RFI
អន្តរជាតិ
អូស្ត្រាលីនិងអង់គ្លេសសហការគ្នាសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រូបភាពគំរូ នៃ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលត្រូវផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems និងក្រុមហ៊ុនសាធារណៈអូស្ត្រាលី ASE។ © Photo: Business Wire
×
ដោយ៖ហេង ឧត្តម /RFI
អូស្ត្រាលី ប្រកាសអំពីកិច្ចសហការជាមួយអង់គ្លេស ក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ការប្រកាសនេះ ធ្វើឡើងក្រោយរយៈពេល ២ឆ្នាំកន្លះ បន្ទាប់ពី អូស្ត្រាលី ផ្តាច់កិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់ក្រុមហ៊ុនបារាំង ដើម្បីទៅទិញនាវាមុជទឹករបស់សហរដ្ឋអាមេរិកនិងអង់គ្លេស ក្នុងសម្ព័ន្ធមិត្តត្រីភាគី AUKUS។ អូស្ត្រាលី ប្រឹងបង្កើននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងកាលៈទេសៈដែលត្រូវទប់ទល់ឥទ្ធិពលមហាយក្សចិន នៅអាស៊ី។
នៅទីក្រុងកង់បេរ៉ា អូស្ត្រាលីនិងអង់គ្លេសបានចុះកិច្ចព្រមព្រៀងសហការវិស័យការពារជាតិនិងសន្តិសុខ។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ទី២១មីនា អនុញ្ញាតឲ្យប្រទេសសម្ព័ន្ធមិត្តទាំងពីរ បោះមូលដ្ឋានទ័ពយោធានៅលើទឹកដីគ្នាទៅវិញទៅមក ហើយនិងសន្យាចូលរួមជួយច្បាំងគ្នា ប្រសិនបើប្រទេសណា ត្រូវរងការគំរាមកំហែងដល់សន្តិសុខ និងត្រូវបំពានដែនអធិបតេយ្យភាព ពីសំណាក់ប្រទេសសត្រូវដទៃ។ ក្នុងឱកាសនេះ ក្រសួងការពារជាតិ ក៏ប្រកាសដែរ ពីកិច្ចសហការជាមួយអង់គ្លេស ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ផលិតដោយក្រុមហ៊ុនអង់គ្លេស BAE Systems និងក្រុមហ៊ុនសាធារណៈអូស្ត្រាលី ASE។
ចំពោះរឿងនាវាមុជទឹកនេះ នៅកញ្ញាឆ្នាំ២០២១អូស្ត្រាលីបានផ្តាច់កិច្ចសន្យាពីបារាំង ដោយគ្មានជូនដំណឹងជាមុន និងធ្វើឲ្យបារាំងខឹងខ្លាំង បង្កទំនាស់ផ្លូវទូតទៀតផង។ ជាច្រើនខែក្រោយមក អូស្ត្រាលី បានសុំទោសបារាំង និងសន្យាសងជំងឺចិត្ត ដោយបង់លុយឲ្យក្រុមហ៊ុនបារាំង Naval Group ចំនួន ៥៥៥លានអឺរ៉ូ ដើម្បីបិទបញ្ចប់រឿងរ៉ាវ។ អូស្ត្រាលី ទៅស្រវាយក សហរដ្ឋអាមេរិក និងអង់គ្លេស ដែលជា សម្ព័ន្ធត្រីភាគី AUKUS ដើម្បីសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
ក្នុងគម្រោងនេះ អូស្ត្រាលី ត្រូវចម្ងាយថវិកា រហូតដល់ ២៤០ ពាន់លានដុល្លារ ក្នុងរយៈពេល ៣០ ឆ្នាំ។ ថ្នាក់ដឹកនាំអូស្ត្រាលី បានឲ្យដឹងនៅព្រហស្បតិ៍ ថា គេចាំបាច់ត្រូវប្រមូលក្រុមអ្នកជំនាញបច្ចេកទេស និងកម្មករ ប្រមាណ ២ ម៉ឺននាក់ ដើម្បីសាងសង់ និងដែលអាចត្រូវការពេល ១៥ ឆ្នាំឯណោះ។ បើគោរពតាមពេលវេលានេះ ហើយបើគ្មានអ្វីប្រែប្រួលធំដុំទេ អង់គ្លេសត្រូវប្រគល់នាវាមុខទឹក ចំនួន ៣ គ្រឿងឲ្យអូស្ត្រាលី ចាប់ពីឆ្នាំ២០៤០។ ចំណែក សហរដ្ឋអាមេរិក ត្រូវប្រគល់នាវាមុខទឹក ចំនួន ៣ គ្រឿងឲ្យអូស្រ្តាលី នៅឆ្នាំ២០៣០។
អូស្ត្រាលី ចំបាច់ត្រូវប្រឹងបង្កើននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងកាលៈទេសៈដែលត្រូវទប់ទល់នឹងការពង្រឹកដែនឥទ្ធិពល របស់ ចិន នៅអាស៊ី។ តែនៅលើសម្តីផ្លូវការ រដ្ឋមន្ត្រីការការពារជាតិអូស្ត្រាលី បានលើកឡើងពីសេរីភាពនាវាចរណ៍នៅសមុទ្រអន្តរជាតិ ដូចជាសមុទ្រក្រហម ហើយអូស្ត្រាលីក៏ចង់ឃើញនិងចង់ឲ្យមានសេរីភាពនាវាចរណ៍ដែរ នៅដែនសមុទ្រអាស៊ីប៉ាស៊ីហ្វិក ។
កាលពីឆ្នាំទៅមិញនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡាវ្រូវ ធ្លាប់បានថ្លែងសម្តីវាយប្រហារចាស់ដៃលើ កិច្ចព្រមព្រៀងស្តីពីការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាង អូស្រា្តលី អង់គ្លេស និងអាមេរិក។ ប្រមុខការទូតរុស្ស៊ី យល់ថា អ្វីដែលសម្ព័ន្ធ AUKUS បានធ្វើនេះ ជាជម្រើសដើរផ្លូវខុស និងប្រកបដោយគ្រោះថ្នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com