កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន ​ព្រមាន​ពលរដ្ឋ​ខ្លួនកុំ​ឱ្យទៅ​កូរ៉េខាងជើង​ ដើម្បីគាំទ្រក្រុមប្រកួត​​ជម្រុះ World Cup
20, Mar 2024 , 9:59 pm        
រូបភាព
រដ្ឋាភិបាលជប៉ុន បានព្រមានអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងការប្រកួតជម្រុះ FIFA World Cup ជុំទី៣ តំបន់អាស៊ី ដែលធ្វើឡើងទីក្រុងព្យុងយ៉ាង។



ក្រសួងការបរទេសក្រុងតូក្យូ នៅថ្ងៃទី២០ ខែមីនា ប្រាប់សាធារណជនទូទៅឱ្យបដិសេធ ចូលរួមក្នុងការប្រកួតនៅថ្ងៃទី២៦ ខែមីនា រវាងកូរ៉េខាងជើង និង ជប៉ុន ដែលជាលើកដំបូងសម្រាប់ក្រុមទាំងពីរដែលធ្វើឡើងនៅទឹកដីកូរ៉េខាងជើង គិតចាប់ពីឆ្នាំ ២០១១ មក។ 
 
មុនធ្វើដំណើរទៅក្រុងព្យុងយ៉ាង ជប៉ុន ត្រូវទទួល កូរ៉េខាងជើង សម្រាប់ជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ពូល B ក្នុងក្រុងតូក្យូ នៅថ្ងៃទី២១ ខែមីនា។
«ដូចដែលពលរដ្ឋទាំងអស់បានដឹងហើយថា កូរ៉េខាងជើងមានទស្សនៈជាអរិភាពចំពោះជប៉ុន ហើយការធ្វើដំណើរទៅកាន់ប្រទេសនេះ គួរបោះបង់ចោល»។ នេះបើតាមក្រសួងការបរទេសក្រុងតូក្យូ បានបង្ហោះនៅលើបណ្តាញសង្គម X។
 
នេះមិនមែនជាករណីថ្មីឡើយ រដ្ឋាភិបាលជប៉ុនតែងណែនាំពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅកូរ៉េខាងជើង ដោយបារម្ភពីសុវត្ថិភាព។ ម្យ៉ាងវិញទៀត ប្រទេសទាំងពីរ ក៏មិនមានទំនាក់ទំនងការទូតអ្វីឡើយ។
 
រហូតមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានច្បាស់ការណាមួយ ពីចំនួនអ្នកគាំទ្រជប៉ុនប៉ុន្មាននាក់នឹងព្យាយាមធ្វើដំណើរទៅកាន់កូរ៉េខាងជើង ដើម្បីគាំទ្រក្រុមសាំម៉ូរ៉ៃជប៉ុននោះឡើយ។ 
 
បើតាមការផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK ក្រៅពីសមាជិកក្រុមជម្រើសជាតិជប៉ុន និងបុគ្គលិក មានមន្ត្រីរដ្ឋាភិបាលចំនួន ១៤នាក់ផ្សេងទៀត រួមទាំងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផង នឹងអមដំណើរក្រុមទៅកាន់ក្រុងព្យុងយ៉ាង។
 
ឆ្លងកាត់ការប្រកួតវគ្គជម្រុះពូល B ចំនួន២លើក ជប៉ុន ឈរកំពូលតារាងមាន៦ពិន្ទុពេញ តាមពីក្រោយដោយកូរ៉េខាងជើង ដែលមាន៣ពិន្ទុ ស្មើស៊ីរី ដែលនៅលេខ៣។ មីយ៉ាន់ម៉ា ស្ថិតនៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។ មីយ៉ាន់ម៉ា ត្រូវទទួលស៊ីរី នៅថ្ងៃទី២១ ខែមីនា មុនត្រឡប់ទៅស៊ីរីវិញ នៅ៥ថ្ងៃបន្ទាប់៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com