបត្រ បានចោទប្រកាន់ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Evergrande លោក Hui Ka Yan ថាបានបញ្ជាបុគ្គលិកឱ្យបំផ្លើសទិន្នន័យអាជីវកម្មរបស់ Hengda ក្នុងអំឡុងពេលពីរឆ្នាំនោះ។ បើតាម CSRC ប្រធាន Evergrande ត្រូវទទួលខុសត្រូវចំពោះការយឺតយ៉ាវក្នុងការចេញផ្សាយរបាយការណ៍ប្រាក់ចំណូលរបស់ Hengda និងការមិនបង្ហាញពីបំណុលដែលនៅសេសសល់ ព្រមទាំងពាក្យបណ្តឹងទៅក្រុមហ៊ុននាពេលកន្លងមក។
 
បន្ថែមពីការពិន័យចំពោះក្រុមហ៊ុន Hengda លោក Hui Ka Yan ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៤៧លានយ័ន (៦,៥លានដុល្លារ) ពីបទក្លែងបន្លំព័ត៌មាន និងការរំលោភបំពានផ្សេងៗទៀត។ លោកក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពទីផ្សារមូលធនអស់មួយជីវិត។ អតីតនាយកប្រតិបត្តិ Evergande លោក Xia Haijun និង CFO Pan Darong និងនាយកផ្សេងទៀតក៏ត្រូវបានពិន័យដោយនិយតករចិន និងហាមឃាត់ពីទីផ្សារមូលធនដែរ។
 
ធ្លាប់ជាមហាសេដ្ឋីទីពីរនៅអាស៊ីដែលមានទ្រព្យសម្បត្តិមានតម្លៃ ៤២ពាន់លានដុល្លារនៅកម្រិតកំពូលក្នុងឆ្នាំ២០១៧ ទ្រព្យសម្បត្តិរបស់លោក Hui Ka Yan បានធ្លាក់ចុះប្រហែល ១ពាន់លានដុល្លារបន្ទាប់ពី Evergrande ជំពាក់បំណុលគេនៅឆ្នាំ២០២១។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ ហើយទីបំផុតត្រូវបានផ្អាកការជួញដូរ។ ក្រុមហ៊ុន Evergrande ទទួលបានដីការំលាយទ្រព្យសម្បត្តិពីតុលាការហុងកុងក្នុងខែមករា ដែលជាការដួលរលំដ៏ធំបំផុតនៅក្នុងវិបត្តិអចលនទ្រព្យរយៈពេលបីឆ្នាំនៅចិន៕ 
 

Tag:
 Evergrande
  អចលនទ្រព្យ
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com