អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃផ្អាកធ្វើទស្សនកិច្ចនៅបរទេស២ខែ ក្រោយរងការរិះគន់ទៅក្រៅប្រទេសញឹកពេក
22, Mar 2024 , 4:29 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ នៅថ្ងៃទី២២ ខែមីនា ប្រកាសផ្អាកធ្វើទស្សនកិច្ចនៅបរទេសរយៈពេល ២ខែ ដោយរាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ក្រោយមានពាក្យរិះគន់ថា លោកទៅក្រៅប្រទេសញឹកតែមិនមានលទ្ធផលអ្វី។ ជំនួសមកវិញ មេដឹកនាំថៃ នឹងផ្តោតលើកិច្ចការក្នុងស្រុកវិញ។

 
ចាប់តាំងពីកាន់តំណែងជានាយករដ្ឋមន្រ្តីប្រមាណ ៦ខែ លោកសេដ្ឋា ថាវីស៊ីន បានបំពេញទស្សនកិច្ចនៅបរទេសរហូតដល់១៥ប្រទេស ដោយប្រទេសដំបូងគេជាកម្ពុជា។ ទស្សនកិច្ចនៅក្រៅប្រទេសដ៏ញឹកញាប់បែបនេះ ត្រូវបានលោក Sorakol Adulyanont សរសេររិះគន់លើកាសែត Prachachart Thurakij។ 
 
លោក Sorakol Adulyanont បានជំរុញឱ្យលោកសេដ្ឋាផ្តោតលើបញ្ហាក្នុងស្រុក និងទៅពិនិត្យចំណតរថយន្តក្រុង ឬការធ្វើប្រតិបត្តិការនៅកន្លែងពន្លត់អគ្គិភ័យ ក្នុងតំបន់ភាគខាងជើងដែលកំពុងរងគ្រោះដោយសារខ្យល់ពុល។ ស្មេររូបនេះ ក៏បានស្រង់សម្តីលោក សេដ្ឋា កន្លងមកថា មេដឹកនាំត្រូវតែស្តាប់គំនិតរបស់ប្រជាជន បើទោះគំនិតទាំងនោះ លោកមិនចង់លឺក៏ដោយ»។ 
 
ក្រោយការរិះគន់បែបនេះ លោកសេដ្ឋា បានប្រកាសផ្អាកធ្វើទស្សនកិច្ចនៅបរទេសរយៈពេល ២ខែ នៅលើគណនី X របស់ខ្លួន ក្នុងថ្ងៃទី២២ ខែមីនា។ 
 
«ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១៥ ខែឧសភា ខ្ញុំនឹងមិនធ្វើដំណើរទៅបរទេសឡើយ»។ នាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់បែបនេះ ដោយប្រាប់ពីគម្រោងទស្សនកិច្ចនៅចំណតរថយន្តក្រុង Mor Chit ក្នុងក្រុងបាងកក ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រជាជនមានចំណូលទាប។ 
 
សូម្បីតែសមាជិកព្រឹទ្ធសភា លោក Somchai Sawangkarn បានរិះគន់មេដឹកនាំថៃ ដែលបានបំពេញទស្សនកិច្ចជាញឹកញាប់ ហើយចាត់ទុកជាមេដឹកនាំថៃ ដែលបានបំពេញទស្សនកិច្ចនៅបរទេសញឹកញាប់ជាគេបំផុត។ លោក សេដ្ឋា ការពារដំណើរទស្សនកិច្ចរបស់ខ្លួននៅបរទេសថា មានងគោលបំណងបម្រើឱ្យផលប្រយោជន៍របស់ជាតិប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
កន្លងមក នាយករដ្ឋមន្រ្តីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជា, ជប៉ុន, អូស្រ្តាលី, បារាំង និងអាល្លឺម៉ង់ជាដើម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនង៕  

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com