អន្តរជាតិ
តើច្បាប់ការពារសន្តិសុខជាតិថ្មីហុងកុងប៉ះពាល់បែបណាដល់សារព័ត៌មាន?
25, Mar 2024 , 11:09 am        
រូបភាព
ប្រជាជនហុងកុង បាតុកម្មនៅមុខស្ថានកុងស៊ុលចិន ក្នុងក្រុងLos Angeles ពាក់ព័ន្ធច្បាប់សន្តិសុខជាតិ។ រូបភាព AFP
ប្រជាជនហុងកុង បាតុកម្មនៅមុខស្ថានកុងស៊ុលចិន ក្នុងក្រុងLos Angeles ពាក់ព័ន្ធច្បាប់សន្តិសុខជាតិ។ រូបភាព AFP
ច្បាប់ការពារសន្តិសុខជាតិថ្មីហុងកុង​ (The Safeguarding National Security Ordinance)​ បានចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា ដែលបង្កឱ្យការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការរឹតបន្តឹងយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតលើសិទ្ធិសេរីភាព ការបញ្ចេញមតិរបស់បុគ្គល និងព្រមទាំងផ្នែកសារព័ត៌មាន​ និងប្រព័ន្ធផ្សព្វផ្សាយ។ តើច្បាប់ថ្មីនេះ មានការដាក់សម្ពាធបែបណាទៅកាន់បណ្ដាញផ្សព្វផ្សាយ?

 
ច្បាប់សន្តិសុខជាតិរបស់ហុងកុង ដើរតាមមាត្រា២៣​នៃរដ្ឋធម្មនុញ្ញហុងកុង បានចែងថា ហុងកុងគួរតែត្រូវតាក់តែងច្បាប់ដោយខ្លួនឯងដើម្បីហាមឃាត់បទល្មើសទាក់ទងនឹងសន្តិសុខជាតិទាំង៧។ កន្លងមក មាត្រានេះមិនត្រូវបានតាក់តែងចេញជាច្បាប់ណាមួយនោះឡើយ ដោយសារមានបាតុកម្មដ៏ធំនៅក្នុងឆ្នាំ២០០៣ និងឆ្នាំ២០១៩ជាដើម។ 
 
យ៉ាងណាក៏ដោយ​ ការប៉ុនប៉ងក្នុងឆ្នាំ២០២៤​នេះ ត្រូវបានសម្រេច​ដោយរលូន ដោយសារសភាហុងកុងលែងមានសំឡេងប្រឆាំងខ្លាំងក្លាទៀត។ 
 
ចំណុចធំបំផុតនៃភាពខុសគ្នារវាងច្បាប់ដែលមានស្រាប់ និងច្បាប់ថ្មីនេះគឺវិសាលភាពធំដែល អាចក្ដោបលើបទល្មើសច្រើនជាងមុន។​  ច្បាប់ដែលដាក់ដោយផ្ទាល់ដោយចិនដីគោកនៅឆ្នាំ២០២០ រួមបញ្ចូលបទបញ្ញាត្តិ៤​រួមមាន​ ការបំបែកខ្លួន ការផ្តួលរបបគ្រប់គ្រងរដ្ឋ សកម្មភាពភេរវកម្ម និងការគប់គិតដោយសម្ងាត់ជាមួយបរទេសដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ​។
 
ឯច្បាប់ថ្មីចេញដែលបង្កើតឡើងដោយរដ្ឋភិបាលហុងកុង បានរួមបញ្ចូល​ ការក្បត់ជាតិ ការបះបោរដោយអំពើហិង្សា ការលួចព័ត៌មានសម្ងាត់របស់រដ្ឋ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រួមទាំងប្រព័ន្ធកុំព្យូទ័រ និងការលូកដៃចូល រឿងក្នុងស្រុកដោយ​អ្នកខាងក្រៅ។
 
ទន្ទឹមនឹងនេះ ទណ្ឌកម្ម ក្រោមបទបញ្ញាត្តិថ្មីមានរយៈពេលយូរជាងមុន ដែលមានចាប់តាំងពី ១០ឆ្នាំ​ ២០ឆ្នាំ និង​ ជាប់ពន្ធនាគារ​មួយជីវិត ខណៈរដ្ឋាភិបាល អាជ្ញាធរ និងប៉ូលិសមានសិទ្ធិអំណាចក្នុងការ សម្រេចច្រើនជាងមុនផងដែរ។ 
 
ប្រធានក្លិបអ្នកកាសែតបរទេសហុងកុង (FCCHK) លោក Ronson Chan បាន និយាយកាលពីខែកុម្ភៈថា ច្រើនជាង ៧៥ ភាគរយនៃអ្នកកាសែតដែលចូលរួមក្នុងការស្ទង់មតិដោយសមាគមអ្នកកាសែតហុងកុង (HKJA) មើលឃើញពីការគាបសង្កត់នៃច្បាប់ថ្មីលើសិទ្ធិសេរីភាពសារព័ត៌មាន។
 
គណកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) នៅថ្ងៃទី២២ ខែមីនាបានចេញសេចក្ដីថ្លែងការណ៍រួមជាមួយស្ថាប័នចំនួន​​ ១៤៤ ផ្សេងទៀតដើម្បីប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មី ព្រោះមើលឃើញពីការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន។​ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ច្បាប់ខាងលើ អាចធ្វើឱ្យផ្នែកសារព័ត៌មានកាន់តែប្រថុយប្រថាន និងបង្កើនការឃ្លាំមើលដោយរដ្ឋ។
 
សេចក្ដីថ្លែងការណ៍ដដែល សរសេរថា ច្បាប់សន្តិសុខជាតិ នឹងប៉ះពាល់ដល់មនុស្សជាច្រើននាក់ ដែលមិនធ្លាប់មានពីមុនមក។ ឧទាហរណ៍មាត្រា៤១ នៃច្បាប់សន្តិសុខជាតិ  បានកំណត់ឧក្រិដ្ឋកម្មនៃចារកម្មត្រូវបានអនុវត្តចំពោះអ្នកដែលមានចេតនាធ្វើឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដូចជាអ្នកដែលទទួលបាន អ្នកប្រមូលមានព័ត៌មាន និងអ្នកមានព័ត៌មានដែលផ្ដល់ប្រយោជន៍ដោយផ្ទាល់ ឬដោយប្រយោលចំពោះកម្លាំងខាងក្រៅជាដើម។ 
 
ការចែងបែបនេះធ្វើឱ្យការរាយការណ៍ព័ត៌មាន ឬទិន្នន័យដែលទទួលបានពីមន្ត្រី ឬអាជ្ញាធរ​ ក្នុងផ្នែកណាមួយចាប់តាំងពីសេដ្ឋកិច្ច សង្គមកិច្ច ជាដើម ក៏អាចធ្លាក់ចូលក្នុងបទល្មើសបានដែរ។ 
 
លើសពីនេះ អ្នកសារព័ត៌មានក្រៅប្រទេសដែលត្រូវបានមើលឃើញថា ការសរសេរ ឬចេញផ្សាយ ក្នុងទម្រង់ណាមួយដែលមានការបំផុសបំផុលប្រឆាំងនឹងរដ្ឋាភិបាលហុងកុង ត្រូវប្រឈមមុខនឹងច្បាប់នេះ ប្រសិនជាបុគ្គលនោះទៅដល់ទឹកដីហុងកុង។
 
ក្រុមហ៊ុន Eurasia Group បាននិយាយថា បណ្តាញព័ត៌មានដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាម៉េរិក វិទ្យុអាស៊ីសេរី អាចក្លាយជាគោលដៅកំពូល ហើយអាចដកប្រតិបត្តិការរបស់ខ្លួនចេញ ពីទីក្រុងហុងកុងក្នុងពេលឆាប់ៗនេះបន្ទាប់ពីមានការអនុម័តច្បាប់។ បន្ថែមពីនេះក្រុមហ៊ុន ផ្សព្វផ្សាយណាដែលព្យាយាមបញ្ចុះបញ្ចូលឱ្យ​បរទេសឱ្យដាក់សម្ពាធលើរដ្ឋាភិបាលហុងកុង ក៏គេចមិនផុតដែរ។ 
 
យ៉ាងណាមិញ រដ្ឋមន្ត្រីសន្តិសុខហុងកុង លោក Chris Tang អះអាងថា ច្បាប់ថ្មីខាងលើមិនបាន កំណត់គោលដៅលើប្រព័ន្ធផ្សព្វផ្សាយនោះឡើយ ដោយលោកសម្គាល់ថា អ្នកកាសែតនឹងមិនមានទោសពៃរ៍នោះទេ ប្រសិនបើពួកគេរាយការណ៍អំពីព័ត៌មានរដ្ឋណាមួយដែលលេចធ្លាយដោយមន្ត្រី។ ផ្ទុយទៅវិញ មន្រ្តីរដ្ឋាភិបាលនោះទេ ដែលបំពានច្បាប់សន្តិសុខជាតិ។ 
 
លោក Tang បានកត់សម្គាល់ថា លក្ខណៈវិនិច្ឆ័យសម្រាប់ការផ្ដន្ទាទោសយោងតាម៣ចំណុច ដោយទី១ គឺព័ត៌មានដែលទទួលបាននោះស្ថិតក្រោមព្រំដែននៃបទល្មើសទាំង៧នៃច្បាប់, ទី២ គឺសិទ្ធិអំណាចដោយសមហេតុសមផលក្នុងការបង្ហាញព័ត៌មាននោះ និងទី៣គឺភាពដែល ព័ត៌មាននោះអាចបង្កជាផលប៉ះពាល់ដល់សន្តិសុខជាតិ។ 
 
គួរបញ្ជាក់ថា ស្ថានភាពសេរីភាពសារព័ត៌មានសភារឹតត្បឹតរួចស្រេចមកហើយ ដោយអ្នកកាសែតត្រូវបានចាប់ខ្លួន ចាប់ដាក់ពន្ធនាគារ និងគំរាមកំហែងជាមួយនឹងច្បាប់២០២០។ ការណ៍នេះ​មាត្រា ច្បាប់សន្តិសុខជាតិថ្មី​ ទំនងជានឹងបិទផ្លូវបន្ថែមមួយកម្រិតទៀត ហើយក៏ជាការខិតមួយ ជំហានទៀតទៅរកការរឹតបន្តឹងសេរីភាពសារព័ត៌មានស្រដៀងនឹងចិនដីគោក៕

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com